ខេត្តស្ទឹងត្រែង ៖ នៅថ្ងៃទី២៧ វិច្ឆិកា ២០២៥នេះ រដ្ឋាភិបាលខេត្តស្ទឹងត្រែង បានទទួលអាវរងាជាអំណោយរបស់សប្បុរសជនជាម្ចាស់អាជីវកម្មលក់អាវនៅរាជធានីភ្នំពេញ ដើម្បីយកទៅចែកជូនបន្តដល់ប្រជាពលរដ្ឋងាយរងគ្រោះនៅតាមមូលដ្ឋាននីមួយៗក្នុងខេត្ត។
អាវរងាទាំងនេះ ត្រូវបានប្រគល់ជូនតាមរយៈលោក ប៉ក់ ណារ៉ូន ប្រធានក្រុមការងារព័ត៌មានសម្តេចតេជោ ទៅដល់តំណាងរដ្ឋបាលក្រុង ស្រុកទាំង៦ នៃខេត្តស្ទឹងត្រែង ដើម្បីធានាថា អំណោយសប្បុរសធម៌នេះ ទៅដល់ដៃប្រជាពលរដ្ឋ ដែលមានតម្រូវការចាំបាច់បំផុត ។
លោក ប៉ក់ ណារ៉ូន បានមានប្រសាសន៍ថា អំណោយនេះបានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គី និងការចែករំលែកដ៏ថ្លៃថ្លារបស់សប្បុរសជនដែលតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសក្រុមគ្រួសារ ដែលងាយរងគ្រោះក្នុងរដូវរងា ។
លោកក៏បានផ្តាំផ្ញើដល់អាជ្ញាធរក្រុង-ស្រុកទាំងអស់ឱ្យធ្វើការចែកចាយប្រកបដោយតម្លាភាព និងត្រូវចំគោលដៅពិតប្រាកដ។
អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា និងរដ្ឋបាលក្រុង-ស្រុក ក៏បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន និងលោក ប៉ក់ ណារ៉ូន ដែលបាននាំយកអំណោយដ៏មានតម្លៃនេះមកជួយដល់ប្រជាពលរដ្ឋក្នុងខេត្តនាពេលនេះ ៕





ចែករំលែកព័តមាននេះ