ខេត្តស្វាយរៀង ៖ ស្នូរផ្ទុះអាវុធបានលាន់ឮឡើង ដែលបង្កដោយជនជាតិចិនម្នាក់ ប្រដាប់ដោយកាំភ្លើងខ្លីបានបាញ់ចំនួន២គ្រាប់ទៅលើគូជម្លោះ បណ្តាលឲ្យរងរបួសធ្ងន់ និងបង្កឲ្យមាន
ការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមដងផ្លូវ និងអ្នកមានលំនៅឋានក្បែរនោះផងដែរ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិចិនដែលរងរបួសធ្ងន់នេះបានទាស់សម្តីគ្នាជាមួយនឹងសន្តិសុខកាស៊ីណូ ហើយដកកាំភ្លើងក៏រៀលកៃត្រូវខ្លួនឯង តែមិនស្លាប់ទេ និងត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅមន្ទីរពេទ្យ នៅឯរាជធានីភ្នំពេញដើម្បីសង្គ្រោះ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៦និង១០នាទីល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ នៅមុខកាស៊ីណូកញ្ចក់ តាមផ្លូវជាតិលេខ១ ជិតច្រកទ្វារព្រំដែនអន្តរជាតិបាវិត ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។
លោកអធិការនគរបាលក្រុងបាវិត បានប្រាប់កោះសន្តិភាពនៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ថា ករណីផ្ទុះអាវុធចំនួន២គ្រាប់នេះ គឺជាករណីរៀលកៃកាំភ្លើងខ្លី ។ មូលហេតុដែលនាំឲ្យមានការផ្ទុះអាវុធនេះ គឺផ្តើមឡើងពីជនជាតិចិនម្នាក់នោះមានជម្លោះពាក្យសម្តីជាមួយសន្តិសុខកាស៊ីណូ ពីរឿងចតរថយន្ត ហើយមិនដឹងជាយ៉ាងម៉េច ស្រាប់តែរៀលកៃកាំភ្លើងខ្លីផ្ទុះចំនួន២គ្រាប់ត្រូវខ្លួនឯង របួសធ្ងន់ដេកដួលនៅលើឥដ្ឋតែម្តង ។
ប្រភពដដែលបន្តថា មុនដំបូង មហាជនបានដាក់ការសង្ស័យថា ជនជាតិចិនឈ្លោះគ្នា ហើយបាញ់ប្រហារគ្នា ទើបបណ្តាលឲ្យជនជាតិចិនម្នាក់របួស ។ លុះសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ ពិនិត្យ ធ្វើកោសល្យវិច័យ និងសាកសួរសន្តិសុខនៅយាមកាស៊ីណូ ត្រូវបានប្រាប់ថាជាករណីរៀលកៃកាំភ្លើងខ្លួនឯងត្រូវ១គ្រាប់ និង១គ្រាប់ទៀតឃើញក្បាលគ្រាប់ធ្លាក់នៅជិតកន្លែងកើតហេតុ ហើយកាំភ្លើងខ្លីនៅជិតដៃជនរងគ្រោះ ។
ក្រាយពីពិនិត្យនិងធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានប្រគល់ជនជាតិចិនដែលរងរបួសធ្ងន់នោះ ទៅឲ្យក្រុមគ្រូពេទ្យបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ប៉ុន្តែដោយសាររបួសធ្ងន់ ក៏បានបញ្ជូនបន្តទៅមន្ទីរពេទ្យនៅឯរាជធានីភ្នំពេញទៀត ។
ចំណែកកាំភ្លើងខ្លី១ដើម ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក និងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការតាមនីតិវិធី ៕




ចែករំលែកព័តមាននេះ