ខេត្តកណ្តាល ៖ កន្លែងចិញ្ចឹមត្រីឆ្តោខុសច្បាប់លួចលាក់ចំនួន៧ស្រះនៅក្នុងភូមិសាស្ត្រឃុំត្រើយស្លា និងឃុំតាលន់ ស្រុកស្អាង ត្រូវបានកម្លាំងជលផលសហការជាមួយអាជ្ញាធរស្រុកស្អាង និងកងរាជអាវុធហត្ថ ប៉ូលិសដឹកនាំដោយលោកយ៉ែម វត្ថា អភិបាលរងស្រុកស្អាងបើកយុទ្ធនាការបង្ក្រាបកាលពីព្រឹកថ្ងៃទី២១ ខែកក្កដា។ ជាលទ្ធផលកម្លាំងចម្រុះដងកូនឆ្តោចេញពីស្រះចំនួន៧បានចំនួន២៨.៥០០កូន ហើយយកទៅលែងក្នុងទន្លេបាសាក់។
ក្នុងប្រតិបត្តិការនេះ លោកសេង ធីម នាយផ្នែករដ្ឋបាលជលផលបាសាក់ឱ្យដឹងថា នេះជាលើកទី៣ហើយដែលក្រុមរដ្ឋបាលជលផលចម្រុះបានអនុវត្តការបង្ក្រាបសកម្មភាព លួចលាក់ចិញ្ចឹមត្រីឆ្តោក្នុងដែនសមត្ថកិច្ចផ្នែកបាសាក់និងខណ្ឌរដ្ឋបាលជលផលកណ្តាល។ ជាលទ្ធផល៣លើកបានចំនួន១៨ស្រះមានកូនត្រីសរុបចំនួន១២៨.០០០កូនស្ថិតនៅស្រុកពញាឮ និងស្រុកស្អាង។ លោកសេង ធីម បានបញ្ជាក់ឱ្យដឹងទៀតថា ប្រតិបត្តិការនេះគឺជាការអនុវត្តតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតាមបទបញ្ជារបស់លោកបណ្ឌិតណៅ ធួក ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលជលផល និងការគាំទ្រយ៉ាងពេញទំហឹងពីលោកឈុន ស៊ីរុន អភិបាលខេត្តកណ្តាល។ ជាមួយគ្នានេះដែរ ក្រុមសមត្ថកិច្ចចម្រុះបានធ្វើការណែនាំដល់ប្រជាពលរដ្ឋសូមឱ្យបញ្ឈប់នូវការចិញ្ចឹមត្រីឆ្តោ និងរ៉ស់ជាបន្តទៀត ដោយសុំឱ្យបងប្អូនដែលមានស្រះស្រាប់បង្វែរដាក់ចិញ្ចឹមពូជត្រីប្រភេទផ្សេងទៀតដូចជាត្រីប្រា ត្រីអណ្តែង ត្រីឆ្ពិន ត្រីក្រាញ់ ត្រីទីឡាប់យ៉ា ជាដើម ហើយការចំណេញមិនចាញ់ត្រីឆ្តោនោះឡើយ។
លោកសេង ធីម បានបញ្ជាក់ឱ្យដឹងទៀតថា បទល្មើសចិញ្ចឹមត្រីឆ្តោទាំងនេះជាការលួចលាក់ចិញ្ចឹមថ្មីៗ ព្រោះកូនត្រីនៅតូចៗនៅឡើយ។ បើសមត្ថកិច្ចចាត់វិធានការមិនទាន់ពេលវេលាទេ ពួកគាត់ជាម្ចាស់ត្រីនឹងអាចឆ្លៀតឱកាសនេសាទកូនត្រីល្អិតៗពីដែនធម្មជាតិក្នុងរដូវបិទនេសាទនេះសម្រាប់ជាចំណីត្រីឆ្តោជាក់ជាពុំខានឡើយ។ សកម្មភាពបង្ក្រាបនេះនឹងធ្វើតទៅទៀតនៅក្នុងភូមិសាស្ត្រណាដែលមានចិញ្ចឹមត្រីឆ្តោ។
បើទោះបីជាសកម្មភាព លុបបំបាត់របស់មន្ត្រីជលផលសកម្មយ៉ាងណាក្តី បើតាមសេចក្តីរាយការណ៍ប្រាប់អ្នកយកព័ត៌មានបានឱ្យដឹងថា មានបែចិញ្ចឹមត្រីឆ្តោនៅឃុំប្រាសាទ ស្រុកស្អាង ជាច្រើននៅមិនទាន់បានបង្ក្រាបនៅឡើយ រួមនិងស្រះមួយចំនួនដូចជានៅម្តុំទួលក្រសាំង ឃុំរកាខ្ពស់ នៅឃុំសិត្បូរ និងនៅក្នុងមណ្ឌលថោង សារ៉ាត់ ឃុំស្វាយរលំមានចិញ្ចឹមរាប់មឺុនកូនមិនត្រូវបានបង្ក្រាបនៅឡើយ តើទុកដល់ណាទៀត។ កុំយល់ច្រឡំថា អត់មានអ្នកណាដឹង ៕
ចែករំលែកព័តមាននេះ