ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​គ្នា​ទៅ​លួច​មាន់គក ត្រូវ​ម្ចាស់​ឃើញ​ទាន់​ដេញ​តាម ជនសង្ស័យ​ភ័យ​ពេក​ជិះ​ម៉ូតូ​រត់​ដួល​ស្លាប់ម្នាក់ ​របួស​២នាក់

12 ម៉ោង មុន

រាជធានីភ្នំពេញ ​៖ ជនសង្ស័យ ​ជា​ក្មេង​ជំទង់ ​១​ក្រុម ​មាន​គ្នា​៥​នាក់ ​បាន​នាំ​គ្នា​ទៅ​លួច​មាន់គក ​នៅផ្ទះ​អ្នក​ភូមិ​មួយ​កន្លែង ហើយ​ត្រូវ​បាន​ម្ចាស់​មាន់​ឃើញ​ទាន់ ក៏​បាន​ជិះ​ម៉ូតូ​ដេញ​តាម…

រាជធានីភ្នំពេញ ​៖ ជនសង្ស័យ ​ជា​ក្មេង​ជំទង់ ​១​ក្រុម ​មាន​គ្នា​៥​នាក់ ​បាន​នាំ​គ្នា​ទៅ​លួច​មាន់គក ​នៅផ្ទះ​អ្នក​ភូមិ​មួយ​កន្លែង ហើយ​ត្រូវ​បាន​ម្ចាស់​មាន់​ឃើញ​ទាន់ ក៏​បាន​ជិះ​ម៉ូតូ​ដេញ​តាម ខណៈនោះ​ ជនសង្ស័យ​ភ័យ​ពេក​ បាន​ជិះ​ម៉ូតូ​រត់​យ៉ាង​លឿន លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​ផ្លូវ​កោង​ បាន​ជ្រុល​ធ្លាក់​ផ្លូវ បន្ទាប់​មក​ក៏​ខំ​កាច់ចង្កូត​ឡើង​មក​លើ​ផ្លូវ​វិញ តែ​ជា​អកុសល​បុក​ចិញ្ចើម​ផ្លូវ បណ្ដាល​ឲ្យ​ដួល​បោកផ្ទប់​ថ្នល់​ស្លាប់​១​នាក់ ​របួសធ្ងន់​១​នាក់ និង​របួសស្រាល​១​នាក់ ។

ឧប្បត្តិហេតុ​នោះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០២៥ នៅ​តាម​ផ្លូវ​បេតុង​ភូមិ​គោក​ខ្សាច់ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

ក្មេង​ប្រុស​ជំទង់​ ដែល​ស្លាប់​ឈ្មោះ ​រតនៈ លី​ន​ម៉េ​ង អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កប់​ភ្លុក សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល។ អ្នក​របួសធ្ងន់​ឈ្មោះ​ ហេង សុខ​ហៃ អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល។ រីឯ​អ្នក​របួសស្រាល​ឈ្មោះ​ នៅ ដេ​វីត អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយឡែក​បក្ខពួក​២​នាក់​ទៀត​ មិន​ស្គាល់​អត្តសញ្ញាណ ។

ក្មេង​ប្រុស​ជំទង់​ឈ្មោះ ​នៅ ដេ​វីត បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ ពួក​ខ្លួន​មាន​គ្នា​៥​នាក់ ​ជិះ​ម៉ូតូ​២​គ្រឿង ​ទៅ​ភូមិ​ភ្លើង​ឆេះ​រទេះ​លិច សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល ហើយ​មុន​ដំបូង ​ខ្លួន​និង​ឈ្មោះ​ ហេង សុខ​ហៃ ដែល​រង​របួសធ្ងន់ ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1KZ-9250 ។ ចំណែកឈ្មោះ ​រតនៈ លី​ន​ម៉េ​ង​ ដែល​ស្លាប់ ​ជិះ​ម៉ូតូ​១​គ្រឿង​ទៀត​ ម៉ាក​ហុងដា​ស្កូ​ប​ពី​ ជាមួយ​បក្ខពួក​២​នាក់​ទៀត លុះ​ពេល​ទៅ​ដល់​បាន​ចូល​លួច​មាន់គក​នៅ​ក្នុង​ផ្ឬះ​មួយ​កន្លែង ដោយ​ឈ្មោះ​ រតនៈ លី​ន​ម៉េ​ង ដែល​ជិះ​ពីក្រោយ​គេ​ គឺជា​អ្នក​ចុះ​ទៅ​ចាប់​មាន់ ។

ក្មេង​ប្រុស​រូប​នោះ ​បាន​និយាយ​បន្ត​ថា ប៉ុន្តែ​ខណៈនោះ​ ត្រូវ​បាន​ម្ចាស់​មាន់​ឃើញ​ទាន់ ឈ្មោះ​ រតនៈ លី​ន​ម៉េ​ង​(​អ្នក​ស្លាប់​) ក៏​រត់ឡើង​ជិះម៉ូតូ​ហុងដា​ឌ្រី​ម​ ជាមួយ​ខ្លួន​វិញ ​និង​នាំ​គ្នា​ជិះ​គេចខ្លួន ដោយពេល​នោះ​ឈ្មោះ​ ហេង សុខ​ហៃ ជា​អ្នក​បើក​ម៉ូតូ ចំណែក​ខ្លួន​ជិះ​កណ្ដាល និង​ឈ្មោះ​រតនៈ លី​ន​ម៉េ​ង ជិះ​ខាងក្រោយ។ ដោយឡែក​ម្ចាស់​មាន់ ​ក៏​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​ដែរ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​ផ្លូវ​កោង បាន​ជ្រុល​ធ្លាក់​ផ្លូវ បន្ទាប់​មក​បាន​កាច់ចង្កូត​ឡើង​មក​លើ​ផ្លូវ​វិញ តែ​ជា​អកុសល​បុក​ចិញ្ចើម​ផ្លូវ​បេតុង បណ្ដាល​ឲ្យ​ដួល​បោក​ផ្ទប់​ថ្នល់ ស្លាប់​ និង​របួសធ្ងន់​ស្រាល​បែប​នេះ​តែ​ម្ដង ហើយ​បក្ខពួក​២​នាក់​ទៀត ​គេចខ្លួន​បាត់ ។

បើ​តាម​ប្រជាពលរដ្ឋ​ ដែល​ទៅ​ចោមរោម​មើល​នៅ​កន្លែង​កើតហេតុ​នោះ​ បាន​និយាយ​ថា ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​ អ្នក​ភូមិ​បាន​បាត់​សត្វ​មាន់ ទា និង​ក្ងាន ជា​បន្តបន្ទាប់​ ដែល​ពួក​គាត់​បាន​ដាក់​ការ​សង្ស័យ​ថា ​ក្រុម​ក្មេង​ទាំងនេះ​ ជា​អ្នក​លួច។ ដោយឡែក​នគរបាល​ប៉ុស្តិ៍​ភ្លើង​ឆេះ​រទេះ​និង​នគរបាល​ខណ្ឌ​កំ​បូល ​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែង ប៉ុន្តែ​មិន​បាន​ឃាត់ខ្លួន​យុវជន​ ដែល​នៅ​រស់​ទេ ដោយសារ​តែ​ពុំ​មាន​ភស្តុ​តាង និង​គ្មាន​អ្នក​ប្ដឹង​ពី​ការ​បាត់បង់​មាន់ ទា ក្ងាន​ដើម្បី​ដាក់បន្ទុក​លើ​ពួក​នោះ។ បន្ទាប់​មក ​នគរបាល​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​អ្នក​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ហើយ​នគរបាល​បាន​នាំ​យក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​កំ​បូ​ល ជាបណ្ដោះអាសន្ន​សិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ