រាជធានីភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា ស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ បានសហការគ្នាយ៉ាងល្អ ក្នុងការពង្រឹងនីតិរដ្ឋ ការអនុវត្តច្បាប់ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ ។ នេះបើតាមព្រះរាជសាររបស់អង្គផ្ញើជូនរដ្ឋសភាក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ។

ព្រះអង្គទ្រង់បានអបអរសាទរចំពោះស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ដែលបានសហការគ្នាយ៉ាងល្អ ក្នុងការពង្រឹងនីតិរដ្ឋ តាមរយៈការអនុវត្តច្បាប់ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដោយបន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់លើវិស័យអាទិភាពទាំង៥ គឺ៖មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យា ក្នុងស្មារតីរួមសាមគ្គីគ្នាជាធ្លុងមួយ សំដៅកសាងព្រះរាជាណាចក្រកម្ពុជាជាប្រទេសដែលមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបរិយាបន្ន ឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់ ។
ក្នុងព្រះរាជសារ ព្រះមហាក្សត្រទ្រង់បានបញ្ជាក់ថា រដ្ឋសភានីតិកាលទី៧ ទោះបីស្ថិតក្នុងវិស្សមកាលក៏ដោយ ក៏នៅរក្សាបាននូវប្រពៃណីរួបរួមសាមគ្គីជាធ្លុងមួយ ជាមួយប្រជាជាតិកម្ពុជាទាំងមូល ជាអាទិ៍រាជរដ្ឋាភិបាល ព្រមទាំងវីរកងទ័ពខេមរភូមិន្ទកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្កើតបានជាកម្លាំងសរុបយ៉ាងខ្លាំងមហិមា ធានាការពារបានដោយជោគជ័យនូវបុព្វហេតុដ៏ថ្លៃថ្លានៃអធិបតេយ្យជាតិ និងបូរណភាពទឹកដីនៃកម្ពុជា ។
ជាមួយគ្នានោះដែរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គទ្រង់ បានកោតសរសើរដោយពេញព្រះទ័យចំពោះសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ និងឯកឧត្តមវង សូត អនុប្រធានទី២ ដែលបានដឹកនាំស្ថាប័នរដ្ឋសភាប្រកបដោយភាពឈ្លាសវៃ ស្វាហាប់ ម៉ឺងម៉ាត់ ព្រមទាំងសមាជិក សមាជិការដ្ឋសភាទាំងអស់ ក្នុងការបំពេញតួនាទីភារកិច្ចស្នូលរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបានលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ជាឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិ និងប្រជាជន។

អង្គព្រះមហាក្សត្របានកត់សម្គាល់ថា ក្នុងអំឡុងពេលចន្លោះសម័យប្រជុំកន្លងទៅនេះ រដ្ឋសភានីតិកាលទី៧ ដឹកនាំដោយសម្តេចមហា រដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា បានដឹកនាំ និងបំពេញមុខងារ តួនាទីស្នូលរបស់រដ្ឋសភាយ៉ាងសកម្ម ដែលក្នុងនោះរួមមាន តួនាទីនីតិកម្ម តាមដានការអនុវត្តច្បាប់ និងភាពជាតំណាង ព្រមទាំងបានពង្រឹង និងលើកកម្ពស់ការងារ ការទូតសភាប្រកបដោយភាពបុរេសកម្ម ស្វាហាប់ និងមោះមុត ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា ហើយសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ រួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍជាតិមាតុភូមិ ឈានឆ្ពោះទៅរកវឌ្ឍនភាពរីកចម្រើនថ្កុំថ្កើងរុងរឿងជានិច្ចនិរន្តរ៍ ។
ទន្ទឹមគ្នានេះ ថ្នាក់ដឹកនាំរដ្ឋសភា គណៈកម្មការនានានៃរដ្ឋសភា និងសមាជិក សមាជិការដ្ឋសភា បានចុះបំពេញការងាររបស់ខ្លួនយ៉ាងសស្រាក់សស្រាំ នៅតាមមណ្ឌលរាជធានីខេត្ត នៅទូទាំងប្រទេស ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង អំពីវឌ្ឍនភាព បញ្ហាប្រឈម តម្រូវការ និងក្តីកង្វល់នានា របស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ព្រមទាំងបានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរៈកងទ័ព ដែលកំពុងបំពេញបេសកកម្មប្រចាំការនៅសមរភូមិជួរមុខ និងប្រជារាស្ត្រដែលបានជម្លៀសចេញពីតំបន់ប្រឈម តាមព្រំដែនមកស្នាក់នៅទីសុវត្ថិភាព ។

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក៏បានសាទរយ៉ាងជ្រាលជ្រៅចំពោះការដឹកនាំប្រកបដោយភាពវាងវៃ និងមនសិការស្នេហាជាតិដ៏ស្មោះសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានភាពប៉ិនប្រសប់ក្នុងការដឹកនាំ និងគ្រប់គ្រងសភាពការណ៍របស់ប្រទេសជាតិដើម្បី ធានាបាននូវប្រក្រតីភាព និងបន្តការអភិវឌ្ឍ ហើយជានិច្ចកាលតែងនៅរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ ជាពិសេស បេសកកម្មក្នុងការការពារអធិបតេយ្យឯករាជ្យ បូរណភាព ទឹកដី សិទ្ធិសេរីភាព និងភាពថ្លៃថ្នូររបស់ប្រជាពលរដ្ឋគ្រប់រូបតាមរយៈយន្តការការទូត និងច្បាប់អន្តរជាតិ។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានផ្ញើសេចក្តីនឹករលឹកប្រកបដោយព្រះទ័យទុកដាក់ និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុតដល់វីរៈកងទ័ពដ៏អង់អាចក្លាហាន ដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីការពារឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដី ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។
ជាមួយគ្នានេះ ព្រះករុណាបានកោតសរសើរចំពោះស្មារតីសាមគ្គីភាព ដ៏រឹងមាំរបស់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស ក្នុងការការពារសន្តិភាព និងបូរណភាព ទឹកដី ប្រកបដោយសេចក្តីថ្លៃថ្នូរ អហិង្សា និងការអត់ធ្មត់ខ្ពស់ ស័ក្តិសមជាប្រជាពលរដ្ឋ នៃប្រទេសមួយដែលមានអរិយធម៌ខ្ពង់ខ្ពស់ វប្បធម៌ចំណាស់ និងមានសីលធម៌ល្អប្រពៃជាទីបំផុត៕
ចែករំលែកព័តមាននេះ