ប្រទេសថៃ ៖ ប្រទេសថៃបានអះអាងថាត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វាគមន៍បណ្តាភ្ញៀវ អត្តពលិក និងមន្ត្រីមកពីប្រទេសអាស៊ានទាំង ១០ ជាមួយបដិសណ្ឋារកិច្ចការដ៏ល្អគួរឱ្យចាប់អារម្មណ៍ និងការចង់ចាំ រាប់ចាប់ពីពេលអ្នកទាំងនោះមកដល់អាកាសយានដ្ឋាន និងចូលស្នាក់នៅក្នុងសណ្ឋាគារ ដោយមានមន្ត្រីប៉ូលិសរាប់ពាន់នាក់ត្រូវបានដាក់ពង្រាយ ដើម្បីធានាសន្តិសុខនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣៣ ឆ្នាំ២០២៥។ នេះបើតាមលោកបណ្ឌិត គង់សក្តិ យ៉តម៉ានី (Kongsak Yodmanee) អភិបាលអាជ្ញាធរកីឡាថៃ (SAT) បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក និងត្រូវបានចេញផ្សាយដោយកាសែតថៃ Khaosod កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។
លោកបណ្ឌិតបានបញ្ជាក់ថា វិធានការសម្របសម្រួលផ្សេងៗ នឹងត្រូវបានផ្តល់ជូន ដោយមានបណ្តាបុគ្គលិកស្ម័គ្រចិត្ត ដើម្បីស្វាគមន៍ភ្ញៀវទេសចរ និងផ្តល់ព័ត៌មានដោយរួសរាយរាក់ទាក់ និងស្នាមញញឹម។ បន្ថែមពីនោះ អ្នករៀបចំបានសម្របសម្រួលជាមួយភ្នាក់ងារពាក់ព័ន្ធរួចរាល់ ដើម្បីបង្កើតផ្លូវអន្តោប្រវេសន៍ពិសេសសម្រាប់កីឡាស៊ីហ្គេម។
ទាក់ទងនឹងការដឹកជញ្ជូនបណ្តាអត្តពលិក និងមន្ត្រីទៅកាន់សណ្ឋាគារ លោកបានប្រាប់ថា បណ្តាឡានក្រុងនឹងត្រូវបានរៀបចំជាមួយនឹងអ្នកអមដំណើររបស់ប៉ូលិស ហើយការសម្របសម្រួលជាមួយប៉ូលិសចរាចរណ៍ក៏ត្រូវបានធ្វើឡើង ដើម្បីសម្រួលដល់ផ្លូវផ្សេងៗផងដែរ។ ទោះជាយ៉ាងណាក៏ដោយ គ្មានផ្លូវណាមួយ នឹងត្រូវបានបិទដើម្បីបញ្ចៀសការរំខានដល់ការធ្វើដំណើរសម្រាប់ប្រជាជនទូទៅនោះទេ។
លោកបណ្ឌិតបានមានបន្តថា «បណ្តាអត្តពលិក និងមន្ត្រីកីឡាស៊ីហ្គេម ត្រូវបានចាត់ទុកថាជាភ្ញៀវអន្តរជាតិ សមនឹងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងការស្វាគមន៍ដ៏គួរឱ្យចងចាំ។ យើងបានរៀបចំមន្ត្រីប៉ូលិសរាប់ពាន់នាក់ស្លៀកពាក់ឯកសណ្ឋានផង និងស៊ីវិលផង ដើម្បីផ្តល់សន្តិសុខ រាប់ចាប់តាំងពីការមកដល់អាកាសយានដ្ឋាន រហូតដល់កន្លែងស្នាក់នៅ និងដល់ទីកន្លែងប្រកួត ដោយធានាសុវត្ថិភាពដ៏ល្អបំផុតសម្រាប់អត្តពលិក និងមន្ត្រីទាំងអស់»។
ព្រឹត្តិការណ៍កីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ឬកីឡាស៊ីហ្គេមលើកទី៣៣ តាមការគ្រោងទុកនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែធ្នូ នៅទូទាំងទីខេត្ត/ក្រុងចំនួន ៣ របស់ប្រទេសថៃ រួមមាន ៖ ទីក្រុងបាងកក សុងក្លា និងឈុនបុរី។ អត្តពលិកប្រមាណ ១២,៥០០នាក់មកពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១១ ត្រូវបានរំពឹងថានឹងប្រកួតប្រជែងនៅក្នុងវិញ្ញាសាចំនួន ៥៧៤ ចេញពីកីឡាសរុបចំនួន ៥០ ប្រភេទ។
យ៉ាងណាមិញ គណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី ៣៣ បានសម្រេចចិត្តប្តូរទីតាំងការប្រកួតពីខេត្តសុងក្លាទៅកាន់ទីក្រុងបាងកក និងខេត្តឈុនបុរីជំនួសវិញ ដោយសារស្ថានភាពគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅតំបន់ភាគខាងត្បូងប្រទេស ជាពិសេសខេត្តសុងក្លា គឺជាខេត្តមួយក្នុងចំណោមខេត្ត/ក្រុង ដែលទទួលរៀបចំកីឡា ១០ ប្រភេទ។ ការផ្លាស់ប្តូរនេះ ដើម្បីធានាសុវត្ថិភាពរបស់បណ្តាអត្តពលិក មន្ត្រី និងអ្នកទស្សនា ក៏ដូចជាដើម្បីរក្សាស្តង់ដារការប្រកួតអន្តរជាតិ។
ពាក់ព័ន្ធនឹងការផ្លាស់ប្តូរទីតាំងប្រកួត លោក អាត់ថាខន សិរិឡាថាយ៉ាកន (Atthakorn Sirilathayakorn) រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា ហើយក៏ជាប្រធានគណៈកម្មាធិការរៀបចំកីឡាស៊ីហ្គេម បានថ្លែងថា ពិធីបើក និងការប្រកួតទាំងអស់នឹងបន្តដូចធម្មតា។ ទោះយ៉ាងណាក៏ដោយ កិច្ចប្រជុំបានសម្រេចចិត្តផ្លាស់ប្តូរកីឡាចំនួន ១០ ប្រភេទ ដែលដើមឡើយគ្រោងនឹងធ្វើឡើងនៅស្រុកហាតយ៉ៃ ខេត្តសុងក្លា ទៅកាន់ទីក្រុងបាងកក និងខេត្តឈុនបុរីជំនួសវិញ។ នេះបើតាមការចេញផ្សាយពីទីភ្នាក់ងារព័ត៌មានថៃ (TNA) កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥។
នៅពេលសួរអំពីការផ្សព្វផ្សាយការប្រកួតនៅមានកម្រិត លោករដ្ឋមន្ត្រីថ្លែងថា លោកជឿថា ទីក្រុងបាងកក និងខេត្តឈុនបុរី បានផ្សព្វផ្សាយយ៉ាងពេញលេញដល់សាធារណជន និងអ្នកគាំទ្រកីឡារួចទៅហើយ។ លោកចង់ផ្សព្វផ្សាយព្រឹត្តិការណ៍នេះដល់សាធារណជនទូទៅទាក់ទងនឹងការអនុវត្តល្អក្នុងការធ្វើម្ចាស់ផ្ទះ។
នៅពេលសួរថា តើមានភ្ញៀវទេសចរ ឬអ្នកទស្សនាកីឡាស៊ីហ្គេមប៉ុន្មាននាក់ទៀត ដែលត្រូវបានរំពឹងថានឹងមកប្រទេសថៃ? លោកឆ្លើយថា មិនអាចចាំតួលេខពិតប្រាកដបានទេ ប៉ុន្តែការប៉ាន់ស្មានបឋមបង្ហាញថា ចំនួនភ្ញៀវទេសចរដែលមកទស្សនាប្រទេសថៃអាចជំរុញសេដ្ឋកិច្ចបានជាង ១៥ ពាន់លានបាត ឬ ៤៧០ លានដុល្លារអាមេរិក៕ ប្រភព ៖ Khaosod និង TNA



ចែករំលែកព័តមាននេះ