រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិបានគូសបញ្ជាក់ប្រាប់ទៅភាគីថៃ បើសិនជាកងទ័ពថៃ ពិតជាចង់បានសន្តិភាពពិតប្រាកដមែននោះ សូមបញ្ឈប់ជាបន្ទាន់នូវសកម្មភាព ដែល រំលោភអធិបតេយ្យភាពកម្ពុជាទាំងអស់ជាបន្ទាន់ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំ ពាក្យក្រសួងការពារជាតិបានបញ្ជាក់យ៉ាងដូច្នេះថា « យោធានដៃត្រូវតែបង្ហាញពីភាពស្មោះត្រង់ និងសុឆន្ទៈ ប្រសិនថៃពិតជាស្រឡាញ់សន្តិភាពពិតប្រាកដមែន ព្រោះសន្តិភាពមិនអាចកើតឡើងតាមរយៈការនិយាយប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈសកម្មភាពជាក់ស្តែង ហើយកងទ័ពថៃអាចចាប់ផ្តើមជាមួយនឹងការបញ្ឈប់ រាល់សកម្មភាពខុសច្បាប់ជាច្រើនលើដែនអធិបតេយ្យភាពកម្ពុជា »។
លោកជំទាវអ្នកនាំពាក្យបានបន្តថា ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពាន់សេចក្តីថ្លែងការណ៍រួមសន្តិភាពរវាងកម្ពុជា ថៃ និងសកម្មភាពឧក្រិដ្ឋកម្មខុសច្បាប់របស់ថៃ ម្តងហើយម្តងទៀតនេះ ហើយទាមទារឲ្យថៃទទួល ខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រោលនេះ។
កម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់រាល់អរិយភាពទាំងឡាយ ដោយដកកងកម្លាំងចេញពីដែនអធិបតេយ្យភាពរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លៀនពាន និងការគំរាមកំហែងដល់សន្តិភាព និងស្ថេរភាពក្នុងតំបន់ ។
ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឲ្យថៃងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ សេចក្តីថ្លែងការ ណ៍រួមស្តីពីសន្តិភាព និងកាតព្វកិច្ចទាំងឡាយស្ថិត ក្រោមច្បាប់អន្តរជាតិ ឲ្យបាន ម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុឆន្ទះពិតប្រាកដ ។
ជាមួយគ្នានោះដែរ លោកជំទាវអ្នកនាំពាក្យបានលើកឡើងថា គោលដៅវាយរបស់កងកម្លាំងកម្ពុជា គឺវាយចំពោះគោលដៅរបស់យោធាថៃតែប៉ុណ្ណោះ មិនមែនសំដៅជនស៊ីវិល ឬកន្លែង ជនស៊ីវិលនោះទេ ។ កម្ពុជាតែប្រកាន់ភ្ជាប់ និងគោរពកាតព្វកិច្ចទាំងឡាយណា ដែលស្ថិតក្រោមអន្តរជាតិ ជាពិសេស ច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងម៉ឺងម៉ាត់ ច្បាសលាស់បំផុត។
លោកជំទាវបន្ថែមថា កម្ពុជាបានអនុវត្តយ៉ាងច្បាស់លាស់ចំពោះការលក្ខខណ្ឌបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា ថៃ ប្រកបដោយសុឆន្ទៈ ទំនួលខុសត្រូវខ្ពស់ ហើយកម្ពុជាប្រកាន់យកការដោះស្រាយជំម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា ក៏ដូចជាកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាមកំហែង និងរកដំណោះស្រាយមួយដោយត្រឹមត្រូវយុត្តិមធ៌ និងយូរអង្វែង ស្របតាមច្បាប់អន្តរជាតិ ៕
ចែករំលែកព័តមាននេះ