ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​ជនបទ​ចំនួន​៧​ខ្សែត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

6 ម៉ោង មុន
  • តាកែវ

ខេត្ត​តាកែវ​ ៖ លោក ឆាយ ឫទ្ធិ​សែន រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ និង លោក ជា វ៉ា​ន់​ដេ​ត…

ខេត្ត​តាកែវ​ ៖ លោក ឆាយ ឫទ្ធិ​សែន រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ និង លោក ជា វ៉ា​ន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តតាកែវ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវ​ជនបទ​ចំនួន ៧​ខ្សែ សរុប​ប្រវែង​ជាង​៤០​គីឡូម៉ែត្រ​និង​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ជនបទ​ចំនួន ៧​ខ្សែ សរុប​ប្រវែង ៣៦​គ​.​ម នៅ​ក្នុង​ខេត្តតាកែវ ដែល​ជា​ការ​វិនិយោគសាធារណៈ​របស់​រាជរដ្ឋាភិបាល តាម​រយៈ​ក្រសួង​អភិវឌ្ឍន៍​ជន ក្នុង​គោលដៅ​បង្កើន​កា​រត​ភ្ជាប់​សកម្មភាព​ធុរកិច្ច​ផ្សេង​ៗ​ឱ្យ​មាន​ភាព​រស់​រវើក និង​ជំរុញ​កំណើនសេដ្ឋកិច្ច​នៅ​តំបន់​ជនបទ​។

លោក វ៉ី សំណាង អភិបាល​ខេត្តតាកែវ បាន​មាន​ប្រសាសន៍​លើក​ឡើង​អំពី​ស្ថានភាព​ភូមិសាស្ដ្រ សេដ្ឋកិច្ច និង​សង្គមកិច្ច ជា​ពិសេស​ការ​រីក​ចម្រើន​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ដ​និង​គមនាគមន៍ និង​កម្រិតជីវភាព​របស់​ប្រជាជន​នៅ​ទូ​ទាំង​ខេត្តតាកែវ តាម​រយៈ​ការ​ប្រកប​មុខរបរ​កសិកម្ម និង​មុខរបរ​មិនមែន​កសិកម្ម​។

លោក ជ្រាយ ប៉ុ​ម អគ្គនាយក​បច្ចេកទេស ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ធ្វើ​របាយការណ៍​ដោយ​បាន​ជម្រាប​ជូន​ថា ពិធី​សម្ពោធ​ផ្លូវ​ជនបទ ៧ ខ្សែ ប្រវែង​សរុប ៤១,៤ គីឡូម៉ែត្រ ជា​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់ និង​ផ្លូវ​បេតុង ស្ថិត​ក្នុង​ក្របខ័ណ្ឌ​គម្រោង​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​ដោយ​ភារៈ​បរិស្ថាន ក្រោម​ហិរញ្ញ​ប្បនទាន​សហប្រតិបត្តិការ​ពី រាជរដ្ឋាភិបាល​កម្ពុជា​, ធនាគារអភិវឌ្ឍន៍អាស៊ី និង​មូលនិធិ​អាកាសធាតុ​បៃតង​។ ជាមួយ​គ្នា​នោះ ការ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ចំនួន ៧​ខ្សែ សរុប​ប្រវែង ៣៦​គ​.​ម ស្ថិត​ក្នុង​ក្របខ័ណ្ឌ​គម្រោង​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​ដោយ​ភារៈ​បរិស្ថាន ក្រោម​ហិរញ្ញ​ប្បនទាន​សហប្រតិបត្តិការ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​, ធនាគារអភិវឌ្ឍន៍អាស៊ី និង​គម្រោង​ពិពិធ​កម្ម​កសិកម្ម​ក​ម្ព​ជា ក្រោម​ហិរញ្ញប្បទាន​ឥណទាន​ពី​ធនាគារពិភពលោក ។ ផ្លូវ​ទាំង ៧​ខ្សែ​នេះ គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​១០០% យ៉ាង​យូរ​ត្រឹម​ខែមករា ឆ្នាំ​២០២៧ ខាង​មុខ​នេះ​។

លោក ជា វ៉ា​ន់​ដេ​ត បាន​មាន​ប្រសាសន៍​ថា ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ និង​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ជនបទ​នា​ពេល​នេះ គឺជា​សមិទ្ធផល​ថ្មី​បន្ថែម​ទៀត ដែល​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​កា​សាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​។ លោក​បាន​បន្ដ​ថា ការ​អភិវឌ្ឍ​មូលដ្ឋាន​ជនបទ​ឱ្យ​មានការ​រីក​ចម្រើន​គឺជា​បំណងប្រាថ្នា​របស់​រាជរដ្ឋាភិបាល ដែល​ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ បាន​និង​កំពុង​ខិតខំ​យកចិត្ត​ទុ​ដាក់​យ៉ាង​ខ្លាំង ជាមួយ​នោះ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ក៏​បាន​រួមចំណែក​កសាង​បាន​នូវ​សមិទ្ធផល​ជា​ច្រើន​ផង​ដែរ​។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ លោក ឆាយ ឫទ្ធិ​សែន បាន​សម្ដែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋបាល​ខេត្ត និង​មន្ទីរ​អង្គភាព​ទាំងអស់​ជុំវិញ​ខេត្ត ព្រមទាំង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត ដែល​បាន​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ខេត្ត​ឱ្យ​មានការ​រីក​ចម្រើន និង​ទទួល​បាន​នូវ​សមិទ្ធផល​នានា លើ​គ្រប់​វិស័យ​ទាំង​ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ ដែល​ធ្វើ​ឱ្យ​ខេត្តតាកែវ​កាន់តែ​មាន​សម្រស់​ស្រស់បំព្រង​។

លោក​រដ្ឋមន្ដ្រី បាន​ជម្រាប​ជូន​អំពី​យុទ្ធសាស្ដ្រ​បញ្ច​កោណ និង​ចក្ខុវិស័យ របស់​រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​បន្តវេន​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ការ​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​គោលនយោបាយ​ជាតិ​ស្តី​ពី​ការ​អភិវឌ្ឍ​ជនបទ ឆ្នាំ​២០២៥-២០៣៥ ដោយ​បាន​កំណត់​ចក្ខុវិស័យ «​កសាង​សង្គម​ជនបទ​កម្ពុជា​ឱ្យ​មាន​វិបុលភាព​ប្រកបដោយ បរិ​យា​បន្ន សមធម៌ និង​ចីរភាព​ទាំង​ផ្នែក​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​»​។

ផ្អែក​លើ​យុទ្ធសាស្ដ្រ​នៃ​គោលនយោបាយ​ជាតិ​នេះ ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​និង​កំពុង​យកចិត្តទុកដាក់​លើ​ការ​លើក​កម្រិត​គុណភាព​ហេដ្ឋារចនាសម្ព័ន្ធ និង​គមនាគមន៍​ជនបទ ដើម្បី​ផ្សារ​ភ្ជាប់​សកម្មភាព​ធុរកិច្ច​ផ្សេង​ៗ​ឱ្យ​មាន​ភាព​រស់​រវើក និង​កាន់តែ​សកម្ម​ឡើង​បន្ថែម​ទៀត ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​កំណើន​ប្រាក់​ចំណូល​របស់​គ្រួសារ​នៅ​តំបន់​ជនបទ​។ ក្នុង​នោះ​នៅ​ក្នុង​ខេត្តតាកែវ​មាន​ផ្លូវ​ជនបទ​សរុប​ចំនួន ៧៨៤​ខ្សែ ដែល​មាន​ប្រវែង​សរុប​ប្រមាណ ២ ៦០០ គីឡូម៉ែត្រ ដោយ​ក្នុង​នោះ​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់ និង​ក្រាល​បេតុង​ប្រវែង​ប្រមាណ​ជិត ៥០០​គីឡូម៉ែត្រ ហើយ​ពិធី​សម្ពោធ និង​បើក​ការដ្ឋាន​នា​ឱកាស​ន​នេះ គឺជា​សមិទ្ធផល​ថ្មី​បន្ថែម​ទៀត ដើម្បី​ធ្វើ​ឱ្យ​មាន​កំណើនសេដ្ឋកិច្ច​កាន់តែ​ខ្ពស់ និង​ប្រជាជន​កើនឡើង​កាន់តែ​ច្រើន ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ