ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋក្នុងភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ​រួម​គ្នា​ផលិត«​​អំបុកលីងសន្តិភាព»​ដ៏​ឈ្ងុយ​ឆ្ងាញ់ ​យក​​ជូន​​វី​រៈ​កងទ័ព​

3 ម៉ោង មុន
  • ភ្នំពេញ

ខេត្ត​សៀម​រា​ប ៖ លោក គង់ ប៊ិ​ប ដឹកនាំ ពល រដ្ឋ​នៅ សង្កាត់​ជ្រាវ ក្រុង​សៀមរាប…

ខេត្ត​សៀម​រា​ប ៖ លោក គង់ ប៊ិ​ប ដឹកនាំ ពល រដ្ឋ​នៅ សង្កាត់​ជ្រាវ ក្រុង​សៀមរាប រួម​គ្នា ផលិត អំបុក​សន្ដិភាព ផ្ដល់​ជូន​វី​រៈ​កងទ័ព​ជួរ​មុខ ខណៈ​ដែល​វីរ​កងទ័ព​កំពុង​ការពារ​ទឹកដី​ពី​ចោរ​ឈ្លានពាន​សៀម ដូច្នេះ​ប្រជាពលរដ្ឋ​ជួរ​ក្រោយ​ជា​ច្រើន​កុះករ នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប បាន​រួម​គ្នា​ផលិត​អំបុក​ស្ងួត​លាយ​ជាមួយ​គ្រឿង​ដ៏​ឈ្ងុយ​ឆ្ងាញ់ ត្រៀម​យក​ទៅ​ចែក​ជូន​វី​រៈ​កងទ័ព​នៅ​ជួរ​មុខ​។​

ការ​ផលិត​អំបុក​ស្ងួត​នេះ បាន​ធ្វើ​ឡើងជា​រៀងរាល់ថ្ងៃ ដោយ​ចាប់ផ្ដើម​តាំងពី ថ្ងៃ​ទី​៨ ខែធ្នូ​ឆ្នាំ​២០២៥ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​។

លោក គង់ ប៊ឹ​ប តំណាង​ប្រជាពលរដ្ឋ ក្នុងភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប បាន​មាន ប្រសាសន៍​ថា ការ​ផលិត​អំបុក​ស្ងួត​នេះ មាន ឈ្មោះ​ថា “​អំបុក​លីង​សន្ដិ​ភា​ព” ដែល​ផលិត​ឡើង​ដោយ​មាន​គ្រឿងទេស​សាច់​ជ្រូក​យ៉ាង​ឈ្ងុយ​ឆ្ងាញ់ ដែល​មាន​ប្រជាពលរដ្ឋ​រួម​សាមគ្គី គ្នា​សម្រាប់​ត្រៀម​យក​ទៅ​ចែក​ជូន​ដល់​វីរ​កង ទ័ព​នៅ​ជួរ​មុខ ដែល​ពួក​គាត់​បាន​តស៊ូ​លះបង់​ជីវិត ដើម្បី​ការពារ​ជាតិ​មាតុភូមិ យើង​។​ក្នុង​ការ​រួបរួម​គ្នា​នេះ បង្ហាញ​ពី​ប្រជាជន​ខ្មែរ ចេះ​សាមគ្គី​គ្នា ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​រួបរួម​គ្នា ខ្មែរ​បេះដូង​តែ​មួយ ។​

លោក​បន្ដ​ថា ប្រជាពលរដ្ឋ​នៅ​សមរភូមិ​ក្រោយ បង្ហាញ​ជំ​ហ៊រ​គាំទ្រ​និង​លើកទឹកចិត្ដ​ជា​និច្ច​ចំពោះ​វីរ​កងទ័ព ដើម្បី​ជាតិ​មាតុភូមិ ដើម្បី​ប្រជាជន​កម្ពុជា ព្រោះ​មាន​បទ ពិសោធន៍​កាលពី​ផ្ទុះអាវុធ​របស់​ទាហាន​សៀម​មក​លើ​កម្ពុជា​លើក​ទី​១.​។​

លោក​បន្ដ​ថា ចាប់ពី​ថ្ងៃ​ទី​៨​ខែធ្នូ ឆ្នាំ​២០២៥​មកនេះ ប្រជាពលរដ្ឋ​បាន​ផលិត​អំបុក​លីង​សន្ដិភាព បាន​ជិត​៣ ពាន់​គីឡូ ដែល​ស្នើរ​នឹង​ជាង​៨​ពាន់​ដប ដោយ​ច្រក​ដាក់​ដប​ទឹក​សុទ្ធ ក្នុង​មួយ​រយ​គីឡូក្រាម​បាន​ជាង​៣៥០​ដប​។​លោក​បន្ថែម​ថា ចាប់ តាំងពី​ថៃ​វាយប្រហារ​មក​លើ​ទឹកដី​កម្ពុជា​ទាំង​លើក​ទី​មួយ និង​លើក​ទី​២ នេះ ប្រជាពលរដ្ឋ​នៅ​ភូមិ​នេះ បាន​រួបរួមសាមគ្គី​គ្នា​ផលិត​អំបុក​ទុក​សម្រាប់​កងទ័ព​ជា​បន្ដបន្ទាប់ ហើយ​បាន​ជួយ​ផ្ដល់​គ្រឿង​ឧបភោគបរិភោគ​ដល់​ប្រជា ពលរដ្ឋ​ភៀស​សឹក​ជិត​២០០​គ្រួសារ​ដែល​បាន​ស្នាក់​នៅ​ក្នុងភូមិ​ខ្នារ​នេះ​ផង​ដែរ​។ លោក​បាន​អំពាវ​ដល់​សហគមន៍​អន្ដរជាតិ​ជួយ​អន្ដរាគមន៍​ដល់​ភាគី​ថៃ​ឱ្យ​ជួយ​បញ្ចប់សង្គ្រាម​ជាមួយ​កម្ពុជា ឱ្យ​បាន​ឆាប់ ព្រោះ​ប្រជាជន​ខ្មែរ​មិន​ត្រូវការ​សង្គ្រាម​នោះ​ទេ គឺ​ត្រូវការ​តែ​សន្ដិភាព​។

សូម​រំលឹក​ថា អត្ដ​ន័យ​នៃ​ការ​លើក​ឡើង​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយ​ឧត្ដម សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ និង ជា​មគ្គុទេសក៍​ឯក​សន្ដិភាព បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ផុសផុល​គាំទ្រ​យ៉ាង​ខ្លាំង នាំ​គ្នា​បុក​អំបុក​ស្រូវ​ថ្មី​វាយ​សត្រូវ​ឈ្លានពាន ដើម្បី យក​ផ្ដល់​ជូន​វីរ​កងទ័ព​នៅ​ជួរ​មុខ និង​ដើម្បី​ចូលរួម​ផ្ដល់​កម្លាំងចិត្ដ​ដល់​វីរ​កងទ័ព​កម្ពុជា​បន្ថែម​ទៀត ដែល​ពួក គាត់​កំពុង​វាយបក​ទៅ​យោធា​ថៃ​ឈ្លានពាន​បូរណភាព​ទឹកដី​របស់​ខ្មែរ​។​

សម្ដេច​តេ​ជោ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សប្បុរសជន ជួយ​ទិញ​អំបុក​ស្រូវ​ថ្មី​យក​ទៅ​ចែក​ជូន​កងកម្លាំង​ដែល​ឈរជើង​នៅ​ជួរ​មុខ ដោយ​បាន​រំលេច​ពាក្យ​មួយ​ឃ្លា​ដ៏​មាន​អត្ថន័យ​ថា «​ទទួលទាន​អំបុក​ស្រូវ​ថ្មី វាយ​សត្រូវ​ឈ្លានពាន​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ