ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរចំនួន១៣៣នាក់ ត្រូវបានភាគីថៃបញ្ជូនត្រឡប់មកវិញ តាមរយៈច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋាន កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
ការទទួលពលករនេះ ធ្វើឡើងក្រោមការសម្របសម្រួល និងយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្ដមបណ្ឌិត ប៉ាន់ ខែមប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត និងឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមទាំងសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ។
ជាការកត់សម្គាល់កន្លងមក ការបើកទ្វារឱ្យពលករខ្មែរចូលមកប្រទេសវិញពីសំណាក់អាជ្ញាធរថៃ តែងតែធ្វើឡើងតាមច្រកទ្វារអន្តរជាតិដូង ក្នុងខេត្តបាត់ដំបង ប៉ុន្តែកាលពីរសៀលថ្ងៃទី២៩ វិច្ឆិកានេះ ភាគីថៃបានប្តូរមកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានដឹកតាមរថយន្ត ។
ទោះបីជាមានការផ្លាស់ប្តូរច្រកចេញ-ចូលក្តី ក៏អាជ្ញាធរកម្ពុជាបានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការសម្រួលនីតិវិធី និងទទួលបងប្អូនពលករខ្មែរដែលវិលត្រឡប់ ។ ក្នុងឱកាសចុះជួបសំណេះសំណាល និងសម្រួលការងារដល់ទីតាំងផ្ទាល់ ឯកឧត្ដមបណ្ឌិត ប៉ាន់ ខែមប៊ុនថន បានមានប្រសាសន៍លើកទឹកចិត្តដល់បងប្អូនពលករថា «វត្តមានរបស់អាជ្ញាធរនៅពេលនេះ គឺដើម្បីបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជាមិនដែលទុកបងប្អូនចោលឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ ។
ការវិលត្រឡប់មកវិញរបស់បងប្អូន គឺជាការវិលមកកាន់ផ្ទះ និងជួបជុំគ្រួសារវិញ ។ ក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តបានត្រៀមលក្ខណៈរួចរាល់ ទាំងមធ្យោបាយធ្វើដំណើរ និងការសម្រួលផ្សេងៗ ដើម្បីធានាថា បងប្អូនបានទៅដល់ស្រុកកំណើតដោយសុវត្ថិភាព និងឆាប់រហ័សបំផុត» ។
ទន្ទឹមនឹងនោះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏បានបញ្ជាក់បន្ថែមអំពីការរៀបចំផ្នែកដឹកជញ្ជូនដែរថា «ក្រោយពីទទួលបានព័ត៌មានភ្លាម រដ្ឋបាលខេត្តបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ រៀបចំរថយន្តយោធា និងរថយន្តដឹកជញ្ជូន ដើម្បីដឹកបងប្អូនទាំង ១៣៣នាក់ទៅកាន់ស្រុកកំណើតរៀងៗខ្លួន ដោយមិនតម្រូវឱ្យបងប្អូនបង់ប្រាក់កាក់អ្វីឡើយ ។ នេះគឺជាការយកចិត្តទុកដាក់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលតែងតែណែនាំឱ្យអាជ្ញាធរមូលដ្ឋាន មើលថែពលរដ្ឋឱ្យដូចជាសមាជិកគ្រួសារ» ។
ដោយក្តីរំភើប ដែលបានមកដល់ទឹកដីកំណើត និងទទួលបានការទទួលស្វាគមន៍យ៉ាងល្អពីសំណាក់ថ្នាក់ដឹកនាំ តំណាងពលករម្នាក់ បានសម្តែងចំណាប់អារម្មណ៍ថា «ពួកខ្ញុំពិតជាអរគុណខ្លាំងណាស់ដល់រាជរដ្ឋាភិបាល ក៏ដូចជាឯកឧត្ដមបណ្ឌិត និងឯកឧត្ដមអភិបាលខេត្ត ដែលបានចុះមកទទួលពួកខ្ញុំដល់ច្រកទ្វារ និងបានរៀបចំរថយន្តដឹកពួកខ្ញុំទៅផ្ទះ ។ ពេលមកដល់ឃើញអាជ្ញាធរចាំទទួលបែបនេះ ពួកខ្ញុំមានអារម្មណ៍កក់ក្ដៅ និងបាត់ភ័យ ហើយសប្បាយចិត្តដែលនឹងបានជួបជុំគ្រួសារវិញ» ។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបញ្ចប់នីតិវិធីនៃការត្រួតពិនិត្យ និងទទួលស្វាគមន៍ពលករទាំង ១៣៣នាក់ ត្រូវបានសមត្ថកិច្ច និងក្រុមការងារ រៀបចំរថយន្តដែលបានត្រៀមទុក ដើម្បីធ្វើដំណើរទៅកាន់ភូមិឋានរៀងៗខ្លួនប្រកបដោយស្នាមញញឹម និងសុវត្ថិភាព ៕












ចែករំលែកព័តមាននេះ