រាជធានីភ្នំពេញ ៖ ស៊ីម៉ាក់រកឃើញគ្រាប់បែកចង្កោមចំនួន២៥គ្រាប់ ប្រភេទM46 បាញ់ចេញពីគ្រាប់កាំភ្លើងធំ១៥៥មមរបស់ថៃ អំឡុងពេលផ្ទុះសង្គ្រាម២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ ។ នេះបើតាមការលើកឡើងពីសំណាក់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ី
ម៉ាក់។

ឯកឧត្តម ហេង រតនា បានសរសេរលើបណ្តាសង្គម កាលពីយប់ថ្ងៃទី០២ ធ្នូ ឆ្នាំ២០២៥ថា កាលពីថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងអង្គភាពCMAC បានបោសសម្អាតតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាម ២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ ជាតំបន់គ្រាប់បែកចង្កោម ស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានរុករកឃើញគ្រាប់បែកចង្កោមចំនួន២៥គ្រាប់ ប្រភេទM46 បាញ់ចេញពីគ្រាប់កាំភ្លើងធំ១៥៥មម។

ជាមួយគ្នានេះ ឯកឧត្តម ហេង រតនា បានបញ្ជាក់ឱ្យដឹងដែរថា ក្រៅពីអនុសញ្ញាអន្តរជាតិនៃហាមឃាត់ប្រើប្រាស់អាវុធនុយក្លេអ៊ែរ មានអនុសញ្ញាអន្តរជាតិសំខាន់ៗចំនួន៣ទៀត ត្រូវបានអន្តរជាតិរួមគ្នាហាមឃាត់ និងរឹតបន្តឹងហាមប្រើប្រាស់ក្នុងការធ្វើសង្គ្រាមរួមមាន៖
១-អនុសញ្ញាអន្តរជាតិហាមប្រាមការប្រើប្រាស់អាវុធគីមី (កម្ពុជា+ថៃ) ជារដ្ឋភាគី
២-អនុសញ្ញាអន្តរជាតិហាមប្រាមការប្រើប្រាស់គ្រាប់បែកចង្កោម (កម្ពុជា+ថៃ) មិនមែនជារដ្ឋភាគី ប៉ុន្តែកម្ពុជាមិនបានប្រើប្រាស់ក្នុងសង្គ្រាមជាមួយថៃឡើយ រីឯថៃបានប្រើប្រាស់មកលើកម្ពុជា។

៣-អនុសញ្ញាអន្តរជាតិហាមប្រាមការប្រេីប្រាស់គ្រាប់មីនប្រឆាំងមនុស្ស(កម្ពុជា+ថៃ) ជារដ្ឋភាគី ។
ជាមួយគ្នានេះឯកឧត្តម ហេង រតនា បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាមជាមួយថៃទាំង៧៧ភូមិ នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ មេត្តាប្រុងប្រយត្ន័ខ្ពស់បំផុតជាមួយគ្រាប់បែកចង្កោមជាសំណល់សង្គ្រាមថ្មីៗនេះ។
សូមរំលឹកថា កាលពីថ្ងៃទី២៥ ខែតុលា កន្លងទៅនេះ មានកុមារ៉ាអាយុ១០ឆ្នាំម្នាក់បានផ្ទុះគ្រាប់បែកចង្កោមបែបនេះស្លាប់និងឪពុករងរបួសធ្ងន់ធ្ងរ៕


ចែករំលែកព័តមាននេះ