រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ មានប្រជាពលរដ្ឋប្រុសស្រី៨ នាក់មកពីសង្កាត់កន្ទោក ខណ្ឌកំបូល ដែលអះអាងថា ជាកូនតុងទីន បាននាំគ្នាជិះម៉ូតូទៅសាលាដំបូងរាជធានីភ្នំពេញ ប្តឹងចោទប្រកាន់មេតុងទីនម្នាក់ ពាក់ព័ន្ធករណីក្បត់ទំនុកចិត្តស៊ីដាច់ប្រាក់ពួកគាត់ជាង៨ម៉ឺនដុល្លារអាមេរិក ហើយគេចខ្លួនបាត់ ។

ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋទាំង៨នាក់នោះ បានដាក់ចូលស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងចោទប្រកាន់ទៅលើឈ្មោះ គៀម ស្រី ហៅម៉ា ភេទស្រី អាយុ៦៥ឆ្នាំ មានគណនីហ្វេសប៊ុកឈ្មោះ «ចុងភៅ តាន់ហ្វត» អាសយដ្ឋាននៅភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ពីបទ.រំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅរាជធានីភ្នំពេញ ។

យោងតាមពាក្យបណ្តឹងបានបញ្ជាក់ថា ពួកគាត់នឹងឈ្មោះ គៀម ស្រី ហៅម៉ា ជាអ្នកស្គាល់រាប់អានគ្នាយូរឆ្នាំមកហើយ ហើយនៅអំឡុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ ពួកគាត់ក៏បានចូលរួមលេងតុងទីនជាមួយឈ្មោះគៀម ស្រី ហៅម៉ា ចំនួន៧៦ក្បាល ក្នុងមួយក្បាល១០០ ដុល្លារ ដោយក្នុង១ខែដេញ២ដង នឹងតុងទីនមួយក្បាល៥០ដុល្លារ ក្នុង១ខែដេញ២ដង ចំណែកតុងទីនក្បាល២៥ដុល្លារ ក្នុង១អាទិត្យដេញម្តង ។

ពួកគាត់ទាំង៨នាក់ បានបង់ប្រាក់ឲ្យទៅមេតុងទីនឈ្មោះ គៀម ស្រី ហៅម៉ា ជារៀងរាល់ពេលកំណត់ សរុបទឹកប្រាក់ទាំងអស់ដែលបានបង់រួច មានចំនួន៨១១២៥ ដុល្លារអាមេរិក ។ លុះនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ជាវេនកូនតុងទីនម្នាក់ ត្រូវដេញយកប្រាក់នោះទៅប្រើប្រាស់ ហើយក៏បានទាក់ទងទៅមេតុងទីនឈ្មោះ គៀម ស្រី ហៅម៉ា តែបែរជាមិនលើកទូរស័ព្ទ ថែមទាំងគេចខ្លួនបាត់ទៀត ។

ដោយមើលឃើញទង្វើនឹងសកម្មភាពទុច្ចរិតរបស់មេតុងទីនឈ្មោះ គៀម ស្រី ហៅម៉ា យ៉ាងដូច្នេះ ពួកគាត់បានសម្រេចចិត្តនាំគ្នាមកដាក់ពាក្យបណ្តឹង នៅស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យជួយចាត់ការលើបុគ្គលជាមេតុងទីនរូបនេះ ទៅតាមផ្លូវច្បាប់ ។ ដែលក្នុងនោះពួកគាត់មានសំណូមពរ៣ចំណុច ៖

១-ស្នើសុំផ្តន្ទាទោសឈ្មោះ គៀម ស្រី ហៅម៉ា តាមច្បាប់កំណត់ ។
២-បង្គាប់ឲ្យឈ្មោះគៀម ស្រី ហៅម៉ា សងប្រាក់ដើម ជំងឺចិត្តនិងការខាតបង់ពេលវេលា ត្រឡប់ឲ្យទៅពួកគាត់កូនតុងទីនវិញ ។
៣-ស្នើសុំទាមទារប្រាក់សំណងជំងឺចិត្ត និងការខូចខាតផ្នែក កិត្តិយស ក៏ដូចជាពេលវេលា មកឲ្យដើមបណ្តឹងទាំងអស់សរុបចំនួន៤៧៣៥០ដុល្លារអាមេរិក ៕
ចែករំលែកព័តមាននេះ