ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​ដាក់​ឱ្យ​អនុវត្ត​សាកល្បង លើ​ការ​កែ​លម្អ​រថយន្ត​ដឹក​ជញ្ជូន​កម្មករនិយោជិត​ឱ្យ​កាន់តែ​មាន​ផាសុកភាព និង​សុវត្ថិភាព

1 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​១០​ខែធ្នូ ឆ្នាំ​២០២៥ ក្រោម​អធិបតីភាព​ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ឯកឧត្តម ហេង សួរ…

ខេត្តស្វាយរៀង​៖​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​១០​ខែធ្នូ ឆ្នាំ​២០២៥ ក្រោម​អធិបតីភាព​ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ប្រព្រឹត្ត​ទៅ​នូវ​ពិធី​ដ៏​មាន​សារៈសំខាន់​មួយ គឺ ពិធី​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​សាកល្បង​លើ​ការ​កែ​លម្អ​រថយន្ត​ដឹក​ជញ្ជូន​កម្មករ និយោជិត ឲ្យ​កាន់តែ​មាន​ផា​សុខភាព និង​សុវត្ថិភាព ព្រមទាំង​ការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​រថយន្ត​ដឹក​ជញ្ជូន​កម្មករ និយោជិត នៅ​ក្នុង​បរិវេណ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន ក្រុង​បា​វិត ខេត្តស្វាយរៀង​។

ពិធី​នេះ​ក៏​មានការ​ចូលរួម​ពី​ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាលខេត្ត និង​វត្តមាន​ចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នៃ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ មន្ទីរ​ជំនាញ​ជុំវិញ​ខេត្ត អាជ្ញាធរ​ដែនដី តំណាង​រោងចក្រ សហគ្រាស និង​តំណាង​ភាគី​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត​។

ឯកឧត្តម​ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​គូសបញ្ជាក់​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួង ក្នុង​ការ​ដាក់​ចេញ​នូវ​យន្តការ និង​វិធានការ​នានា ដើម្បី​លើកកម្ពស់​លក្ខខណ្ឌ​ការងារ និង​ជីវភាព​របស់​កម្មករ និយោជិត តាម​រយៈ​ការ​អនុវត្ត​៖
១.​ការ​រៀបចំ​កៅអីអង្គុយ និង ការ​កែ​លម្អ​រថយន្ត​: ធានា​ថា​រថយន្ត​ដឹក​ជញ្ជូន​កម្មករ និយោជិត ត្រូវ​បាន​កែ​ច្នៃ​ស្រប​តាម​ស្តង់ដារ​បច្ចេកទេស ដែល​មាន​កៅអីអង្គុយ​ត្រឹមត្រូវ និង​មាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់ ដើម្បី​បង្កើន​ផា​សុខភាព​។

២.​ការ​អនុវត្ត​នីតិវិធី​នៃ​ការ​ត្រួតពិនិត្យ​: ជំរុញ​ឱ្យ​ម្ចាស់​រថយន្ត​ទាំងអស់ ត្រូវ​នាំ​យក​រថយន្ត​របស់​ខ្លួន​ទៅ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ឱ្យ​បាន​ទៀងទាត់ តាម​គោលការណ៍​កំណត់​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​។
៣.​ការ​បណ្តុះបណ្តាល​អ្នកបើកបរ​: បង្កើន​ការ​បណ្ដុះបណ្ដាល​ដល់​អ្នកបើកបរ​រថយន្ត​ដឹក​ជញ្ជូន​កម្មករ និយោជិត អំពី​ច្បាប់​ចរាចរណ៍ ក្រមសីលធម៌ និង​បច្ចេកទេស​សុវត្ថិភាព ក្នុង​ការ​បើកបរ​។​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​ប្រសាសន៍​ថា គោលបំណង​និង សារៈសំខាន់​ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​សាកល្បង​នេះ ឆ្លើយ​តប​ទៅ​នឹង​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់ រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ និង​ក្រសួង​ការងារ ក្នុង​ការ​លើកកម្ពស់ សុខុមាលភាព និង សុវត្ថិភាព របស់​កម្មករ និយោជិត ក្នុង​ពេល​ធ្វើ​ដំណើរ​ទៅ​មក​បំពេញការងារ​។

⁃ ផា​សុខភាព និង សុវត្ថិភាព​៖ គឺជា​អាទិភាព​ចម្បង សម្រាប់​កម្មករ និយោជិត ដែល​ជា​កម្លាំង​ច​លករ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។ គម្រោង​សាកល្បង​នេះ​នឹង​ផ្តល់​បទ​ពិសោធន៍​ថ្មី នៃ​ការ​ធ្វើ​ដំណើរ​ប្រកបដោយ​ផា​សុខភាព និង​កាត់​បន្ថយ​ហានិភ័យ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​។
⁃ ការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​៖ ការ​ដាក់​ឱ្យ​អនុវត្ត​ការ​ត្រួតពិនិត្យ​បច្ចេកទេស​រថយន្ត​ដឹក​ជញ្ជូន​កម្មករ និយោជិត គឺជា​វិធានការ​ចាំបាច់ ដើម្បី​ធានា​ថា រថយន្ត​ទាំងអស់​ស្ថិត​ក្នុង​ស្ថាន​ភាពល្អ និង​មាន​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់ ស្រប​តាម​បទ​ប្បញ្ញត្តិ​ស្តី​ពី​ការ​ដឹក​ជញ្ជូន​កម្មករ និយោជិត​។

ចំពោះ​កម្មវិធី​សាកល្បង​នេះ នឹង​ក្លាយជា​គំរូ​ដ៏​ល្អ​មួយ សម្រាប់​ពង្រីក​វិសាលភាព​អនុវត្តន៍​ទៅ​កាន់​តំបន់​ផ្សេង​ៗ​ទៀត​ទូ​ទាំង​ប្រទេស​។ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ក្រសួង​សាធារណៈការ បាន​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​បន្ត​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ និយោជក និង​តំណាង​កម្មករ និយោជិត ដើម្បី​ធានា​និរន្តរភាព និង​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​វិធានការ​ទាំងនេះ ឆ្ពោះទៅ​រក​ការ​លើកកម្ពស់​កិត្តិយស និង​កិត្យានុភាព​របស់​កម្មករ និយោជិត​កម្ពុជា​។

សូម​បញ្ជាក់​ផង​ដែរ​ថា​: តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន មានការ​ផ្តល់​ជូន​នូវ​រថយន្ត​ដឹក​កម្មករ​ថ្មី​មាន​ផា​សុខភាព​ដល់​កម្មករ​ក្នុង​តំបន់ រួម​ជាមួយនឹង​លក្ខខណ្ឌ​បង់​រំ​លោះ​ដែល​មាន​ភាព​ទាក់ទាញ​បំផុត​។ ហើយ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន នឹង​ចាប់​បើក​ការ​សាងសង់​នូវផ្ទះ​ដែល​មាន​តម្លៃ​សមរម្យ​សម្រាប់​កម្មករ ដោយ​មានការ​ផ្តល់​ជូន​នូវ​ការ​បង់​រំ​លោះ​ជាមួយ​ការ​ប្រាក់​ទាប​។ ដោយ​មានការ​រួម​បញ្ចូល​ទាំង​សាលារៀន​អន្តរជាតិ មន្ទីរពេទ្យ នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ជុំវិញ​គាំទ្រ​ដល់​ការ​រស់នៅ​ដោយ​ផា​សុខភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ