ខេត្តបន្ទាយមានជ័យ ៖ អាជីវករនិងកម្មករខ្មែរជាង១ពាន់នាក់ ត្រូវបានភាគីថៃបើកច្រកទ្វារឱ្យចូលមកកម្ពុជាវិញ នៅល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រោមការសម្របសម្រួលពីអាជ្ញាធរកម្ពុជា ។

មន្ត្រីនគរបាលអន្តោប្រវេសន៍បានប្រាប់ថា ក្រោយមានការសម្របសម្រួលពីអាជ្ញាធរកម្ពុជានិងថៃបានបើកឱ្យអាជីវករនិងកម្មករចូល១វគ្គចំនួន៨៣នាក់ (ស្រី២៦នាក់) ហើយបានបន្តបើកឱ្យចូលជាបន្តបន្ទាប់រហូតឱ្យអស់ដែលមានប្រមាណជាង១ពាន់នាក់ ។ អាជីវករនិងកម្មករដែលថៃឱ្យចូលនោះត្រូវបានសមត្ថកិច្ចថៃតម្រូវឱ្យដកស៊ីមកាតទូរស័ព្ទថៃចេញពីក្នុងទូរស័ព្ទពួកគេគ្រប់គ្នានៅផ្សាររុងក្លឿ ។
អាជីវករនិងកម្មករបានប្រាប់ថា ពួកគាត់បានជាប់គាំងនៅផ្សាររុងក្លឿ ក្នុងដីថៃ តាំងពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នៅពេលមានការផ្ទុះអាវុធដែលទាហានថៃបើកការបាញ់ប្រហារមកលើកម្ពុជាក្នុងភូមិសាស្គ្រតំបន់ព្រៃចាន់ ជោគជ័យ និងបឹងត្រកួន ។
អាជីវករខ្មែរបានបញ្ជាក់ថា នៅពេលដែលអាជ្ញាធរថៃប្រកាសឱ្យពលរដ្ឋខ្មែរចេញពីផ្សាររុងក្លឿឱ្យត្រឡប់មកប្រទេសកំណើត ហើយពេលចេញមក ត្រូវបានអាជ្ញាធរថៃដកទូរស័ព្ទដៃគ្រប់គ្នារួចបានដឹកយកទៅដាក់ក្នុងសួនមួយនៅស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ។

នៅពេលអាជ្ញាធរថៃសម្រេចឱ្យចូលមកកម្ពុជាវិញតាមច្រកខ្លងលឹក ដែលឈមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវបានសមត្ថកិច្ចថៃឆែកឆេរយ៉ាងម៉ត់ចត់ ព្រមទាំងឱ្យឆ្កែហិតគ្រប់គ្នាទើបបើកឱ្យចូលតាមវគ្គនីមួយៗអាចថាអាជីវករនិងកម្មករខ្មែរលក់ដូរផ្សាររុងក្លឿ មានជាង៥ពាន់នាក់ដែលចូលមកកម្ពុជាវិញហើយពួកគាត់ពិតជាសប្បាយចិត្តដែលបានមកប្រទេសវិញរួចផុតពីជាតិសាសន៍ រើសអើងដ៏អាក្រក់នេះ ។
ការបើកច្រកឱ្យអាជីវករនិងកម្មករបានរួចរាល់នៅម៉ោងប្រមាណ៩យប់ ក្នុងថ្ងៃដដែល ។ តាមប្រភពថា ជនជាតិខ្មែរភាគច្រើនជាពលករនៅមិនទាន់ចេញមកអស់នោះទេ គឺនៅមានច្រើនទៀតដែលនឹងចេញមកបន្តបន្ទាប់ទៀត ។
ពលរដ្ឋថៃជាង២០០នាក់សម្រុកចេញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតទៅស្រុកវិញ
ពលរដ្ឋថៃប្រមាណជាង២០០នាក់ បានសម្រុកចេញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ទៅប្រទេសខ្លួនវិញ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ។ ខណៈកាលពីយប់ថ្ងៃទី១០ ធ្នូ ២០២៥ ពលរដ្ឋខ្មែរនៅផ្សាររុងក្លឿបានចាកចេញមកកម្ពុជាទាំងយប់ប្រមាណ១ពាន់នាក់ ។
ពេលនេះពលរដ្ឋថៃកំពុងចាកចេញពីអគារស្នាក់នៅធ្វើការក្នុងក្រុងប៉ោយប៉ែតសម្រុកទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតជាបន្តបន្ទាប់ដើម្បីធ្វើបែបបទចាកចេញពីកម្ពុជាចូលទៅស្រុកវិញ ។ ពេលនេះកំពុងនៅច្រកទ្វារប្រមាណជាង២០០នាក់ មានសម្ភារៈវ៉ាលីសខោអាវជាប់នឹងខ្លួនរហូតមកដល់ម៉ោង៧និង៣០នាទី ក៏នៅតែបន្តមកបណ្តើៗទៀត គឺខ្មែរឱ្យចេញដោយស្រួល អត់មានឆែកឆេរទាត់ធាក់ដូចពួកវាទេ ។

តាមការទទួលព័ត៌មានពីអាជ្ញាធរនិងកម្លាំងប្រចាំការច្រកទ្វារអន្តរជាតិប៉ោយប៉ែតថា កម្ពុជានឹងបើកឱ្យពលរដ្ឋថៃចាកចេញពីកម្ពុជាចូលទៅប្រទេសថៃវិញនៅម៉ោង១០ព្រឹក នៅពេលដែលពួកគេមកជួបជុំគ្នាអស់នៅច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលឈមច្រកខ្លងលឹករបស់ថៃ ។
សម្រាប់ជនបរទេសដែលរស់នៅក្រុងប៉ោយប៉ែតសព្វថ្ងៃនេះមានជនជាតិចិន ថៃ ឥណ្ឌូណេស៊ី វៀតណាម ឥណ្ឌា បង់ក្លាដែស និងជាតិសាសន៍ជាច្រើនទៀត ដែលពួកគេកំពុងរស់នៅប្រកបការងាររៀងៗខ្លួន ៕
ចែករំលែកព័តមាននេះ