រាជធានីភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ ACU បានរៀបចំពិធីអបអរសាទរទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ ៩ធ្នូ ក្រោមប្រធានបទស្តីពី «រដ្ឋបាលស្អាតស្អំ បម្រើផលប្រយោជន៍ប្រជាជន» ។
ថ្លែងក្នុងពិធីក្រោមធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ នាល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម យិនទៀង ពុទ្ធិរិទ្ធ ប្រធានស្តីទី អង្គភាពប្រឆាំងអំពើពុករលួយបានលើកឡើងថា រដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី៩ ធ្នូ រៀងរាល់ឆ្នាំ ជាទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ក្នុងគោលបំណង (១)- លើកកម្ពស់ថ្ងៃអប់រំដ៏សំខាន់របស់ជាតិ-អន្តរជាតិក្នុងការប្រឆាំងអំពើ ពុករលួយ (២)- លើកកម្ពស់ប្រសិទ្ធភាពសេវាគ្រប់បែបយ៉ាង ពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋនៅក្នុងការដឹកនាំ និងការគ្រប់គ្រងរដ្ឋ ព្រមទាំង រក្សាភាពស្អាតស្អំ និងយុត្តិធម៌ ដែលជាមូលដ្ឋានចាំបាច់ក្នុងការអភិវឌ្ឍ សង្គមជាតិ (៣)- បង្កើនការគាំទ្រពីមហាជន និងលើកកម្ពស់ស្មារតីចូល រួមប្រយុទ្ធប្រឆាំងអំពើពុករលួយ (៤)- កសាងជំនឿទុកចិត្តរបស់ប្រជា ពលរដ្ឋលើការដឹកនាំរបស់រាជរដ្ឋាភិបាល (៥) អប់រំ ផ្សព្វផ្សាយពីផលវិបាក នៃអំពើពុករលួយ ។
ឯកឧត្តមបន្តថា ក្រោមការដឹកនាំប្រកបដោយថាមពលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្កើត នូវទស្សនវិស័យវែងឆ្ងាយ និងមានផែនការច្បាស់លាស់ប្រកប ដោយ ឆន្ទៈមោះមុតក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ សំដៅលើកកម្ពស់ អភិបាលកិច្ចល្អនៅទូទាំងប្រទេស ដោយបន្តគុណតម្លៃនៃការអនុវត្ត អភិក្រមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ពោលគឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងអភិក្រម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានថ្លែងថា “គ្មានការកែទម្រង់ណាមួយដែល ងាយស្រួលនោះទេ ការកែទម្រង់ដែលជោគជ័យត្រូវផ្អែកលើកត្តាសំខាន់ៗចំនួន ៤ មាន៖១.ត្រូវមានចក្ខុវិស័យច្បាស់លាស់ ២. ត្រូវមានការប្តេជ្ញាចិត្តខ្ពស់ ៣.ត្រូវមានការចូលរួមដោយស្មោះត្រង់ និង ៤. ត្រូវមានការលះបង់”។
ឯកឧត្តមបានឲ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ ក៏នឹងរៀបចំសន្និបាត ដើម្បីត្រួតពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារ ដែលអង្គភាព បានសម្រេចបានរយៈពេល ១៥ឆ្នាំ កន្លងមក ដោយលើកឡើងពី សមិទ្ធផលរបស់គ្រប់នាយកដ្ឋាន គ្រប់ផ្នែក និងគ្រប់ក្រុមការងារ ដោយ រំលេចពីការប្រឈម និងវិធានការ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ ព្រមទាំងទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៦ ដើម្បីសម្រេចបានលទ្ធផល ទៅតាមផែនការ និងយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាលបានប្រគល់ជូន។
យោងតាមសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិ និងអន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ បានលើកឡើងថា ទិវា ៩ធ្នូ ប្រយុទ្ធប្រឆាំងអំពើពុករលួយជាតិ-អន្តរជាតិ ត្រូវបានបង្កើតឡើងដើម្បីប្រមូលផ្តុំកម្លាំងសាមគ្គីសហការ ក្នុងប្រទេស និងនៅលើពិភពលោកដើម្បីកាត់បន្ថយអំពើពុករលួយ មិនទុកឱ្យមានទីកន្លែងណាមួយជាឋានសួគ៌ នៃអំពើពុករលួយ។ ឆ្នាំនេះទិវា ៩ធ្នូ នៅតែរំលឹក និងដាស់តឿនដល់គ្រប់បុគ្គល តួអង្គ គ្រប់មជ្ឈដ្ឋានក្នុងសង្គម ពិភពលោក អំពីផលវិបាក និងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដែលអំពើពុករលួយអាចនាំមកដល់សង្គមមនុស្ស និងដើម្បីរំលេចនូវសារៈសំខាន់ នៃ ការប្រឆាំងអំពើពុករលួយថា ម្នាក់ៗអាចរួមគ្នា តួអង្គនានាត្រូវសហការគ្នា ដើម្បីអាចកសាងសង្គមមួយស្អាតស្អំ ពោរពេញ ដោយធនធានប្រកបដោយសុចរិតភាព ការគ្រប់គ្រងប្រកបដោយអភិបាលកិច្ចល្អ រឹងមាំ-ធន់ និងអំណោយផលដល់ការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែងបាន ។
សារលិខិតបន្តថា នៅកម្ពុជា ស្មារតី ៩ធ្នូ ត្រូវបានបង្ហាញឡើងជារៀងរាល់ឆ្នាំជាង ១ទសវត្សរ៍ មកនេះ តាមរយៈការចូលរួមអបអរ និងប្រារព្ធជាទៀងទាត់។ ស្មារតី៩ធ្នូ ក៏ត្រូវបានសមាហរណកម្មចូលក្នុងគោលនយោបាយ នៃការដឹកនាំរបស់រាជរដ្ឋាភិបាលជាច្រើនអាណត្តិ ទាំងក្រោមរដ្ឋបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងបន្តដល់រូបខ្ញុំព្រះករុណាខ្ញុំ តាមរយៈឯកសារយុទ្ធសាស្ត្របង្ហាញផ្លូវពីចតុកោណបន្តដល់ បញ្ចកោណ ដំណាក់កាលទី១ ២០២៣-២០២៨ ដោយក្នុងនេះការកសាងរដ្ឋបាលស្អាតស្អំត្រូវបានកំណត់ច្បាស់ជា គោលដៅ និងអាទិភាពគន្លឹះមួយរបស់រាជរដ្ឋាភិបាល ។
ជាការប្តេជ្ញា និងគាំទ្រដោយឥតលក្ខខណ្ឌរបស់រាជរដ្ឋាភិបាលកម្ពុជាលើការកសាងសង្គមស្អាតល្អប្រពៃ និង ការចូលរួមកសាងពិភពលោកគ្មានជម្រកសម្រាប់ជនពុករលួយ ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិ ប្រឆាំងអំពើពុករលួយ (UNCAC) ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ត្រូវបានអនុម័ត ហើយស្ថាប័នប្រឆាំងអំពើពុករលួយ ត្រូវបានបង្កើតដោយមានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយជាអង្គត្រួតពិនិត្យ និងអង្គភាពប្រឆាំងអំពើពុករលួយជាស្ថាប័ន អនុវត្តច្បាប់ដោយឯករាជ្យ ។
សាលិខិតរបស់សម្តេចធិបតីបានបន្ថែមថាសារគាំទ្រ អភិក្រមទាំង៥ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល វះកាត់» ដែលបាន ដាក់ចេញ និងចំណាត់ការជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល រួមទាំងការផ្តល់នូវធនធានថវិកា និងមនុស្សដល់ស្ថាប័ន អនុវត្តច្បាប់ និងការចូលរួមជាមួយ ការផ្តល់កិច្ចសហការអន្តរជាតិជាប្រចាំ ជាសក្ខីភាពនៃការប្តេជ្ញា និងគាំទ្រឥតងាករេ របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការប្រយុទ្ធប្រឆាំងអំពើពុករលួយ។
ជាមួយគ្នានោះដែរសម្តេចធិបតីនាយករដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា ការបន្តពង្រឹង និងបង្កើនប្រសិទ្ធភាពលើការងារស្អាតស្អំនេះមានសារៈសំខាន់ជាសារវ័ន្តចំពោះរាជរដ្ឋាភិបាល និងសង្គមជាតិទាំងមូល ជាពិសេសក្នុងបរិបទនៃដំណើរប្រទេសសព្វថ្ងៃ និងវិបត្តិដែលត្រូវបានបង្កើតឡើងនៅព្រំដែន ដែលតម្រូវឱ្យកម្ពុជាត្រូវតែ ខ្លាំងខាងក្នុង ហើយភាពខ្លាំងនេះអាចសម្រេចទៅបាន តែនៅពេលមានការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិទាំងអស់ ទាំងរដ្ឋ ឯកជន សង្គមស៊ីវិល សារព័ត៌មាន សិក្សាធិការ សិល្បករ សិស្ស និស្សិតជាដើម ដើម្បីប្រយោជន៍ជាតិរួមរបស់យើង ទាំងអស់គ្នាប៉ុណ្ណោះ ៕





ចែករំលែកព័តមាននេះ