លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសនាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះថា ៖ យោធាថៃ មិនមែនត្រឹមតែរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ប្រើប្រាស់អាវុធធុនធ្ងន់ រួមទាំងយន្តហោះទម្លាក់គ្រាប់ លើទីតាំងជនស៊ីវិលនោះទេ យោធាថៃបានបំផ្លិចបំផ្លាញប្រាង្គប្រាសាទខ្មែរ ដែលជាសម្បត្តិវប្បធម៌ដ៏មានតម្លៃ និងជាបេតិកភណ្ឌពិភពលោក ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់បន្តថា យោធាថៃបានបន្តបាញ់បំផ្លាញប្រាសាទតាក្របីបន្ថែមទៀត កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងខេត្តឧត្តរមានជ័យ ។

យើងសូមថ្កោលទោសចំពោះអំពើឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើកម្ពុជា និងសូមសហគមន៍អន្តរជាតិ ចាប់បង្ខំភាគីថៃឱ្យអនុវត្តនូវសេចក្តីថ្លែងការណ៍ស្តីពីកិច្ចព្រមព្រៀងសន្តិភាព ដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលមានឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ជាសាក្សី និងបញ្ឈប់ការធ្វើយុទ្ធនាការមួលបង្កាច់កម្ពុជា ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា កម្ពុជាជាជនរងគ្រោះនៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ ។ ថៃបានបង្កហេតុគ្រប់បែបយ៉ាង ដើម្បីមួលបង្កាច់ និងចោទប្រកាន់កម្ពុជា ដើម្បីរកលេសឈ្លានពានកម្ពុជា៕
ចែករំលែកព័តមាននេះ