ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​​០៩​នាក់ ​ពាក់ព័ន្ធ​​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ នៅ​ខណ្ឌឫស្សីកែវ

15 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ​ជនសង្ស័យ​ចំនួន​០៩​នាក់ ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ ​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ឆែកឆេរ នៅផ្ទះ​លេខ​១៤ ផ្លូវ​លេខ១៣ ស្ថិត​ក្នុង​បុរី​ពិភព​ថ្មី​ផ្លូវជាតិ​លេខ​៥ សង្កាត់​គីឡូម៉ែត្រ លេខ៦…

រាជធានី​ភ្នំពេញ​ ៖ ​ជនសង្ស័យ​ចំនួន​០៩​នាក់ ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ ​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ឆែកឆេរ នៅផ្ទះ​លេខ​១៤ ផ្លូវ​លេខ១៣ ស្ថិត​ក្នុង​បុរី​ពិភព​ថ្មី​ផ្លូវជាតិ​លេខ​៥ សង្កាត់​គីឡូម៉ែត្រ លេខ៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​ ក្រោម​ការ​សង្ស័យ​ថា​មានការ​លប​លួច​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scam) ​។

គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌឫស្សីកែវ និង​មន្ត្រី​ជំនាញ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ មានការ​សម្របសម្រួល​នីតិវិធី​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ដឹកនាំ​ប្រតិបត្តិការ​នេះ នៅ​ថ្ងៃ​ទី​០៦ ​ខែធ្នូ ឆ្នាំ​២០២៥ ដោយ​បាន​ចុះ​ត្រួតពិនិត្យ​នៅ​ទីតាំង​សង្ស័យ ហើយ​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ក្រោយ​ពី​ពួក​គេ​ធ្វើ​សកម្មភាព​លួច​យក​ព័ត៌មាន​ពី​គណនី​ធនាគារ​របស់​ជន​រង​គ្រោះជា​ច្រើន​នាក់ និង​ក្លែងបន្លំ​ឯកសារ​អត្តសញ្ញាណ ​ដើម្បី​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដោយ​មាន​គោលដៅ​ទៅ​ប្រទេស​ផ្សេង​ៗ​ ។

ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​០៩​នាក់ មាន​ជនជាតិ​កូរ៉េ​ខាងត្បូង ​ចំនួន​០៧​នាក់ ​(​ស្ត្រី​០២​នាក់​) និង​ជនជាតិ​ខ្មែរ ចំនួន​០២​នាក់ ជា​អ្នកបើកបរ​រថយន្ត​។ ជាមួយ​គ្នា​នេះ សមត្ថកិច្ច ក៏​បាន​រឹបអូស​សម្ភារៈ​ ជា​វត្ថុ​តាង ​រួម​មាន ៖ កុំព្យូទ័រ​យួរដៃ Laptop ចំនួន​០៦​គ្រឿង, កុំព្យូទ័រ All in one ចំនួន​០៤​គ្រឿង, ម៉ូនីទ័រ ចំនួន​០៦​គ្រឿង, iPad ចំនួន​០៨​គ្រឿង រួម​ជាមួយ ឯកសារ​ក្លែងបន្លំ​ដែល​មាន​ត្រា​របស់​ស្ថាប័ន​ពន្ធដារ​កូរ៉េ​, រូបភាព​អីវ៉ាន់​ផ្សេង​ៗ, រូបភាព​បង្កើត​បណ្ណ​សម្គាល់​ក្លែងក្លាយ និង​ខ្លឹមសារ​អត្ថបទ (script) សម្រាប់​និយាយ​ឆ្លើយឆ្លង​ជាមួយ​ភ្ញៀវ​ផង​ដែរ ​។

ក្រោយ​ការ​បង្ក្រាប​នេះ សមត្ថកិច្ច​ជំនាញ​បច្ចុប្បន្ន​កំពុង​សហការ​ជាមួយ ភាគី​ពាក់ព័ន្ធ ក្នុង​ការ​បន្ត​ស្រាវជ្រាវ​បន្ថែម​ទៀត ដើម្បី​ឈាន​ទៅ​វែកមុខ និង​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​មេខ្លោង​នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ ខណៈ​ជនសង្ស័យ​ត្រូវ​បាន​ប្រគល់​ជូន​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់​។ ចំណែកឯ​ទីតាំង​ខាងលើ​ត្រូវ​បាន​បិទ​បណ្តោះអាសន្ន ​។

សូម​បញ្ជាក់​ថា ក្នុង​ក្រប​ខណ្ឌ​យុទ្ធនាការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ បច្ចេកវិទ្យា​នេះ សមត្ថកិច្ច​ចម្រុះ​ទូ​ទាំង​ប្រទេស​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​យ៉ាង​តឹង​រឹង​បំផុត​ ចំពោះ​មេខ្លោង​ទាំងឡាយ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ ដោយ​គ្មាន​ការ​លើកលែង​ឡើយ ​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ