រាជធានីភ្នំពេញ ៖ ថៅកែរោងចក្រកាត់ដេរសម្លៀកបំពាក់ម្នាក់ជាជនជាតិចិន បានជំពាក់ប្រាក់ថ្លៃកាតុងថៅកែជនជាតិចិនម្នាក់ទៀតជាង៣ម៉ឺនដុល្លារ អស់រយៈពេលជាង១ឆ្នាំមកហើយ អត់ទាន់សងនៅឡើយ ។ បន្ទាប់មក មានបុរសជនជាតិចិនម្នាក់ទៀត ជាប្រធានផ្នែកទីផ្សាររោងចក្រផលិតកាតុង បានបើករថយន្ត១គ្រឿងទៅទារប្រាក់ដល់រោងចក្រ ។
ពេលនោះ ក៏មានទំនាស់គ្នាជាមួយថៅកែរោងចក្រដែលជាកូនបំណុលនោះ ហើយត្រូវថៅកែរូបនោះ និងកូនប្រុសម្នាក់ចាប់វាយ ដោយកូនប្រុសជាអ្នកចាប់ ហើយឪពុកជាអ្នកវាយ ។ ខណៈនោះ ដោយសារតែមានការភិតភ័យ ប្រធានផ្នែកទីផ្សារដែលជាអ្នកទៅទារប្រាក់ បានឡើងបើករថយន្តរត់ ក៏ជ្រុលទៅបុកថៅកែរោងចក្រខាងលើ បណ្ដាលឲ្យរបួសធ្ងន់ និងស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យ ។ បន្ទាប់មក បុរសនោះ ក៏ត្រូវនគរបាលឃាត់ខ្លួនភ្លាមៗដែរ ។ នេះបើតាមការអះអាងប្រាប់ឲ្យដឹងពីសំណាក់នគរបាលនៃអធិការដ្ឋានខណ្ឌដង្កោ ។
ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ២រសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ នៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ «អូឡៃហ្វា ខេមបូឌា ហ្គាម៉ិន ខូអិល ធីឌី» ដែលមានទីតាំងស្ថិតនៅតាមផ្លូវ៣០ម៉ែត្រ ក្នុងភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ ។
នៅពុំទាន់មានការអះអាងប្រាប់ឲ្យដឹង អំពីអត្តសញ្ញាថៅកែរោងចក្រខាងលើ និងជាកូនបំណុល ដែលបានរងគ្រោះដល់ស្លាប់បាត់បង់ជីវិតនោះនៅឡើយទេ ។ ចំណែកបុរសដែលទៅទារប្រាក់បំណុល និងបើករថយន្តជ្រុលទៅបុកបណ្ដាលឲ្យថៅកែរោងចក្រខាងលើស្លាប់នោះ ក៏មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណដែរ ។ បុរសនេះ ជាប្រធានផ្នែកទីផ្សារនៅរោងចក្រផលិតកាតុង ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
នគរបាលខណ្ឌដង្កោបានឲ្យដឹងទៀតថា មុនដំបូង នគរបាលបានទទួលដំណឹងមកថា មានករណីជនជាតិចិនម្នាក់បើករថយន្តបុកជនជាតិចិនដូចគ្នាម្នាក់ ដែលជាថៅកែរោងចក្រផ្ទប់នឹងជញ្ជាំងរោងចក្រ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានកូនប្រុសបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្តែជាអកុសល ក្រោយមកថៅកែរូបនោះក៏បានស្លាប់បាត់បង់ជីវិត ។
បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចុះទៅធ្វើការស្រាវជ្រាវដល់កន្លែងកើតហេតុ ទើបដឹងថា ជារឿងជនរងគ្រោះនិងកូនប្រុសវាយអ្នកទៅទារបំណុល ហើយអ្នកទារបំណុលភ័យ បើករថយន្តរត់ក៏ជ្រុលទៅបុកបង្កឲ្យមានគ្រោះថ្នាក់កើតឡើង ។
នគរបាលបានឲ្យដឹងទៀតថា បុរសជនជាតិចិនដែលមានតួនាទីជាប្រធានផ្នែកទីផ្សាររោងចក្រផលិតក្រដាសកាតុងខាងលើ បានបើករថយន្តតូយ៉ូតារ៉ាស់ ទៅទារប្រាក់ពីថៅកែរោងចក្រខាងលើ ដល់ក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ «អូឡៃហ្វា ខេមបូឌា ហ្គាម៉ិន ខូអិល ធីឌី» នោះ ។ ប្រាក់ដែលជំពាក់នោះ មានចំនួន៣៤០០០ដុល្លារ ជាថ្លៃទិញក្រដាសកាតុង ហើយរយៈពេលជាង១ឆ្នាំមកហើយមិនទាន់បានទូទាត់សងនៅឡើយ ។ លុះពេលទៅដល់ថៅកែរោងចក្របានប្រាប់ថាសងខ្លះ ប៉ុន្តែម្ចាស់បំណុលអត់ព្រមយក ។
ខណៈនោះ ក៏មានការទាស់ពាក្យសម្ដីគ្នា ហើយត្រូវថៅកែរូបនោះ និងកូនប្រុសម្នាក់ ចាប់វាយ គឺកូនប្រុសជាអ្នកចាប់ ឪពុកជាអ្នកវាយ ។ ដោយសារតែម្នាក់ឯងមានការភិតភ័យ បុរសដែលទៅទារបំណុលនោះបាននិយាយថា ខ្លួនឈប់យកប្រាក់នោះហើយ ។
នគរបាលប្រាប់ទៀតថា ពេលនោះថៅកែរោងចក្រដែលជាកូនបំណុល បាននិយាយថា អត់ទេ អញវាយឯងឲ្យងាប់តែម្ដង ស្របពេលមានស្ត្រីផ្នែកគណនេយ្យម្នាក់បើកទ្វារបន្ទប់ចូលទៅ បុរសអ្នកទារប្រាក់ក៏ស្ទុះរត់ចេញក្រៅ រួចចុះទៅក្រោម ហើយក៏មានជនជាតិខ្មែរម្នាក់វាយបន្ថែមទៀត ។
បន្ទាប់មក បុរសនោះបានរត់ចូលទៅក្នុងរថយន្ត ដើម្បីបើកចេញ ហើយត្រូវសន្តិសុខបិទទ្វារអត់ឲ្យចេញ តែបុរសនោះនៅតែព្យាយាមបើកទៅមុខ ក៏ជ្រុលទៅបុកថៅកែរោងចក្ររូបនោះបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ស្លាប់បែបនេះតែម្ដង ។
នគរបាលបានអះអាងប្រាប់ដែរថា ក្រោយពេលកើតហេតុ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានបញ្ជាកងកម្លាំងឲ្យទៅពិនិត្យដល់ទីកន្លែង និងឃើញរថយន្តរបស់បុរសដែលជាអ្នកទៅទារប្រាក់ និងជាអ្នកបើករថយន្តបុកមនុស្សស្លាប់នោះ មានស្នាមខូចខាតដោយការវាយផងដែរ ។ បន្ទាប់មក កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនបុរសនោះ រួចនាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាម
ច្បាប់ ៕
ចែករំលែកព័តមាននេះ