ខេត្តកណ្តាល ៖ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥នេះថា ៖ ប្រាប់ហើយថា សម្រាប់ក្រុងតាខ្មៅ មិនអោយក្មេងទំនើ.ងធ្វើអី តាមទំនើងចិត្តនោះទេ ។ សារដ៏មានអត្ថន័យនេះ គឺជាការដាស់តឿននិងព្រមានដល់ក្រុមយុវជនណា ដែលមានបំណងចង់បង្កភាពអសន្តិសុខ ឬរំខានដល់សណ្តាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋានក្រុងតាខ្មៅ ។

អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានបញ្ជាក់ថា អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដាច់ខាតត្រូវបង្ក្រាបទប់ស្កាត់មិនអោយក្មេងទំនើ.ងអុកឡុកធ្វើអ្វីតាមអំពើចិត្តបានឡើយ កាលពីថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងផ្នែកព្រហ្មទណ្ឌសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំ ដឹកនាំដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចុះអន្តរាគមន៍បង្ក្រាបឃាត់ជាក់ស្តែង យុវជន២នាក់ កំពុងធ្វើសកម្មភាពបង្ហោះម៉ូតូលើផ្លូបបេតុង ច្រកចូលវត្តក្របៅ ។

យុវជនទាំង២នាក់ ត្រូវបានធ្វើកិច្ចសន្យាអប់រំ ក្រោយត្រឡប់ទៅវិញត្រូវធ្វើជាកូនល្អ សិស្សល្អ ពលរដ្ឋល្អក្នុងសង្គមជាតិ ។

ឆ្លៀតក្នុងឱកាសនេះ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានក្រើនរំលឹក និងអំពាវនាវដល់ប្អូនៗយុវជនទាំងអស់ សូមមេត្តាជៀសវាងឱ្យឆ្ងាយពីសកម្មភាពក្មេងទំនើង ឬការបង្កបញ្ហាផ្សេងៗ ។ លោកបានសង្កត់ធ្ងន់ថា រាល់ទង្វើអវិជ្ជមាន មិនត្រឹមតែប៉ះពាល់ដល់អនាគតខ្លួនឯងប៉ុណ្ណោះទេ តែវាក៏ជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសគ្រួសារ និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិទាំងមូលផងដែរ ៕
ចែករំលែកព័តមាននេះ