ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ប្ដេជ្ញាសម្របសម្រួលការអនុវត្តតាមខ្លឹមសារនៃសេចក្ដីថ្លែងការណ៍រួមកម្ពុជា-ថៃ

16 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០២៥ នៅ​វិមាន​សន្តិភាព…

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០២៥ នៅ​វិមាន​សន្តិភាព ឯកឧត្តម នាយ​ឧត្តមសេនីយ៍ Tan Sri Hj Mohd Nizam bin Hj Jaffar អគ្គមេបញ្ជាការ​កងទ័ព​ម៉ា​ឡេ​ស៊ី បាន​ប្ដេជ្ញា​សម្រប​សម្រួលការ​អនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ ។

ក្នុង​ឱកាស​នៃ​ជំនួប​នេះ ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ា​ឡេ​ស៊ី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្ដេច​បវរ​ធិ​បតី ដែល​បាន​អនុញ្ញាត​ឱ្យ​រូប​ឯកឧត្តម និង​គណៈប្រតិភូ ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ ។

ឯកឧត្តម ក៏​បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​ដ៏​ល្អ​របស់​កម្ពុជា ក្នុង​ការ​សម្របសម្រួល​ដល់​ការ​បំពេញការងារ​របស់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ដើម្បី​ចុះ​អនុវត្ត​ភារកិច្ច​របស់​ខ្លួន​នៅ​កម្ពុជា នា​ពេល​កន្លង​មក ។

ឯកឧត្តម​អគ្គមេបញ្ជាការ​បាន​គូសបញ្ជាក់​ថា ជីវិត និង​សន្ដិភាព ពិតជា​មាន​តម្លៃ​ណាស់ ។ ក្នុង​ន័យ​នេះ​ឯកឧត្តម​បាន​បញ្ជាក់​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ឯកឧត្តម ក្នុង​ការ​ចូលរួម​ចំណែក​សម្របសម្រួល​ឱ្យ​ទទួល​បាន​នូវ​សន្តិភាព​នៃ​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បំពេញការងារ​ប្រកបដោយ​អព្យាក្រឹតភាព ក្នុង​ការ​សម្របសម្រួល​លើ​កិច្ចការ​នេះ​។

ជា​ការ​ឆ្លើយ​តប​សម្តេច​បវរ​ធិ​បតី បាន​សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ា​ឡេ​ស៊ី និង​គណៈប្រតិភូ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី ជា​ពិសេស តួនាទី​ដ៏​សំខាន់​របស់​ឯកឧត្ដម​នាយក​រដ្ឋមន្ត្រី Anwar Ibrahim ដែល​បាន​ចូលរួម​ចំណែក​ជួយ​សម្របសម្រួល​ឱ្យ​មាន​បទ​ឈប់​បាញ់ កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ និង ការ​ឈាន​ទៅ​សម្រេច​បាន​នូវ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ ដែល​បាន​ចុះហត្ថលេខា​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ា​ឡេ​ស៊ី កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ក៏​ដូច​ជា​អរគុណ​ដល់​តួនាទី​ដ៏​សកម្ម​របស់ ឯកឧត្តម​អគ្គមេបញ្ជាការ ក្នុង​ការ​ដឹកនាំ និង​សម្របសម្រួល​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន ស្រប​តាម​បទ​ឈប់​បាញ់​កម្ពុជា​-​ថៃ​, ស្មារតី​នៃ​កិច្ចប្រជុំ​គណ​:​ក​ម្មា​ធិ​ការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ និង​ខ្លឹមសារ​នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ ដែល​បាន​ចុះហត្ថលេខា​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ​។

ឆ្លៀត​ក្នុង​ឱកាស​នេះ​សម្ដេច​បវរ​ធិ​បតី បាន​ជម្រាប​ជូន​ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ា​ឡេ​ស៊ី អំពី​ស្ថានភាព និង​កា​រវិ​វត្ត នៃ​បញ្ហា​ព្រំដែន កម្ពុជា​-​ថៃ ព្រមទាំង​បាន​គូសបញ្ជាក់​អំពី​ការ​ប្ដេជ្ញា​ចិត្ត និង​ជំហរ​របស់​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​ជម្លោះព្រំដែន​នេះ​ដោយ​សន្តិវិធី ស្រប​តាម​ស្មារតី​នៃ​សេចក្តីថ្លែងការណ៍​រួម​កម្ពុជា​-​ថៃ ព្រមទាំង​ផ្អែក​លើ​ច្បាប់​អន្តរជាតិ និង កិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និង​សន្ធិសញ្ញា​ដែល​មាន​ស្រាប់​។

ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ា​ឡេ​ស៊ី បាន​ជម្រាប​ជូន​សម្ដេច​បវរ​ធិ​បតី អំពី​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ខិតខំ​ចូលរួម​ចំណែក​សម្របសម្រួល និង​ធានា​ឱ្យ​បាន​នូវ​ការ​អនុវត្ត​តាម​បទ​ឈប់​បាញ់​កម្ពុជា​-​ថៃ​, ស្មារតី​នៃ​កិច្ចប្រជុំ​គណ​:​ក​ម្មា​ធិ​ការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ និង​ខ្លឹមសារ​នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ ដែល​បាន​ចុះហត្ថលេខា​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ