ខេត្តសៀមរាប៖ ថ្លែងក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍សត្វផ្សោតទន្លេមេគង្គ លោក ហាស់ សារ៉េត បានបញ្ជាក់ថា៖ «កម្ពុជាប្តេជ្ញាបង្កើនចំនួនសត្វផ្សោតក្នុងដែនទឹកធម្មជាតិឡើងវិញ ព្យាយាមកាត់បន្ថយ អត្រាស្លាប់ឱ្យនៅកំរិតទាបបំផុត ។ ជាលទ្ធផល ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ ករណីសត្វផ្សោតស្លាប់នៅកម្ពុជាពុំមានកើតឡើយ នេះជាជោគជ័យគួរជាទីមោទនៈ ក្នុងកិច្ចការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ ។ សមិទ្ធផលដ៏វិសេសវិសាលនេះ ដោយសារការយកចិត្តទុកដាក់ខ្ពស់ ពីរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ អង្គការ WWF សហគមន៍នេសាទ ជាពិសេសឆ្មាំទន្លេដែលបានលះបង់កម្លាំងកាយ និងកម្លាំងចិត្តក្នុងការការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ ប្រកបដោយការទទួលខុសត្រូវខ្ពស់» ។

បន្ថែមពីនេះលោក ហាស់ សារ៉េត បន្តថា ថ្វីត្បិតកម្ពុជាទទួលបានជោគជ័យលើការការពារសត្វផ្សោតនេះក៏ពិតមែន ប៉ុន្តែភាពជោគជ័យនេះមានភាពផុយស្រួយនៅឡើយ ។ សិក្ខាសាលាស្តីពី «ការចែករំលែកបទពិសោធន៍ និងការអនុវត្តសកម្មភាពដ៏ជោគជ័យលើការអភិរក្ស និងគ្រប់គ្រងសត្វផ្សោតទឹកសាបនិងជីវចម្រុះ» ដែលបានចែករំលែកពីបណ្តាប្រទេសចិន ឡាវ ភូមា និងប្រទេសឥណ្ឌូនេស៊ី នាពេលនេះ គឺជាឱកាសដែលកម្ពុជាត្រូវសហការ និងរៀនសូត្រពីបណ្តាប្រទេសក្នុងតំបន់ ដើម្បីធានាបាននូវនិរន្តរភាព នៃភាពជោគជ័យនេះ ។ កម្ពុជាក៏ចង់ឃើញភាពជោគជ័យលើការការពារ និងស្តារសត្វផ្សោតនេះនៅបណ្តាប្រទេសក្នុងតំបន់ ក៏ដូចនៅលើសកលលោកផងដែរ ។

សូមជម្រាបផងដែរថា សិក្ខាសាលាដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២-៤ ខែធ្នូ ២០២៥ នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប រៀបចំដោយនាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល គាំទ្រថវិកាពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈមូលនិធិពិសេស មេគង្គ-ឡាងឆាង ។

សិក្ខាសាលាមានការចូលរួមពី ក៏អញ្ជើញជាអធិបតីភាព អ្នកនាង អ៊ឹម រចនា, លោក ទឹម បូរក្ស អនុរដ្ឋលេខាធិការ, លោក អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក LU Qizhi នាយកការិយាល័យកុលស៊ុលប្រចាំខេត្តសៀមរាប នៃស្ថានទូតចិន, លោក Wang Ding សាស្ត្រាចារ្យវិទ្យាស្ថានជីវសាស្ត្រនៃបណ្ឌិតសភាវិទ្យាសាស្ត្រប្រទេសចិន តំណាងមកពីប្រទេសចិន ឡាវ ភូមា និងប្រទេសឥណ្ឌូនេស៊ី រដ្ឋបាលជលផល សកលវិទ្យាល័យភូមិន្ទកសិកម្ម និងវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប និងមន្ទីរកសិកម្ម ខេត្តក្រចេះ និងស្ទឹងត្រែង តំណាងអង្គការដៃគូ WWF សរុបអ្នកចូលរួមប្រមាណ ៥០នាក់ ៕







ចែករំលែកព័តមាននេះ