រាជធានីភ្នំពេញ ៖ នៅលើបណ្តាញសង្គមហ្វេសប៊ុក មានការចែករំលែកបន្តគ្នា ពាក់ព័ន្ធករណីស្ត្រីអ្នកលក់ថ្នាំពេទ្យម្នាក់ ដែលជាឱសថការី បានសម្រេចមិនលក់ថ្នាំពេទ្យ ជូនបុរសម្នាក់ ដែលគាត់មករកទិញថ្នាំព្យាបាលជំងឺរមាស់ក្បាល ដោយគ្រាន់តែខ្វះប្រាក់ចំនួន៥០០រៀលតែប៉ុណ្ណោះ។ ហើយស្ត្រីអ្នកលក់ថ្នាំពេទ្យរូបនោះ បានកាត់វីដេអូយកចេញពីកាមេរ៉ាសុវត្ថិភាព ទៅបង្ហោះលើបណ្តាញសង្គម ក្នុងបំណងចង់ឲ្យអ្នកបើក Pharmacy ចំណាំមុខបុរសរូបនោះទុកទៅក្រែងគាត់ទៅដល់កន្លែងទិញថ្នាំផ្សេង ហើយអត់យកអ៊ីចឹងទៀត ប៉ុន្តែក្រោយពីបង្ហោះវីដេអូរួចមក បែរជាទទួលបាននូវមតិរិះគន់ជាច្រើនពីមហាជនទៅវិញ ។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះថា ក្រសួងសុខាភិបាល កំពុងពិនិត្យលើករណីឱសថការីម្នាក់មិនលក់ថ្នាំពេទ្យពីអ្នកជំងឺវិញ ព្រោះតែខ្វះលុយ៥០០រៀល និងយកវីដេអូ មកផ្សព្វផ្សាយលើបណ្ដាញសង្គមទៀត ដែលកំពុងធ្វើឱ្យមហាជនមានប្រតិកម្មយ៉ាងខ្លាំង។ លោកបន្តថា ករណីនេះ លោកបានបញ្ជូនទៅថ្នាក់លើ ដើម្បីពិនិត្យហើយ ។
បើតាមប្រភពព័ត៌មានក្រៅផ្លូវការ បានលើកឡើងថា អាជ្ញាធរកំណត់បានទីតាំងឱសថស្ថានខាងលើហើយ គឺនៅតាមបណ្ដោយផ្លូវវេងស្រេង ប៉ុន្តែនៅពេលអាជ្ញាធរចុះទៅដល់ ឱសថស្ថាននេះបានបិទទ្វារ ហើយម្ចាស់បានបិទទូរសព្ទទៀត ។
គួររំលឹកថា កាលពីថ្ងៃទី៣០ វិច្ឆិកា ២០២៥ ម្សិលមិញនេះ នៅក្នុងវីដេអូឃ្លីបរយៈពេលជាង១នាទី ត្រូវបានបង្ហោះលើបណ្តាញសង្គម បង្ហាញថា ៖ «មានបុរសម្នាក់ បានពិគ្រោះជំងឺរមាស់ក្បាលរបស់គាត់ ពេទ្យតម្រូវឱ្យយកសាប៊ូទៅកក់ ឬផ្សំថ្នាំ។ ពេលនោះអ្នកជំងឺ បានប្រាប់ថា លោកសុំផ្សំថ្នាំលេប ខណៈថ្នាំផ្សំនោះអស់ ១៣,៥០០រៀល តែអ្នកជំងឺបានសុំត្រឹម ១៣,០០០រៀល តែពេទ្យមិនព្រម» ។
សំឡេងស្ដ្រីម្នាក់ ដែលទំនងជាឱសថការី ដែលលក់ថ្នាំ បាននិយាយថា «ហើយប្រភេទបែបពូហ្នឹងមានប៉ុន្មាននាក់ទៀត ដែលទិញគេឱ្យគេផ្សំថ្នាំច្រកថង់ឱ្យហើយកាត់ឱ្យហើយគាត់អត់យក ? អ៊ីចឹងបងៗ ដែលមានបើក Pharmacy មើលមុខគាត់លេងៗទុកទៅ ក្រែងល៎គាត់ទៅដល់ Pharmacy បងៗផ្សំថ្នាំហើយអត់យកអ៊ីចឹង សួរយើងឡើងច្រើន ឱ្យគេឈរចាំគ្រប់គ្នាអីអ៊ីចឹងណា! ហើយសម្រាប់អ្នកទិញថ្នាំទៅតាម Pharmacy គេផ្សេងៗ កុំតថ្លៃគេអី។ គេអ្នកលក់ថ្នាំគេមានក្រមសីលធម៌ វិជ្ជាជីវៈ គេណាស់! គេមានសុជីវធម៌ណាស់ កុំតថ្លៃដូចផ្សារត្រី» ៕


ចែករំលែកព័តមាននេះ