រាជធានីភ្នំពេញ ៖ កម្ពុជាបានច្រានចោលការផ្សាយរបស់សារព័ត៌មានរបស់ Nikkei Asia ចំពោះការចោទប្រកាន់ទាក់ទងនឹងអំពីបញ្ហាមីននៅតំបន់ព្រំដែននេះ គ្មានមូលដ្ឋានធ្វើដោយឯកតោភាគី និងផ្ទុយពីការពិត ។
យោងតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៣ ធ្នូ ឆ្នាំ២០២៥ របស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) ច្រានចោលដាច់ខាត ចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃដែលចុះផ្សាយក្នុងសារព័ត៌មាន Nikkei Asia កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ដោយចោទប្រកាន់ថា កម្ពុជាបានដាក់មីនថ្មី នៅតាមបណ្តោយព្រំដែន និងទាមទារឱ្យប្រើប្រាស់វិធានការក្រោមមាត្រា៨នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។អាជ្ញាធរមីនកម្ពុជាសូមបញ្ជាក់ថា ការចោទប្រកាន់នេះ គឺគ្មានមូលដ្ឋាន ធ្វើដោយឯកតោភាគី និងផ្ទុយពីការពិត ។
អាជ្ញាធរមីនបានលើកឡើងថា កម្ពុជាមិនមានប្រើប្រាស់មីនប្រឆាំងមនុស្សចាប់តាំងពីបានចូលជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ។ រយៈពេលជាង៣០ឆ្នាំកន្លងមកនេះ កម្ពុជាមិនមានប្រើប្រាស់មីន ហើយកងកម្លាំងយោធារបស់កម្ពុជា បានអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារាជរដ្ឋាភិបាល និងកាតព្វកិច្ចអន្តរជាតិ ។
កម្ពុជាមិនមានបទបញ្ជា ឬការអនុញ្ញាតណាដែលអនុញ្ញាតឱ្យប្រើប្រាស់មីន ហើយកម្ពុជាបានប្រកាន់ខ្ជាប់នូវគោលការណ៍តម្លាភាព និងកិច្ចសហប្រតិបត្តិការ និងបានបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងសកម្មភាពកំចាត់មីន ដែលជាសក្ខីភាពនៃការប្តេជ្ញាចិត្ត ចំពោះអនុសញ្ញាអូតាវ៉ា ។
ប្រភពថា ផ្ទៃដីមានមីននៅតាមតំបន់ព្រំដែន គឺជាកេរ្តិ៍ដំណែលបន្សល់ទុកពីសង្គ្រាមរវាង
តួអង្គជាច្រើន ពីទសវត្សរ៍ឆ្នាំ១៩៧០ ដល់១៩៩០ ។
ជាមួយគ្នានោះដែរ ថៃតែងតែធ្វើសកម្មភាពបោសសម្អាតមីន និងសកម្មភាពផ្សេងៗ ដោយឯកតោភាគីនៅតាមបណ្តោយព្រំដែន ដោយគ្មានការសម្របសម្រួល គ្មានតម្លាភាព ហើយមិនគោរពតាមយន្តការដែលមានស្រាប់ ។ ទង្វើបែបនេះ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងផ្ទុយទៅនឹងស្មារតីមនុស្សធម៌ និងសហប្រតិបត្តិការរបស់អនុសញ្ញាអូតាវ៉ា។ សកម្មភាពមីនមនុស្សធម៌ត្រូវតែអនុវត្តប្រកបដោយវិជ្ជាជីវៈ អព្យាក្រឹតភាព និងការគោរពគ្នាទៅវិញទៅមក មិនមែនជាសកម្មភាពឯកតោភាគី ឬដើម្បីបម្រើគោលបំណងនយោបាយឡើយ ។
សកម្មភាពមីនរបស់កម្ពុជាមានតម្លាភាព មានភាពឈានមុខ និងស្របតាមគោលការណ៍ មនុស្សធម៌ ។ កម្ពុជាសម្រេចបានសមិទ្ធផលសំខាន់ៗ ដែលបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិ។ កម្ពុជាបានបោសសម្អាតផ្ទៃដីមានមីនជាង៣ពាន់គីឡូម៉ែតការ៉េ ដោយបានរកឃើញ និងកម្ទេចចោលមីនប្រឆាំងមនុស្សប្រមាណជាង១,២លានគ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ប្រមាណជាង៣លានគ្រាប់។ កម្ពុជាគាំទ្រយ៉ាងមុតមាំដល់សកម្មភាពបោសសម្អាតមីន និងមិន ដែលរារាំងដល់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌របស់ប្រទេសជិតខាងឡើយ ។ កម្ពុជាតែងតែជំរុញ និងពង្រឹងការបោសសម្អាតមីនមនុស្សធម៌ ដោយលើកកម្ពស់កិច្ចសហប្រតិបត្តិការតាមរយៈការសន្ទនា ការព្រមព្រៀងរវាងគ្នានិងគ្នា និងការប្រើប្រាស់យន្តការរួមដែលមានស្រាប់ ដើម្បីធានាថា បញ្ហាព្រំដែនទាំងអស់ ត្រូវបានដោះស្រាយដោយសន្តិភាព និងប្រកបដោយវិជ្ជាជីវៈ។
បញ្ហាមនុស្សធម៌មិនគួរត្រូវប្រើប្រាស់ក្នុងនិន្នាការនយោបាយឡើយ ។ កម្ពុជាសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ដោយឃើញថា ការចោទប្រកាន់ដោយគ្មានការស៊ើបអង្កេតត្រឹមត្រូវ និងមិន ស្របតាមទិដ្ឋភាពបច្ចេកទេស ត្រូវបានប្រើប្រាស់ក្នុងចេតនានយោបាយ ហើយធ្វើឱ្យបាត់បង់ទំនុកចិត្ត និងបំផ្លាញវឌ្ឍនភាពដែលកម្ពុជាសម្រេចបាន ជាច្រើនទសវត្សរ៍កន្លងមកនេះ ។ សកម្មភាពមីន គួរតែជាកិច្ចការមនុស្សធម៌ និងមិនគួរត្រូវបានប្រើប្រាស់ជាឧបករណ៍នយោបាយណាមួយឡើយ ។ កម្ពុជានៅតែឈរលើគោលការណ៍ភស្តុតាងកិច្ចសហការ និងយន្តការដែលមានស្រាប់ និងប្រកាន់ខ្ជាប់គោលការណ៍មនុស្សធម៌ក្នុងសកម្មភាពមីន ។
អាជ្ញាធរមីនបានលើកឡើងថា ថៃម្តងហើយម្តងទៀត បានប្រើប្រាស់ឧប្បត្តិហេតុផ្ទុះមីន ជាយុទ្ធសាស្ត្រដើម្បីបំផ្លាញសមិទ្ធផល និងការរួមចំណែកសកម្មភាពមីនរបស់កម្ពុជា និងបំផ្លាញកេរ្តិ៍ឈ្មោះរបស់កម្ពុជា ដែលជារដ្ឋភាគីមានការប្តេជ្ញាខ្ពស់ចំពោះអនុសញ្ញាអូតាវ៉ា។ការប្រើប្រាស់បញ្ហាមីនដើម្បីបង្កសកម្មភាព និងបញ្ហានានាដោយថៃ បានរំលោភបំពានស្មារតីនៃ អនុសញ្ញាអូតាវ៉ា និងធ្វើឱ្យមានភាពបែកបាក់វាងរដ្ឋភាគី និងសហគមន៍អន្តរជាតិ។ ថៃបានប្រើឧប្បត្តិហេតុផ្ទះមីនជាហេតុផស ដើម្បីបង្កជម្លោះប្រដាប់អាវុធជាមួយកម្ពុជា និងឈ្លានពានលើទឹកដីកម្ពុជា ដោយផ្អែកលើផែនទីឯកតោភាគីរបស់ខ្លួន។
សេចក្តីប្រកាសព័ត៌មានបានលើកឡើងទៀតថា ថៃបានប្រើប្រាស់ឧប្បត្តិហេតុ ផ្ទុះមីន ដើម្បីបង្វែរចំណាប់អារម្មណ៍របស់សាធារណជន និងសហគមន៍អន្តរជាតិ ចេញពីការ បំផ្លិចបំផ្លាញ និងការខូចខាតដ៏ធំធេង ដែលបង្កដោយយោធាថៃមកលើកម្ពុជា ក្នុងអំឡុងពេល សង្គ្រាមប្រាំថ្ងៃ និងការរំលោភបំពានលើកិច្ចព្រមព្រៀងគូឡាឡាំពួរ និងសេចក្តីថ្លែងការរួមគ្នា។
ជាមួយគ្នានោះដែរ កម្ពុជាអំពាវនាវឱ្យមានការវាយតម្លៃប្រកបដោយវិជ្ជាជីវៈ អព្យាក្រឹតភាព និងផ្អែកលើភស្តុតាង និងស្នើដល់គ្រប់ភាគីពាក់ព័ន្ធ និងរដ្ឋភាគីទាំងអស់ជំរុញឱ្យមានការស៊ើបអង្កេតបច្ចេកទេសរួមគ្នា មានការចូលរួមពីតួអង្គអព្យាក្រឹត និងគោរពយន្តការដែលមានស្រាប់ ចៀសវាងការចោទប្រកាន់ ជាឯកតោភាគី ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់អនុសញ្ញាអូតាវ៉ា ។ កម្ពុជានៅតែបន្តប្តេជ្ញារក្សាឱ្យបាននូវសន្តិភាព និងស្ថិរភាព និងគោរពតាមកាតព្វកិច្ចនៃអនុសញ្ញាអូតាវ៉ា ៕
ចែករំលែកព័តមាននេះ