រាជធានីភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិល ដោយអំពើឈ្លានពានរបស់ភាគីថៃ លើដែនអធិបតេយ្យកម្ពុជា គិតពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង៦ល្ងាច ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ជម្រាបជូនថា គិតពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង១៨ល្ងាច ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ អំពើល្មើសច្បាប់អន្តរជាតិ និងក្បត់បទឈប់បាញ់របស់ភាគីថៃ លើដែនអធិបតេយ្យកម្ពុជា ដែលបានផ្ដើមឡើងជាថ្មីទៀតចាប់ពីថ្ងៃទី៧ ខែធ្នូមកនោះ បានបណ្តាលឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សុវត្ថិភាពជនស៊ីវិល ព្រមទាំងបំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធ វត្តអារាម សម្បត្តិវប្បធម៌ បេតិកភណ្ឌមនុស្សជាតិ និងបង្អាក់សេវាសាធារណៈជាមូលដ្ឋាន ជាច្រើនកន្លែង ដូចខាងក្រោម ៖
១-ករណីស្លាប់ និងរបួស ៖ នៅខេត្តបន្ទាយមានជ័យ មានពលរដ្ឋស្លាប់ចំនួន១នាក់ និងរបួសចំនួន៩ នាក់ (ធ្ងន់១នាក់)។ គិតរហូតមកដល់ល្ងាចថ្ងៃទី១០ ខែធ្នូនេះ ចំនួនពលរដ្ឋខ្មែរស្លាប់សរុបបានកើនដល់ ១០នាក់ ខណៈពលរដ្ឋរងរបួសមានប្រមាណ៦០នាក់ ភាគច្រើនកំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់ ដោយក្រុមគ្រូពេទ្យ ។
២-ករណ៏ភៀសសឹក ៖ ខេត្តព្រះវិហារ មានជនភៀសសឹកកើនដល់ ៦.៤៧៧គ្រួសារ ស្មើនឹងមនុស្ស ចំនួន២២.៣៩០នាក់ ។ ខេត្តឧត្តរមានជ័យ មានជនភៀសសឹកកើនដល់១១.៦០៧គ្រួសារ ស្មើនឹងមនុស្ស ចំនួន៣៩.៩៤៥នាក់។ ខេត្តបន្ទាយមានជ័យ មានជនភៀសសឹកកើនដល់២២.៧៩៩គ្រួសារ ស្មើនឹងមនុស្ស ចំនួន៨០.៤៤៧នាក់ (កុមារ២៤.៧០៨នាក់)។ ខេត្តបាត់ដំបង មានជនភៀសសឹកកើនដល់៨១៨គ្រួសារ ស្មើនឹងមនុស្សចំនួន៣.២៨៦នាក់។ ខេត្តពោធិ៍សាត់ មានជនភៀសសឹកកើនដល់៩០០គ្រួសារ ស្មើនឹង មនុស្សចំនួន៣,២២១នាក់។ ខេត្តកោះកុង មានប្រជាជនប្រមាណ៦០% នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា និងក្នុងក្រុងខេមរភូមិន្ទមួយចំនួនទៀត បានចាកចេញទៅកាន់លំនៅឋានសាច់ញាតិតាមបណ្តាស្រុក និង ខេត្តដទៃ ព្រមទាំងរាជធានីភ្នំពេញ ខណៈពលរដ្ឋចំនួន៦៣នាក់ផ្សេងទៀត បានភៀសខ្លួនពីតំបន់ហានិភ័យ មកកាន់ក្រុងខេមរភូមិន្ទ។ នៅខេត្តសៀមរាប បានទទួលជនភៀសសឹកកើនដល់១៣.៥៥១គ្រួសារ ស្មើនឹង មនុស្សចំនួន៤៤.៥២៧នាក់។ សរុបចំនួនជនភៀសសឹកបានកើនដល់ជាង ៥ម៉ឺន ៦ពាន់គ្រួសារ ស្មើនឹងមនុស្ស ជាង១សែន ៩ម៉ឺននាក់។ រហូតមកដល់យប់នេះ នៅតែបន្តមានចលនាពលរដ្ឋភៀសសឹកគ្រប់មូលដ្ឋានខេត្ត ពាក់ព័ន្ធ។
៣-ករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបង្អាក់សេវាសាធារណៈជាមូលដ្ឋាន៖ ផ្ទះសំបែង និងសម្ភារប្រើប្រាស់របស់ប្រជាពលរដ្ឋ អគារក្រុមហ៊ុនឯកជន អគាររដ្ឋបាល សាលារៀន វត្តអារាម ប្រាសាទ បុរាណ ផ្លូវថ្នល់ និងអង្គភាពសាធារណៈជាច្រើនកន្លែង បានកំពុងរងការខូចខាតជាបន្តបន្ទាប់ ដោយសារភាគីថៃបានបង្កើនការបាញ់ផ្លោង និងទម្លាក់គ្រាប់ពីយន្តហោះ F16 សំដៅចូលភូមិឋាន និងតំបន់ទីប្រជុំជនស៊ីវិល រហូតដល់ចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីព្រំដែន។ ជាការកត់សម្គាល់សេវាជាមូលដ្ឋាន ដែលអាជ្ញាធរត្រូវផ្ដល់ និងពលរដ្ឋត្រូវទទួលបានផ្អាកស្ទើរទាំងស្រុង ខណៈសាលារៀនរដ្ឋ និងឯកជនចំនួន៨៨៣កន្លែង បានបិទទ្វារ និងប៉ះពាល់ដល់ការសិក្សារបស់សិស្សជាង ២សែន ៨ពាន់នាក់។ នេះមិនទាន់គិតដល់ផលវិបាក ន ផ្សែងពុល ដែលថៃបន្តប្រើប្រាស់ដោយគ្មានសតិសម្បជញ្ញៈមកលើដែនអធិបតេយ្យកម្ពុជាផង ។
ជាថ្មីទៀត ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមប្រកាសគាំទ្រ និងជឿជាក់យ៉ាងមុតមាំលើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអគ្គភស្ដុភារជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ និងសម្តេចមហាបវរធិបតី ប៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីដ៏អង់អាចស្វាហាប់ ប្រតិភាណរបស់ជាតិ និងប្រជាជនកម្ពុជា។ រហូតមកដល់ពេលនេះ កងកម្លាំងកម្ពុជា ទាំងកម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន បានកំពុងប្រកៀកស្មារួមគ្នា ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ប្រកបដោយភាពម្ចាស់ការ និងរឹងមាំនៅគ្រប់សមរភូមិប្រយុទ្ធ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ ក្រសួង- ស្ថាប័នគ្រប់វិស័យ រដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ-សង្កាត់ រួមទាំងមន្ត្រីនគរបាលជាតិ កងរាជអាវុធហត្ថ មន្ត្រីសុខាភិបាល យុវជនស្ម័គ្រចិត្ត ប្រជាការពារ និងជនរួមជាតិគ្រប់មជ្ឈដ្ឋាន បានកំពុងរួមសាមគ្គីគ្នាជួយអន្តរាគមន៍ និងគាំទ្រគ្រប់បែបយ៉ាងជូនកងកម្លាំងជួរមុខ ពលរដ្ឋរងរបួស និងជនភៀសសឹក ប្រកបដោយទំនួលខុសត្រូវក្នុងស្មារតីជាតិនិយមខ្ពស់បំផុត ។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តទទូចដល់សហគមន៍អាស៊ាន អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ចូលរួមតាមដាន ថ្កោលទោស និងមានចំណាត់ការស្របតាមច្បាប់គោលការណ៍ និងនីតិវិធីអន្តរជាតិ ចំពោះឧក្រិដ្ឋកម្មដ៏យង់ឃ្នងព្រៃផ្សៃរបស់រដ្ឋាភិបាល យោធា និងកម្លាំងចម្រុះថៃ ដែលបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកល ស្ដីពីសិទ្ធិមនុស្ស អនុសញ្ញាប្រឆាំងការធ្វើទារុណកម្ម និងធម្មនុញ្ញអាស៊ានជាដើម។ យើងទាមទារឱ្យភាគីថៃ បញ្ឈប់អំពើដ៏អាក្រក់នេះជាបន្ទាន់ ហើយងាកមកអនុវត្តឱ្យបានពេញលេញតាមបទឈប់បាញ់ ជាពិសេស សេចក្តីថ្លែងការណ៍រួម ស្ដីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីប្រទេសទាំងពីរ ដោយមានប្រធានាធិបតីសហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចុះហត្ថលេខាជាសាក្សី ព្រមទាំងការថ្លែងស្វាគមន៍គាំទ្រពីមិត្តបរទេស និងសហគមន៍ អន្តរជាតិ ៕





ចែករំលែកព័តមាននេះ