ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស្ត្រាលី​អំពាវ​នាវ​ឱ្យ​ប្រជា​ជន​ជម្លៀស​ខ្លួន​ពី​ភ្លើង​ឆេះ​ព្រៃ​ជា​បន្ទាន់​នៅ​រដ្ឋ​ញូសោស​វេល

5 ម៉ោង មុន

ទី​ក្រុង​ស៊ីដ​នី៖ ភ្លើង​ឆេះ​ព្រៃ​កំពុង​តែ​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​នៅ​រដ្ឋ​ញូ​សោស​វេល (New South Wales) ប្រទេស​អូស្ត្រាលី ។ ត្រឹម​តែ​មួយ​ប៉​ប្រិច​ភ្នែកប៉ុណ្ណោះ​​​កាល​ពី​ព្រឹក​មិញ ភ្លើង​​ដុត​​បំផ្លាញ​​​ព្រៃ​អស់​​រាប់​ពាន់​ហិច​តារ​។ ហេតុ​នេះ…

ទី​ក្រុង​ស៊ីដ​នី៖ ភ្លើង​ឆេះ​ព្រៃ​កំពុង​តែ​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​នៅ​រដ្ឋ​ញូ​សោស​វេល (New South Wales) ប្រទេស​អូស្ត្រាលី ។ ត្រឹម​តែ​មួយ​ប៉​ប្រិច​ភ្នែកប៉ុណ្ណោះ​​​កាល​ពី​ព្រឹក​មិញ ភ្លើង​​ដុត​​បំផ្លាញ​​​ព្រៃ​អស់​​រាប់​ពាន់​ហិច​តារ​។ ហេតុ​នេះ អាជ្ញា​ធរ​បាន​អំពាវ​នាវ​​ឱ្យ​ប្រជា​ជន​ជម្លៀស​ខ្លួន​ជា​បន្ទាន់​។ ​អាជ្ញា​ធរ​បាន​ចេញ​សេច​ក្ដី​ព្រមាន​​​កម្រិត​ខ្ពស់​បំផុតសម្រាប់​ឆក​សមុទ្រ​ផេ​ហ្កាន (Phegans) និង​វ៉យ​វ៉យ (Woy Woy) នៅ​តំបន់​មាត់​សមុទ្រ​ភាគ​កណ្ដាល​នៃ​រដ្ឋ​ខាងលើ​នេះ​។

ទី​តាំង​ទាំង​នោះ​មាន​ប្រជា​ជន​រស់​នៅ​ប្រហែល​ជាង​៣៥​ម៉ឺន​នាក់​ និង​ស្ថិត​នៅ​ចម្ងាយ​៤៥​គីឡូ​ម៉ែត្រ​ភាគ​ខាង​ជើង​ទី​ក្រុង​ស៊ីដ​នី។ ​រហូត​មក​ដល់​ពេល​នេះ ភ្លើង​ឆេះ​ព្រៃ​បាន​ដុត​បំផ្លាញ​ផ្ទះ​របស់​ប្រជា​ជន​១៦​ខ្នង​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​អេប៊ី​ស៊ី​អូស្ត្រាលី​។ ​​រលក​កម្ដៅ​នៅ​ញូសោស​វេល​កាល​ពី​ព្រឹក​មិញ​ដែល​ហក់​ឡើង​ដល់​៤២​អង្សា​​ក៏​ជា​កត្តា​ធ្វើ​​​​ឱ្យ​ភ្លើងឆេះ​រាល​ដាល​កាន់​តែ​ឆាប់​រហ័ស​​​។ នេះ​បើ​តាម​ការ​អះ​អាង​ថា​របស់​ការិយាល័យ​ឧតុ​និយម​។

នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី​ចេញ​សេច​ក្ដី​ប្រកាស​ថា​សូមប្រជា​ជន​ជួយ​មើល​ការ​ខុស​ត្រូវ​គ្នា​ទៅ​វិញ​ទៅ​មក និង​អនុវត្ត​តាម​សេចក្ដី​ណែ​នាំ​របស់​អាជ្ញា​ធរ​។ គិត​ត្រឹម​ល្ងាច​នេះ ភ្លើង​ឆេះ​ព្រៃ​ជាង​៥០​កន្លែង​កើត​ឡើង​ព្រម​ៗ​គ្នា​នៅ​ទូទាំង​រដ្ឋ​ញូសោស​វេល​។ ភ្លើង​ឆេះ​​ព្រៃ​នៅ​តំបន់​អាប់​ផឺ ហាន់​ថឺ (Upper Hunter) ក៏​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់​បំផុត​ផង​ដែរ​។ នៅ​ទី​​នោះ​ ភ្លើង​បាន​ដុត​បំផ្លាញ​ព្រៃ​អស់​​​ជិត​មួយ​ម៉ឺន​ហិច​តារ​។

​សម្រាប់​រដូវ​ក្ដៅ​នៅ​ប្រទេស​អូស្ត្រាលី​ឆ្នាំ​នេះ​ អាជ្ញា​ធរ​បាន​ចេញ​សេចក្ដី​អំពាវ​នាវ​ឱ្យ​ប្រជា​ជន​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ភ្លើង​ឆេះ​ព្រៃ​​ព្រោះ​ធ្លាប់​មាន​មេរៀន​ម្ដង​ហើយ​កាល​ពី​រដូវ​ក្ដៅ​ឆ្នាំ​២០១៩-​២០២០។ កាល​នោះ ភ្លើង​បាន​​​ដុត​បំផ្លាញ​ព្រៃ​​​ឈើ​ជាង​២៤​លាន​ហិចតារ​, ស្លាប់​មនុស្ស​៣៣​នាក់ និង​ស្លាប់​សត្វ​សរុប​ប្រហែល​៣​ពាន់​លាន​ក្បាល​។ ក្នុង​នោះ​មាន​ថនិក​សត្វ ល្មូន បក្សី​ និង​កង្កែប​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ