ទីក្រុងកៀវ៖ ក្រសួងការពារជាតិរុស្ស៊ីថ្លែងថាយោធារបស់ខ្លួនទើបតែវាយប្រហារអ៊ុយក្រែនដោយមីស៊ីលផ្លោងម៉ាកអូរេស្នីកដែលជាប្រភេទមីស៊ីលរយៈចម្ងាយមធ្យម ហើយអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។ រុស្ស៊ីប្រើមីស៊ីលនេះដើម្បីសងសឹកករណីដែលអ៊ុយក្រែនប៉ុនប៉ងវាយប្រហារផ្ទះរបស់លោកពូទីន។ អាមេរិកថ្លែងថារុស្ស៊ីអះអាងថាអ៊ុយក្រែនចង់វាយប្រហារផ្ទះលោកពូទីននោះខ្លួនមិនជឿទេ។ ចំណែកអ៊ុយក្រែនចាត់ទុកថាការអះអាងរបស់រុស្ស៊ីនោះជាការនិយាភូតកុហក។

រុស្ស៊ីថាកាលពីពេលរំលងអធ្រាត្រឆ្លងចូលព្រឹកថ្ងៃសុក្រ យោធារបស់ខ្លួនវាយប្រហារជាលក្ខណៈសងសឹកទៅលើអ្វីដែលខ្លួនចាត់ទុកថាជាអំពើភេរវកម្មរបស់អ៊ុយក្រែនទៅលើផ្ទះលោកពូទីននៅនូវហ្គោរ៉ូត (Novgorod)។ ក្រសួងការពារជាតិរុស្ស៊ីថ្លែងថាយោធារបស់ខ្លួនខ្លួនបានប្រើប្រាស់អាវុធដែលបាញ់ចេញពីដីគោក និងសមុទ្រសំដៅទៅប្រទេសអ៊ុយក្រែន។ ក្នុងនោះក៏មានផងដែរយានហោះលើអាកាសគ្មានមនុស្សបើក និងមីស៊ីលអូរេស្នីករយៈចម្ងាយមធ្យមអាចចល័តបាននៅលើដីគោក។

រុស្ស៊ីថាការវាយប្រហារលើកនេះចំទីតាំងសំខាន់ៗរបស់អ៊ុយក្រែន។ រុស្ស៊ីប្រើប្រាស់មីស៊ីលនេះតែនៅក្នុងដំណាក់កាលសំខាន់ៗប៉ុណ្ណោះ ហើយប្រើលើកនេះជាលើកទី២។ ដោយសារមីស៊ីលនេះមានល្បឿនលឿន និងបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរថែមទៀតនោះ អឺរ៉ុប និងអង្គការណាតូមិនអាចលេងសើចបានទេ ស្រួលមិនស្រួលអាចនាំគ្រោះថ្នាក់ដល់ខ្លួន។ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ លោកពូទីនទទួលស្គាល់ថារុស្ស៊ីបានបានបាញ់មីស៊ីលនេះចូលតំបន់ឌីនីប្រូដើម្បីជាការសាកពិសោធអាវុធនៅក្នុងសមរភូមិជាក់ស្ដែង។

អាមេរិកធ្លាប់បានព្រមានតាំងពីមុននេះថាខ្លួនទទួលបានព័ត៌មានច្បាស់ការណ៍ថារុស្ស៊ីត្រៀមវាយប្រហារទ្រង់ទ្រាយធំទៅលើអ៊ុយក្រែន។ ស្ថានទូតអាមេរិកប្រចាំទីក្រុងកៀវបានចេញសេចក្ដីអំពាវនាវទៅជនជាតិរបស់ខ្លួនដើម្បីឲ្យពួកគេត្រៀមរត់គេចខ្លួនជាបន្ទាន់បើមើលស្ថានភាពមិនស្រួលកើតឡើង។ អ៊ុយក្រែនថ្លែងថាមនុស្សបួននាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនៅទីក្រុងកៀវ ខណៈដែលមនុស្ស២២នាក់ទៀតរងរបួស។ នេះបើតាមការផ្សាយរបស់ញូស្វីក និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ