រាជធានីភ្នំពេញ ៖ ផ្សារទួលពង្រដែលស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌដង្កោ កាលពីវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ កក្កដា ត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅអស់ចំនួន១២តូប ដែលការឆេះនេះបណ្តាលមកពីទុស្សេចរន្តខ្សែភ្លើងនៅក្នុងតូប។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា អគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅចេញពីក្នុងផ្សារដោយឆេះអស់រលីងចំនួន១២តូប ក្នុងនោះមានតូបលក់គ្រឿងទេស តូបលក់គ្រឿងជ័រ តូបលក់ស្បែកជើង តូបលក់ខោអាវ និងតូបជួសជុលម៉ាញ៉េ-ទូរទស្សន៍ដែលតូបនីមួយៗមានជញ្ចាំងក្តារ ដំបូលប្រក់ស័ង្កសី។
ប្រភពព័ត៌មានបានឱ្យដឹងថា ការឆេះនេះបណ្តាលមកពីទុស្សេចរន្តអគ្គិសនីតូបនៅក្នុងផ្សារចំណែកប្រភពខ្លះទៀតអះអាងថា ការឆេះមិនមែនបណ្តាលមកពីទុស្សេខ្សែភ្លើងទេ គឺមានអ្នកលួចដុតតែម្តង ដោយហេតុថា អាជីវករលក់ដូរក្នុងផ្សារនេះមានទំនាស់ជាមួយអ្នកគ្រប់គ្រងផ្សារជាយូរមកហើយ ។ ទំនាស់នេះទៀតសោត ក្លាយជាទំនាស់រីងរៃនៅតែបន្តរហូតមកដល់បច្ចុប្បន្ន ដូច្នេះប្រភពក្រៅផ្លូវការអះអាងថា ការឆេះនេះអាចមានអ្នកលួចដុតដែលបណ្តាលមកពីគំនុំតែប៉ុណ្ណោះ ។
ក្នុងយុទ្ធនាការអន្តរាគមន៍ពន្លត់អគ្គិភ័យឱ្យរលត់ជាស្ថាពរនោះ មានរថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថចំនួន២រថយន្ត និងរថយន្តស្នងការរាជធានីភ្នំពេញ៧រថយន្ត បានបាញ់ទឹកពន្លត់រលត់ភ្លាមៗបន្ទាប់ពីមានការឆាបឆេះ ៕
ចែករំលែកព័តមាននេះ