ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋផ្ទុះការតវាដោយសារមានអ្នកចាក់ដីលុបប្រឡាយបណ្តោយផ្លូវកៅស៊ូ និងបិទមាត់លូង្ហូរទឹកបង្កឲ្យលិចស្រែលិចស្រូវរបស់ប្រជាពលរដ្ឋប្រមាណជិត ១០០ហិកតាមិនអាចយកម៉ាស៊ីនច្រូតស្រូវចុះច្រូតកាត់ប្រមូលផលស្រូវបាន ។ ករណីផ្ទុះការតវ៉ានេះកើតឡើងនៅវេលាម៉ោង ៨ និង ៣០នាទីព្រឹកថ្ងៃទី ២៦ វិច្ឆិកា ២០២៥ ស្ថិតនៅភូមិតាស្អាងឃុំចម្លងស្រុកស្វាយជ្រំ ។
បើតាមប្រជាពលរដ្ឋបានប្រាប់អ្នកសារព័ត៌មានយើងថា ពួកគាត់មកតវ៉ា នេះមូលហេតុមានអ្នកធំផ្កាយ ៣ ម្នាក់ ពួកគាត់មិនហ៊ានបញ្ចេញឈ្មោះ បានចាក់ដីលុបប្រឡាយសាធារណៈរួចចាក់ដីលុបបិទលូ កាត់ថ្នល់ដែលជាផ្លូវទឹកបង្ហូចូលអូរ ថែមទាំងធ្វើរបងដែកហ៊ុមព័ទ្ធរំលោភយកដីអូរសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ឋិបង្កឲ្យលិចស្រែជិត ១០០ហិកតាមិនអាចចូលទៅបង្ហូទឹកចេញពីស្រែបាន ដោយស្រូវទុំ ដល់ពេលច្រូតកាត់ប្រមូលផល ក៏ប៉ុន្តែនៅក្នុងស្រែមានទឹកជ្រៅមិនអាចយកម៉ាស៊ីនច្រូតចុះទៅច្រូតកាត់ប្រមូលផលបាន និងស្រូវភាគច្រើនដួលពិបាកច្រូត ។ ហើយប្រសិនបើអាជ្ញាធរមិនចុះមកពិនិត្យ និងអន្តរាគមន៍ទេស្រូវពួកគាត់ពិតជាខូចជាមិនខាន ។
ទាក់ទិនករណីនេះដែរ នៅវេលាម៉ោង ៣ និង ១០នាទីរសៀលថ្ងៃទី ២៦ វិច្ឆិកា នេះលោកអភិបាលរងស្រុកស្វាយជ្រំបានដឹកនាំកម្លាំងអាជ្ញាធរចុះមកពិនិត្យឃើញថា ពិតជាមានការចាក់ដីលុបអូរ និងធ្វើរបងដែកហ៊ុមព័ទ្ធរំលោភយកដីអូរសាធារណៈរបស់រដ្ឋ បង្កឲ្យលិចស្រូវរបស់ប្រជាពលរដ្ឋពិតប្រាកដមែន ។ លោកអភិបាលរងស្រុកក៏បានឲ្យប្រជាពលរដ្ឋចូលទៅក្នុងរបងរួចកាយដីចេញក្រៅលូ ដើម្បីបង្ហូរទឹកចេញពីស្រែរបស់ប្រជាពលរដ្ឋ ។ ក៏ប៉ុន្តែដោយលោកផ្កាយ ៣ បានចាក់ដីលប់អូរ ២ជាន់នៅផ្នែកខាងក្រោមជាប់ព្រែកអូរស្មាច់រួចដាក់លូតូច ទើបទឹកមិនអាចហូរបានលឿនអាចបួនទៅប្រាំថ្ងៃអាចគោកទឹកខ្លះ ។ លោកអភិបាលរងស្រុករូបនោះបានមានប្រសាសន៍ថា លោក និងចេញលិខិតជូនដំណឹងទៅម្ចាស់ធ្វើរបង (លោកផ្កាយបី) ឲ្យមករុះរើរបងដែកនេះចេញវិញ ។
បើតាមមន្ត្រីសុរិយោដីខេត្តបានបង្ហើបឲ្យដឹងថា កន្លងមកប្រជាពលរដ្ឋធ្លាប់ប្តឹងម្តងរួចមកហើយ លោកអភិបាលខេត្ត បានបង្កើតគណៈកម្មាធិការចម្រុះចុះពិនិត្យវាស់វែងបោះបង្គោលទុកចំណីព្រែកនិងដីព្រែករួចហើយ មិននឹកស្មានថាមិនទាន់បានប៉ុន្មានផង មកចាក់ដីលុបអូរសាធារណៈរបស់រដ្ឋដែលជាអូរធម្មជាតិហើយធ្វើរបងហ៊ុមពទ្ធ័ធ្វើជាកម្មសិទ្ធិបែបនេះសោះ ជាពិសេសមិនគួរបិទផ្លូវទឹកបង្កឲ្យលិចស្រូវប្រជាពលរដ្ឋទេ ។
មន្ត្រីដដែលបានលើកឡើងថា កាលពីមុនចាក់ដីលុបចំណីព្រែកអូរស្មាច់ និងជីករណ្តៅដីក្នុងចំណីព្រែកអូស្មាច់យកអាចមន៍ដី និងធ្វើទំនប់សាងសង់ជាស្រះចិញ្ចឹមត្រីចំនួន ៤ស្រះ បើគិតលេខមូលនៃស្រះប្រមាណ ៦ទៅ ៧ហិកតា ឯណោះដោយប្រើពាក្យអភិវឌ្ឍន៍ ក៏ប៉ុន្តែរហូតដល់បច្ចុប្បន្ន ពុំទាន់ឃើញមានចិញ្ចឹមត្រីទេ គឺមានតែចាក់ដីលុប់ព្រែក និងចំណីព្រែក ។
ប្រជាពលរដ្ឋសំណូមពរសូមឲ្យអាជ្ញាធរចុះពិនិត្យដោះស្រាយដោយអនុគ្រោះដោយអូរមួយនេះមានប្រវែងជិត ១០គីឡូម៉ែត្រហូកាត់ភូមិចំនួន ៣ភូមិគីភូមិជាយឬស្សី ភូមិកំពង់ចម្លង និងភូមិតាស្អាង ។ ទាក់ទិនករណីនេះដែរមិនអាចរកការបំភ្លឺពីលោកផ្កាយ ៣ ម្ចាស់គម្រោងបានទេរហូតដល់ម៉ោង ៤រសៀលថ្ងៃទី ២៦ វិច្ឆិកានេះ ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕













ចែករំលែកព័តមាននេះ