អាមេរិក-ហុងឌូរ៉ាស់ ៖ អតីតប្រធានាធិបតីហុងឌូរ៉ាស់លោកហ្សង់អ័រឡានដូហ័រណាន់ដេស បន្ទាប់ពីទទួលបានការលើកលែងទោសរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ ត្រូវបានដោះលែងចេញពីពន្ធគារ កាលពីថ្ងៃទី២ ធ្នូ មិនដល់២ឆ្នាំផង ក្រោយការកាត់ទោសលោកដាក់ពន្ធនាគារ៤៥ឆ្នាំពីបទនាំចូលអាមេរិកនូវកូកាអ៊ីនច្រើនរយតោន ។
ការលើកលែងទោសនោះរបស់លោកត្រាំ ធ្វើឡើងពេលលោកត្រាំបញ្ជាឲ្យដាក់ពង្រាយកងទ័ពដ៏ច្រើននៅតំបន់ការ៉ាអ៊ីប ក្នុងក្របខណ្ឌនៃប្រតិបត្តិការប្រឆាំងគ្រឿងញៀនដែលសំដៅជាពិសេសលើប្រទេសវេណេស៊ុយអេឡា ។
អតីតប្រធានាធិបតីហុងឌូរ៉ាស់រូបនោះ អំឡុងពេល៨ឆ្នាំនៃការកាន់អំណាច ត្រូវបានគេចាត់ទុកថា ជាជើងឯកមួយរូបនៃការតស៊ូប្រឆាំងគ្រឿងញៀន តែទីបំផុតត្រូវបានតុលាការអាមេរិក នាំខ្លួនមកកាត់ទោស កាលពីខែមីនាឆ្នាំ២០២៤ពីបទរត់ពន្ធគ្រឿងញៀនអន្តរជាតិ ។
គេមើលឃើញថា ការដោះលែងអតីតប្រធានាធិបតីហុងឌូរ៉ាស់រូបនោះ ហាក់ដូចជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសនេះ ដោយលោកចង់ឲ្យបេក្ខជនប្រធានាធិបតីនៃគណបក្សជាតិ ជាគណបក្សរបស់លោកហ័រណានដែស ជាអ្នកជំនួញលោកណាស្ទ្រីអាស់ហ្វូរ៉ាអាយុ៦៧ឆ្នាំបានជាប់ឆ្នោត តែផែនការរបស់លោកពុំទាន់សម្រេចបានជោគជ័យ ។
ក្រោយពីការរាប់សន្លឹកឆ្នោតលោកណាស្ទ្រីអាស់ហ្វូរ៉ាទទួលបានសំឡេងប្រដំ់ប្រសងគ្នា ជាមួយបេក្ខជនគណបក្សស្ដាំនិយមមួយរូបទៀត លោកសាលវ៉ាឌ័រណាស្ត្រាឡាអាយុ៧២ឆ្នាំ ដែលលោកត្រាំយល់ថាជាអ្នកមិនទុកចិត្តលោក ៕
ចែករំលែកព័តមាននេះ