ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​បដិសេធ​ព័ត៌​មាន​ដែល​ថា​លោក​ត្រាំ​ប្រាប់​ឱ្យ​មេ​ដឹក​នាំ​ខ្លួន​កុំ​បង្ក​បញ្ហា​ជា​មួយ​ចិន

15 ម៉ោង មុន

ទី​ក្រុង​តូក្យូ៖ ប្រទេស​ជប៉ុន​ច្រាន​ចោល​ព័ត៌​មាន​ដែល​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​សារ​ព័ត៌​មានអាមេរិក​វ៉ល​ស្ទ្រីត​ជើ​ណល (Wall Street Journal) ​ត្រង់​ចំណុច​ដែល​ថា​ «​លោក​ត្រាំ​បាន​ផ្ដល់​ដំបូន្មាន​ឱ្យ​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​​កុំ​បង្ក​បញ្ហា​ជា​មួយ​ប្រទេស​ចិន​ពាក់​ព័ន្ធ​នឹង​អធិប​តេយ្យ​ភាព​របស់​កោះ​តៃវ៉ាន់​»។ ជម្លោះ​ការ​ទូត​រវាង​ចិន និង​ជប៉ុន​ចាប់​ផ្ដើម​ឡើង​កម្ដៅ​ខ្លាំង​បន្ទាប់​ពី​លោក​ស្រី​តាកា​អ៊ីឈិ​ថ្លែង​នៅ​ក្នុង​រដ្ឋ​សភា​កាល​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា​ថា​ជប៉ុន​អាច​នឹង​ធ្វើ​អន្តរាគមន៍​យោធា​បើ​សិន​ចិន​វាយ​ប្រហារ​តៃវ៉ាន់​។…

ទី​ក្រុង​តូក្យូ៖ ប្រទេស​ជប៉ុន​ច្រាន​ចោល​ព័ត៌​មាន​ដែល​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​សារ​ព័ត៌​មានអាមេរិក​វ៉ល​ស្ទ្រីត​ជើ​ណល (Wall Street Journal) ​ត្រង់​ចំណុច​ដែល​ថា​ «​លោក​ត្រាំ​បាន​ផ្ដល់​ដំបូន្មាន​ឱ្យ​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​​កុំ​បង្ក​បញ្ហា​ជា​មួយ​ប្រទេស​ចិន​ពាក់​ព័ន្ធ​នឹង​អធិប​តេយ្យ​ភាព​របស់​កោះ​តៃវ៉ាន់​»។ ជម្លោះ​ការ​ទូត​រវាង​ចិន និង​ជប៉ុន​ចាប់​ផ្ដើម​ឡើង​កម្ដៅ​ខ្លាំង​បន្ទាប់​ពី​លោក​ស្រី​តាកា​អ៊ីឈិ​ថ្លែង​នៅ​ក្នុង​រដ្ឋ​សភា​កាល​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា​ថា​ជប៉ុន​អាច​នឹង​ធ្វើ​អន្តរាគមន៍​យោធា​បើ​សិន​ចិន​វាយ​ប្រហារ​តៃវ៉ាន់​។

យោង​តាម​ក្រសួង​ការបរទេស​ចិន នៅ​ក្នុង​ការ​សន្ទនា​គ្នា​ជា​មួយ​លោក​ត្រាំ​កាល​ពី​ថ្ងៃ​ចន្ទ ​ប្រធានា​ធិបតី​ចិន​ លោក​ស៊ី​​ជីន​ពីង​ បាន​លើក​ឡើង​អំពី​បញ្ហា​នេះ (ការ​ថ្លែង​របស់​លោក​ស្រី​តាកា​អ៊ីឈិ​ពាក់​ព័ន្ធ​នឹង​បញ្ហា​តៃវ៉ាន់)​។ លោ​កស៊ី​ជីន​ពីង​បញ្ជាក់​ប្រាប់​លោក​ត្រាំ​ថា​បញ្ហា​យក​កោះ​តៃវ៉ាន់​មក​ដាក់ក្រោម​ការ​គ្រប់​គ្រង​របស់​ប្រទេស​ចិន​គឺជា​ផ្នែក​មួយ​នៃ​ការ​រៀប​ចំ​សណ្ដាប់​ពិភព​លោក​ក្រោយ​សង្គ្រាម​ (លោក​លើកទី​ពីរ​)។​

វ៉ល​ស្ទ្រីត​ជើ​ណល​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​បន្ទាប់​ពី​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​រួច​ លោក​ត្រាំ​មិន​នៅ​រង់​ចាំ​យូរ​ទេ​បាន​ហៅ​ទូរ​ស័ព្ទ​​ទៅ​លោក​ស្រី​តាកា​អ៊ីឈី​​ជា​បន្ទាន់​ និង​បាន​ផ្ដល់​ដំបូន្មាន​​ឱ្យ​លោកស្រី​ជៀស​​វាងកុំ​​បង្ក​ភាព​តាន​តឹង​ជា​មួយ​ប្រទេស​ចិន​ដោយសារ​បញ្ហា​កោះ​តៃវ៉ាន់​។ សារ​ព័ត៌​មាន​​ដដែល​នេះ​ចុះ​ផ្សាយ​អត្ថ​បទ​ដូច​ខាង​លើ​ដោយ​ដក​ស្រង់​ប្រភព​ពី​មន្ត្រី​រដ្ឋាភិបាល​ជប៉ុន​ដែល​​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ដែល​ស្នើ​សុំ​​មិន​បញ្ចេញ​ឈ្មោះ​ដូច​គ្នា​។​

​ដូច្នេះ ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ជប៉ុន​ លោក​គីហារ៉ា (Minoru Kihara) បាន​ច្រាន​ចោល​អត្ថ​បទ​ដែល​ចុះ​ផ្សាយ​នោះ​។ អ្នក​នាំ​ពាក្យ​រូប​នេះ​ថ្លែង​ថា​ការ​ពិត​មិន​ដូច​អ្វី​ដែល​បាន​ចុះ​ផ្សាយ​​ឡើយ​។ លោក​និយាយ​ដោយ​សង្ខេប​តែ​ត្រឹម​នេះ​ដោយ​មិន​ធ្វើ​អត្ថា​ធិប្បា​យ​លម្អិត​ទេ​។ លោក​ស្រី​តាកា​អ៊ីឈិ​ថ្លែង​ថា​នៅ​ក្នុង​ការ​សន្ទនា​គ្នា​នោះ លោក​ស្រី​ និង​លោក​ត្រាំ​បាន​ពិភាក្សា​គ្នា​អំពី​លទ្ធ​ផល​នៃ​ការ​សន្ទនា​គ្នា​រវាង​លោ​កត្រាំ និង​លោក​ស៊ី​ជីន​ពីង​ ហើយ​ពិភាក្សា​អំពី​ទំនាក់​ទំនង​ទ្វេ​ភាគី (រវាង​ជប៉ុន និង​អាមេរិក​)។

លោក​ស្រី​ថ្លែង​ថា​ «លោក​ប្រធានា​ធិបតី​ត្រាំ​ថ្លែង​ថា​ប្រទេស​យើង​ជា​មិត្ត​ដ៏​ជិត​ស្និទ្ធ​នឹង​គ្នា​ និង​ថា​​លោកស្រី​អាច​ហៅ​ទូរ​ស័ព្ទ​ទៅ​លោក​ពេល​ណា​ក៏​បាន​»។ ប៉ុន្តែ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​​វ៉ល​ស្ទ្រីត​ជើ​ណល​ មន្ត្រី​រដ្ឋាភិបាល​ជប៉ុន​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ចាត់​ទុក​សារ​នយោបាយ​របស់​លោក​ត្រាំ​​នៅ​ពេល​នោះ​ជា​ការ​គួរ​ឱ្យ​ព្រួយ​បារម្ភ​។ ប្រភព​ដដែល​នេះ​អះ​អាង​ថា​នៅ​ក្នុង​ពេល​នេះ​ប្រទេស​ចិន និង​អាមេរិក​កំពុង​តែ​មាន​ជម្លោះ​ពាណិជ្ជ​កម្ម​ជា​មួយ​គ្នា​។ គ្រាន់​តែ​ថា​ប្រទេស​ទាំង​២​យល់​ព្រម​​ព្យួរ​ទុក​ការ​ដំឡើង​ពន្ធ​គ្នា​ទៅ​វិញ​ទៅ​មក​។

​បញ្ហា​មួយ​ដែល​នៅ​ជាប់​ជំពាក់​មុខ​គ្នា​ដោះ​ស្រាយ​មិន​ទាន់​ចេញផង​ ថែម​រឿង​តៃវ៉ាន់​មួយ​ទៀត​វាធ្វើ​ឱ្យ​សាំ​ញ៉ាំ​កាន់​តែ​ខ្លាំង។​ ដូច្នេះ លោក​ត្រាំ​មិន​ចង់​ឱ្យ​បញ្ហា​តៃវ៉ាន់​ក្លាយ​ជា​ផ្ទាំង​ពពក​ខ្មៅ​តាម​រំខាន​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ចិន និង​អាមេរិក​ទេ​។ នៅ​ក្នុង​ការ​ព្រម​ព្រៀង​គ្នា​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​រវាង​ចិន និង​អាមេរិក​កាល​ពី​ខែ​តុលា​ លោក​ស៊ី​ជីន​ពីង​សន្យាទិញ​ផលិត​ផល​កសិ​កម្ម​ច្រើនៗ​ពី​កសិករ​អាមេរិក​ដែល​កំពុង​រង​គ្រោះ​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ពាណិជ្ជ​កម្ម​។ នេះ​បើ​យោង​តាម​ការ​ដក​ស្រង់​ប្រភពពី​ឆេន​ណល​ ញូស៍​ អេស៊ា (Channel News Asia) និង​ប្រភព​ដទៃ​ទៀត​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ