ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិ​កម្ពុជា បដិសេធ និង​ច្រាន ចោល​ចំពោះ​ការ​ចោទប្រកាន់​ថា​មាន​ផ្ទុះ​មី.ន​ពី​សំណាក់​កងទ័ព​ភូមិភាគ​ទី​២​ថៃ​ ជា​ការ​មិន​ពិត

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​ក្រសួងការពារជាតិ​កម្ពុជា​បាន​បដិសេធ និង​ច្រានចោល​ទាំងស្រុង ចំពោះ​ការ​ចោទប្រកាន់​របស់​កងទ័ព​ភូមិភាគ​ទី​២​ថៃ​មក​លើ​កម្ពុជា​ថា​មាន​ផ្ទុះ​គ្រាប់​មីន​ជា​ការ​មិន​ពិត​។ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើក​ឡើង​ថា…

រាជធានី​ភ្នំពេញ​៖​ក្រសួងការពារជាតិ​កម្ពុជា​បាន​បដិសេធ និង​ច្រានចោល​ទាំងស្រុង ចំពោះ​ការ​ចោទប្រកាន់​របស់​កងទ័ព​ភូមិភាគ​ទី​២​ថៃ​មក​លើ​កម្ពុជា​ថា​មាន​ផ្ទុះ​គ្រាប់​មីន​ជា​ការ​មិន​ពិត​។

លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើក​ឡើង​ថា នៅ​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២៥​ព្រឹក​មិ​ញ​នេះ នៅ​ក្នុង​ផេ​ក​ផ្លូវការ​របស់​កងទ័ព​ភូមិភាគ​ទី​២​ថៃ បាន​ចេញផ្សាយ​ថា “​មាន​ករណី​ផ្ទុះ​មីន​ចំនួន​មួយ​គ្រាប់ នៅ​តំបន់​ហួយ​តា​ម៉ា​រៀ កាលពី​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២៥ នៅ​វេលា​ម៉ោង ១៤:២០​នាទី​រសៀល និង​បាន​ចោទប្រកាន់​ថា​ជា​មីន​ដែល​បាន​ដាក់​ដោយ​កម្ពុជា​”​។

ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​បដិសេធ និង​ច្រានចោល​ទាំងស្រុង ចំពោះ​ការ​ចោទប្រកាន់​របស់​កងទ័ព​ភូមិភាគ​ទី​២​ថៃ​មក​លើ​កម្ពុជា ក្នុង​គោលបំណង​បំភ័ន្ត​សហគមន៍​អន្តរជាតិ និង​លាក់កំបាំង​នូវ​មហិច្ឆតា​រំលោភ​បំពាន​ខុសច្បាប់​របស់​ខ្លួន​ចូល​មក​ដែន​អធិបតេយ្យ​ស្របច្បាប់​របស់​កម្ពុជា​។

សូម​ជម្រាប​ជូន​សាធារណជន​ថា បើ​យោង​តាម​ព័ត៌មាន​ដែល​ទទួល​បាន​ពី​យោធភូមិ​ភាគ​ទី​៤ របស់​កម្ពុជា បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២៥ នៅ​វេលា​ម៉ោង ១៤:២០​នាទី​រសៀល គឺ “​ពុំ​មាន​ឮ​សម្លេង​ផ្ទុះ​គ្រាប់​មីន ដូច​ការ​អះអាង​របស់​កងទ័ព​ភូមិភាគ​ទី​២​ថៃ​ឡើយ​”​។

ក្រសួងការពារជាតិ សូម​បញ្ជាក់​យ៉ាង​មុតមាំ​សា​ជា​ថ្មី​ថា ចាប់តាំងពី​ក្លាយជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​អូ​តា​វ៉ា កម្ពុជា​តែងតែ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍ និង​កាតព្វកិច្ច​របស់​ខ្លួន​នៅ​ក្រោម​ច្បាប់​អន្តរជាតិ ដោយ​មិន​ដែល​ដាក់​មីន​ថ្មី​ដែល​គំរាមកំហែង​ដល់​សន្តិសុខ និង​សុវត្ថិភាព​របស់​មនុស្សជាតិ​នោះ​ឡើយ​។ កម្ពុជា​ក៏​សូម​អំពាវនាវ​ឱ្យ​ភាគី​ថៃ​បញ្ឈប់​ជា​បន្ទាន់ការ​យក​បញ្ហា​មីន​ដែល​ជា​ព័ត៌មាន​មិន​ពិត ដើម្បី​ធ្វើ​ជា​លេស​រំលោភ​បំពាន​មក​លើ​ដែន​អធិបតេយ្យ​ស្របច្បាប់​របស់​កម្ពុជា​។

ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ត​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​គោរព​យ៉ាង​ម៉ឺងម៉ាត់​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ ដែល​ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ការ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ ឬ​ព័ត៌មាន​មិន​ពិត ក្នុង​គោលបំណង​បន្ធូរបន្ថយ​ភាព​តានតឹង និង​បង្កើត​បរិយាកាស​អំណោយផល​ដល់​ការ​រក្សា​សន្តិភាព និង​ស្ថិរភាព​រវាង​ប្រទេស​ទាំង​ពីរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ