ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​រាប់​ពាន់​គ្រួសារ​នៅ​ស្រុក​សំពៅ​លូន ​សម្រុក​ចាក​ចេញពីផ្ទះ ក្រោយ​ទាហាន​ថៃ​ផ្លោង​ចូល​ច្រើន​គ្រាប់

8 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្រោយ​ពី​ទាហានថៃ​ផ្លោង​កាំភ្លើងត្បាល់​ជា​ច្រើន​គ្រាប់ក្នុងទីប្រជុំជន​ស្រុក​សំពៅ​លូន នៅ​ម៉ោង​ ១១ និង ​១០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី ​១០ ធ្នូ ប៉ុន្មាន​នាទី​ក្រោយមកគេ​ឃើញ​ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ​ទូ​ទាំង​ស្រុក…

ខេត្តបាត់ដំបង ៖ ក្រោយ​ពី​ទាហានថៃ​ផ្លោង​កាំភ្លើងត្បាល់​ជា​ច្រើន​គ្រាប់ក្នុងទីប្រជុំជន​ស្រុក​សំពៅ​លូន នៅ​ម៉ោង​ ១១ និង ​១០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី ​១០ ធ្នូ ប៉ុន្មាន​នាទី​ក្រោយមកគេ​ឃើញ​ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ​ទូ​ទាំង​ស្រុក បាន​សម្រុក​ចាក​ចេញពីផ្ទះ​សម្បែង ដើម្បី​ទៅ​រក​តំបន់​មាន​សុវត្ថិភាព ដែល​អាជ្ញាធរ​បាន​រៀបចំ​ទទួល​ជា​ស្រេច ។

គេ​មិន​ទាន់​ដឹង​ជាក់លាក់​ពី​ចំនួន​គ្រាប់កាំភ្លើង​ត្បាល់ ដែល​ពួក​ទ​ហានថៃ​ផ្លោង​ចូល​ស្រុក​សំពៅ​លូន​នៅឡើយ​ទេ ។ បើ​តាម​ប្រជាពលរដ្ឋ​ដែល​ភៀសខ្លួន​បាន​និយាយ​ថា គេ​មិនដឹង​ពី​ចំនួន​គ្រាប់​ធ្លាក់​ទេ តែ​គេ​ឮ​ស្នូរ​ធ្លាក់​ច្រើន​គ្រាប់នៅ​ម្ដុំ​បូ​រី ​«​ងិ​ន វិត​» ដែល​នៅ​ឆ្ងាយ​ពី​ព្រំដែន​ប្រហែល​ជាង ​២​គីឡូម៉ែត្រ ហើយ​គ្រាប់​ខ្លះ​ធ្លាក់​នៅ​ក្បែរ «​ភ្នំ​ ៣២» ដែល​ស្ថិត​ចំ​កណ្ដាល​ស្រុក​សំពៅ​លូន​តែ​ម្ដង ​។

មន្ត្រី​ស្រុក​សំពៅ​លូន​បាន​ឲ្យ​ដឹង​ថា តាម​ពិតអ្នកស្រុក​សំពៅ​លូន បាន​ភៀសខ្លួន​ចេញពីផ្ទះ​បណ្ដើរ​ៗ​តាំងពី​ថ្ងៃ​ទី​ ០៨ ខែធ្នូ ហើយ​បន្ត​ចាកចេញ​កាន់តែ​ច្រើន​នៅ​យប់​ថ្ងៃ​ទី ​០៩ ខែធ្នូ ក្រោយ​ពី​ទាហានថៃ​ឈ្លានពាន​បាញ់​ភ្លើង​ធុន M.79 ចំនួន ​០២​គ្រាប់​ចំ​ផ្ទះ​ពលរដ្ឋ​នៅ​ឃុំ​អង្គរ​បាន ស្រុក​សំពៅ​លូន ។
មន្ត្រី​ដដែល​បាន​ប្រាប់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​ ១០ ខែធ្នូ គេ​ឃើញ​លំនៅ​ឋាន ឬ​ហាង​លក់ទំនិញ​នានា ស្ទើរ​៩០% បាន​បិទទ្វារ​ស្ងាត់ឈឹង តែ​មាន​អ្នកស្រុក​មួយ​ចំនួន​មិន​ទាន់​ចាកចេញ ព្រោះ​នៅ​ចាំផ្ទះ ។ ប៉ុន្តែ​នៅ​ម៉ោង​ប្រហែល​ ១១ និង​ ៣០​នាទី​ថ្ងៃ​ដដែល​នេះ ប្រជាពលរដ្ឋ​ទូ​ទាំង​ស្រុក​សំពៅ​លូន​ ត្រូវ​បង្ខំចិត្ត​បិទទ្វារ​ផ្ទះ​​ភៀស​សឹក​តែ​ម្ដង ក្រោយ​ពី​ពួក​ទាហាន​ថៃ​បាញ់​ផ្លោង​ចូល​ទីប្រជុំជន​ជា​ច្រើន​គ្រាប់ ។

បើ​តាម​ប្រភព​ពី​មន្ត្រី​យោធា​កម្ពុជា​ដែលសុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា ទាហានថៃ​បាន​បាញ់កាំភ្លើង​ត្បាល់​ចូល​ទីប្រជុំជន​ស្រុក​សំពៅ​លូន​ជា​ច្រើន​គ្រាប់ តែ​ខាង​យោធា​យើង​ព្យាយាម​អត់ធ្មត់​មិន​តបត​ទេ ព្រោះ​ត្រូវ​ស្ដាប់​បទបញ្ជា​ថ្នាក់លើ ។ ប៉ុន្តែ​កម្លាំង​ទ័ព​គ្រប់​អង្គភាព​នៅ​តាម​លេណដ្ឋាន​ជួរ​មុខ បាន​ត្រៀម​រួច​ជា​ស្រេច​ក្នុង​ការ​ប្រយុទ្ធ​ប្រសិនបើ​មាន​បទបញ្ជា​ឲ្យ​បាញ់ ។

ចាប់តាំងពី​វេលា​ម៉ោងជាង​ ១១​ថ្ងៃត្រង់​ថ្ងៃ​ទី ​១០ ធ្នូ នៅ​ប៉ុន្មាន​នាទី ក្រោយ​ពី​ទាហាន​ថៃ​បាញ់​ផ្លោង​កាំភ្លើង​ធំ​ច្រើន​គ្រាប់ចូល​ស្រុក​សំពៅ​លូន នៅ​លើ​ដងផ្លូវ​ជាតិ​លេខ ​៥៧B គេ​ឃើញ​យានយន្ត​គ្រប់​ប្រភេទ​ប្រជ្រៀត​គ្នា​ធ្វើ​ដំណើរ​រត់​ភៀស​សឹក​ទៅ​កាន់​តំបន់​មាន​សុវត្ថិភាព ដែល​រដ្ឋបាល​ខេត្តបាត់ដំបង បាន​រៀបចំ​ទទួល​ជា​ស្រេច​នៅ​ស្រុក​ប​វេ​ល និង​ស្រុក​ថ្មគោល ។

បើ​តាម​មន្ត្រី​ស្រុក​សំពៅ​លូន ​បាន​បញ្ជាក់​ថា អ្នកស្រុក​សំពៅ​លូន ​អាច​នឹង​ចាកចេញ​អស់ពី​ផ្ទះ​នៅ​ត្រឹម​ល្ងាច​នេះ តែ​អាច​នៅ​មាន​ខ្លះ​នៅ​ចាំផ្ទះ ឬ​ចាំ​ហាង​លក់ទំនិញ​ផ្សេង​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ