ខេត្តស្វាយរៀង ៖ មហាជនបានរិះគន់ថា កាស៊ីណូ៦៧ បើកល្បែងបញ្ជល់មាន់ ហើយបើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងភ្នាល់ដោយសេរី ផ្គើនគោលនយោបាយភូមិឃុំ/សង្កាត់មានសុវត្ថិភាពដែលរាជរដ្ឋាភិបាលចេញបទបញ្ជាឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិចុះបង្ក្រាបបិទល្បែងស៊ីសងគ្រប់ប្រភេទដើម្បីសុវត្ថិភាពសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន ។ មហាជនលើកឡើងនេះកើតឡើងនៅវេលាម៉ោង ១និង ០០នាទីរសៀលថ្ងៃទី ២៧វិច្ឆិកា ២០២៥ នៅភូមិស្រម៉ឃុំសំរោងស្រុកចន្ទ្រា ។
ប្រជាពលរដ្ឋស្រុកចន្ទ្រាបានលើកឡើងថា ពួកគាត់ព្រួយបារម្ភពីសុវត្ថិភាពសន្តិសុខគ្រួសារដោយប្តីនិងកូនចៅពួកគាត់បាននាំគ្នាទៅផ្សងសំណាងលេងល្បែងជល់មាន់នៅក្នុងកាស៊ីណូ៦៧ គេបើកបញ្ជល់មាន់ ហើយឲ្យខ្មែរចូលលេងដោយសេរីព្រួយបារម្ភពេលប្តី និងកូនៗពួកគាត់ចាញ់ល្បែង ត្រឡប់មកវិញបង្កអំពើហិង្សាក្នុងគ្រួសារ ប៉ះពាល់ដល់ជីវភាពគ្រួសារ អសន្តិសុខ មានចោរលួចចោរប្លន់ ។
បើតាមសមត្ថកិច្ចនគរបាលស្រុកចន្ទ្រា បានប្រាប់អ្នកសារព័ត៌មានថា ការស៊ីណូ៦៧ មានទីតាំងនៅច្រកទ្វារព្រំដែនសំរោងស្ថិតនៅភូមិស្រម៉ ឃុំសំរោង ស្រុកចន្ទ្រា ត្រូវបានសមត្ថកិច្ចថ្នាក់ជាតិបានចុះទៅបិទម្តងរួចហើយដោយអនុវត្តតាមបទបញ្ជាពីរាជរដ្ឋាភិបាល បិទបានមួយរយៈ ហើយលោកទើបតែបានទទួលព័ត៌មានពីអាជ្ញាធរ រាយការណ៍ថា កាស៊ីណូ៦៧ ស្រម៉ បើកដំណើរការល្បែងបញ្ជល់មាន់ វិញនៅថ្ងៃទី ២៧វិច្ឆិកា ២០២៥ នេះ ហើយបើកឲ្យប្រជាពលរដ្ឋខ្មែរចូលចាក់ភ្នាល់ល្បែងជល់មាន់ដោយសេរី ។
លោកបានបញ្ជាក់ថា តាមអាជ្ញាធររាយការណ៍ ទីតាំងកាស៊ីណូ៦៧ នេះ គឺម្ចាស់មានងារជាឧកញ៉ា មិនដឹងថា គេមានច្បាប់ ឬអត់ច្បាប់ទេ សមត្ថកិច្ចមូលដ្ឋានមិនហ៊ានចូលទេ ហើយការបើកឲ្យខ្មែរចូលលេងល្បែងកាស៊ីណូនេះ លោកបានត្រឹមតែរាយការណ៍ជូនថ្នាក់លើបន្តប៉ុណ្ណោះ ។
ទាក់ទិនករណីកាស៊ីណូ៦៧ បើកល្បែងបញ្ជល់មាន់ហើយបើកឲ្យខ្មែរចូលចាក់ភ្នាល់មាន់ជល់នេះដែរ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានមានប្រសាសន៍តាមតេឡេក្រាមថា លោកនឹងពិនិត្យមើលព័ត៌មាននេះ ។ ចំណែកសមត្ថកិច្ចម្នាក់សុំមិនបញ្ចេញឈ្មោះបានបង្ហើបប្រាប់អ្នកសារព័ត៌មានថា ម្ចាស់កាស៊ីណូ ប្រាប់លោកថា គេមានច្បាប់បើកឲ្យខ្មែរចូលលេង ដោយគេប្រមូលក្រុមញៀនល្បែងតាមបណ្តាខេត្តនានាមកលេងនៅកាស៊ីណូ៦៧ ស្រម៉ នេះ ។
ទាក់ករណីនេះដែរយើងមិនអាចរកការបំភ្លឺពីលោកឧកញ៉ាថៅកែកាស៊ីណូ៦៧ ស្រម៉ បានទេ ដោយសន្តិសុខកាស៊ីណូមិនឱ្យចូលជួបសម្ភាស ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕









ចែករំលែកព័តមាននេះ