រាជធានីភ្នំពេញ ៖ ដោយសារតែយោធាថៃ បាញ់ប្រហារលើជនស៊ីវិល បានធ្វើឲ្យបាត់បង់ជីវិតមនុស្ស០៩នាក់ ក្នុងនោះមានទារកម្នាក់ និងអ្នករងរបួស៤៦នាក់ នេះបើតាមក្រសួងការពារជាតិកម្ពុជា ។
អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ម៉ាលីសុជាតា បានឲ្យដឹងថា សកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់ថៃ បានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយគិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ជនស៊ីវិលបានបាត់បង់ជីវិត កើនឡើងរហូតដល់ចំនួន០៩នាក់ (ទារក ១នាក់) និងរងរបួសជនស្លូតត្រង់ចំនួន ៤៦នាក់ ។
អ្នកនាំពាក្យ បានលើកឡើងថា ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិ ថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃ ម្តងហើយ ម្តងទៀតនេះ ដោយទាមទារឱ្យថៃ ទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ ។
ក្រសួងការពារកម្ពុជា អំពាវនាវឱ្យថៃ បញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពាន ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ។
ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃ ងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយ នៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ ៕

ចែករំលែកព័តមាននេះ