ខេត្តស្វាយរៀង ៖ មានករណីក្រុមចោរ០២នាក់ បានជិះម៉ូតូមកធ្វើសកម្មភាពស្ទាក់កាប់ប្លន់យកម៉ូតូទៅលើជនរងគ្រោះបានដោយសុវត្ថិភាព ចំណែកជនរងគ្រោះរងរបួសធ្ងន់ ។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង០១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ កញ្ញា ២០២៥ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចខាងលិចខ្លោងទ្វារវត្តព្រៃអង្គុញ ក្នុងភូមិព្រៃអង្គុញ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ។

ប្រភពឱ្យដឹងទៀតថា ម៉ូតូដែលក្រុមចោរកាប់ប្លន់យកទៅនោះម៉ាកហុងដា សេ១២៥ ស៊េរី២០២៥ ពណ៌ខ្មៅ អត់ស្លាកលេខ ។ បើតាមជនរងគ្រោះបានឲ្យដឹងថា ខ្លួនបានម៉ូតូបងប្អូនជិះ លុះមកដល់ចំណុចកើតហេតុ ខ្លួនឈប់បម្រុងចុះបត់ជើងតូច ក៏ពុំទាន់បានចុះពីលើម៉ូតូផង ស្រាប់តែមានជនសង្ស័យជិះម៉ូតូម៉ាកសូនិច ពណ៌.ស ជិះគ្នា០២នាក់ បានមកស្ទាក់កាប់ប្រហាប្លន់យកម៉ូតូទៅបាត់ស្រមោល ចំណែកជនរងគ្រោះរងរបួសធ្ងន់ដេកនៅក្នុងថ្លុកឈាម ។
បន្ទាប់មក ត្រូវបានប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍និងហៅរថយន្តសាមុយដឹកជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកជីភូ ដើម្បីសង្គ្រោះ ៕
ចែករំលែកព័តមាននេះ