ខេត្តកណ្ដាល ៖ ជនម្នាក់ធ្លាប់ជាប់ពន្ធនាគារម្តងហើយតែមិនរាងចាល លុះលើកនេះឃើញម៉ូតូអ្នកលក់ត្រីទុកហើយមិនដកសោចេញពីម៉ូតូក៏លួចភ្លាម និងបម្រុងជិះរត់ទៅហើយ តែម្ចាស់ឃើញទាន់ក៏ស្រែកថាចោរៗ និងស្ទុះទៅចាប់បានប្រគល់ឲ្យសមត្ថកិច្ចចាត់ការ ។ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ៨និង៣០នាទីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ នៅផ្សារតាខ្មៅថ្មី ភូមិដើមមៀន១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យរូបនេះឈ្មោះ ហេង វិចិត្រ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅក្រុងតាខ្មៅ មុខរបរមិនពិតប្រាកដ កន្លងមកធ្លាប់ជាប់ពន្ធនាគារម្ដងហើយ និងវិជ្ជមានសារធាតុញៀនក្នុងទឹកនោម(+)ផងដែរ ។ ជាមួយនឹងការចាប់ឃាត់ខ្លួននេះ សមត្ថកិច្ចបានដកហូតម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ផ្លាលេខ កណ្តាល ១U-៨០១៥ ជាម៉ូតូរបស់ជនរងគ្រោះដែលជននេះលួច និងទូរស័ព្ទដៃម៉ាកវីវ៉ូ១គ្រឿង ។
ចំណែកម្ចាស់ម៉ូតូឈ្មោះ រៀម សុផា ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិលេខ៤ ឃុំត្រើយស្លា ស្រុកស្អាង ។ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នោះ វេលាម៉ោងប្រមាណ៨និង៣០នាទីព្រឹក ជនរងគ្រោះបានជិះម៉ូតូដឹកត្រីយកមកលក់នៅផ្សារតាខ្មៅថ្មី ដោយទុកម៉ូតូនៅក្រោយកន្លែងលក់និងភ្លេចដកសោចេញពីម៉ូតូ ។
ពេលនោះ ជនឈ្មោះ ហេង វិចិត្រ បានលួចម៉ូតូរបស់គាត់បម្រុងជិះគេចខ្លួន តែត្រូវម្ចាស់ម៉ូតូឃើញទាន់ក៏ស្រែកថាចោរៗ ហើយក៏ត្រូវអ្នកនៅម្ដុំនោះព័ទ្ធចាប់បាន រួចនាំយកទៅប្រគល់ឲ្យសមត្ថកិច្ចសួរនាំ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឆ្លើយថា ខ្លួនពិតជាបានលួចម៉ូតូខាងលើប្រាកដមែន និងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕
ចែករំលែកព័តមាននេះ