រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង០៤និង៤០នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះតាមរយៈលេខទូរសព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីហិង្សា បង្កឡើងដោយជនសង្ស័យ ០១ក្រុម មានគ្នា០៣នាក់ បានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះបណ្ដាលឱ្យរងរបួសបែកក្បាលនៅផ្នែកខាងក្រោយ នៅចំណុចមុខក្លឹបមួយកន្លែង ផ្លូវវេងស្រេង ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នេះបើយោងតាមលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានចុះទៅដល់កន្លែងកើតហេតុរួចធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ មានឈ្មោះ ជួប ជិនឈាន ហៅ ឃ្លី ភេទប្រុស អាយុ ២៣ឆ្នាំ និងឈ្មោះ ណា រ៉ូ ភេទប្រុស អាយុ២៦ឆ្នាំ នៅចំណុចដីឡូតិ៍ទុកចោលមួយកន្លែង ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រួចបញ្ជូនទៅការិយាល័យជំនាញ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
វត្ថុតាងចាប់យក ៖ ១.ម្សៅក្រាមសរថ្លាចំនួន០១កញ្ចប់តូច ២.ខ្សែក្រវ៉ាត់ពណ៌ក្រហមមួយខ្សែវត្ថុតាងធ្វើសកម្មភាពទៅលើជនរងគ្រោះ រួមនឹងសម្ភារៈមួយចំនួនទៀត ។
ក្រោមវិធានការជំនាញ ជនសង្ស័យទាំង០២នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកពិតជាបានធ្វើសកម្មភាពវាយ និងទាត់ធាក់ទៅលើជនរងគ្រោះពិតប្រាកដមែន ដោយ ពេលធ្វើសកម្មភាព មានគ្នា ៣នាក់ ដោយម្នាក់ ឈ្មោះ ឡុង ភេទប្រុស អាយុប្រហែល២០ឆ្នាំជាង បានរត់គេចខ្លួន ហើយពួកខ្លួនក៏ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនផងដែរ ។
ជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត ៕
ចែករំលែកព័តមាននេះ