ខេត្តស្ទឹងត្រែង ៖ កាលពីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារល្បាត នៃសហគមន៍នេសាទភូមិកោះហិប បានចុះប្រតិបត្តិការល្បាតតាមដងទន្លេ និងឃ្លាំមើលបទល្មើសនេសាទខុសច្បាប់គ្រប់ប្រភេទ នៅក្នុងតំបន់ការពាររ៉ាមសារ នៃខេត្តស្ទឹងត្រែង ។
យោងតាមការបញ្ជាក់ពីក្រុមការងារសហគមន៍នេសាទអោយដឹថា ក្រុមការងារ បានចុះល្បាតចាប់ពីចំណុចក្បាលកោះក្រឡាយ ឆ្លងកាត់កោះចិក, កោះខនកែវ, កន្ទុយកោះភ្នំ រហូតដល់ចំណុចលើព្រះសាខន ។ ក្នុងពេលចុះល្បាត ក្រុមការងារបានប្រទះឃើញទូកចំនួន ០២គ្រឿង ដែលមានជនសង្ស័យកំពុងធ្វើសកម្មភាពនេសាទ ដោយប្រើឧបករណ៍ឆក់ត្រី ដែលជាបទល្មើសធ្ងន់ធ្ងរ។
ក្រុមការងារសហគមន៍នេសាទ បានដេញតាមជនសង្ស័យទាំងនោះ រហូតដល់ចំណុចកន្ទុយកោះខនខាំ។ ក្នុងបំណងគេចវេះពីការចាប់ខ្លួន ជនសង្ស័យបានបង្ខំចិត្តបើកទូកបុកចូលច្រាំង ហើយបានរត់គេចខ្លួនបាត់ស្រមោល ។
ទោះជាយ៉ាងនេះក្តី ក្រុមការងារល្បាតបានដកហូតវត្ថុតាង និងសម្ភារនេសាទខុសច្បាប់ ដែលជនសង្ស័យបន្សល់ទុក រួមមាន ៖ ទូកស្មាច់ មាន ២ កន្លាក់ ប្រវែង ៥ ម៉ែត្រ ពណ៌ទឹកប៊ិច ចំនួន ០១ គ្រឿង ម៉ាស៊ីន (TBC) កម្លាំង ២៥ សេះ ចំនួន ០១ គ្រឿងកន្ត្រងដងត្រី (ឧបករណ៍ឆក់) ចំនួន ០១ គូរ ខ្សែភ្លើង សម្រាប់ភ្ជាប់ឧបករណ៍ឆក់ ។ សម្ភារៈ និងវត្ថុតាងខាងលើ ត្រូវបានក្រុមការងារយកមករក្សាទុកជាបណ្តោះអាសន្ន នៅទីស្នាក់ការរ៉ាមសារអូរស្វាយ ដើម្បីរង់ចាំនីតិវិធីបន្ត ។
លោក ស្រី សំវិចិត្រ នាយខណ្ឌជលផលខេត្តស្ទឹងត្រែង បានបញ្ជាក់នៅរសៀលថ្ងៃទី១ ខែធ្នូ ២០២៥នេះថា ទន្ទឹមនឹងការបង្ក្រាបខាងលើ សហគមន៍នេសាទ ក៏បានរាយការណ៍អំពីរបាយការណ៍បូកសរុបលទ្ធផល នៃការបង្ក្រាបបទល្មើសពេញ ១១ខែ ក្នុងឆ្នាំ២០២៥ ផងដែរ ហើយជនសង្ស័យបញ្ជូនទៅតុលាការ ០៧នាក់ កិច្ចសន្យាអប់រំប្រជានេសាទ ៦៩នាក់ ផ្សព្វផ្សាយ-អប់រំណែនាំ ២៥៧ នាក់ ។
លោកបន្ថែមថា ក្រុមការងារសហគមន៍នេសាទ នៅតែបន្តខិតខំប្រឹងប្រែងការពារធនធានជលផល នៅក្នុងតំបន់របស់ខ្លួន ស្របតាមច្បាប់ និងបទប្បញ្ញត្តិ ដែលបានកំណត់ជាធរមាន ៕




ចែករំលែកព័តមាននេះ