ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ប៉ៃលិន ចុះ​ពិនិត្យ​មើល​ការ​ប្រមូល​ផលដំណាំ​ស្រូវ និង​បន្លែ​ផ្លែ​ឈើ ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​នាំ​ចេញ​

18 ម៉ោង មុន

ខេត្ត​ប៉ៃលិន ៖ លោក​ជំទាវ​ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន នា​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៥ បាន​អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ…

ខេត្ត​ប៉ៃលិន ៖ លោក​ជំទាវ​ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន នា​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៥ បាន​អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​ក្រុមការងារ ចុះ​ពិនិត្យ​មើល​ដោយ​ផ្ទាល់ ការ​ប្រមូល​ផលដំណាំ​ស្រូវ និង​បន្លែ​ផ្លែ​ឈើ ក្នុង​ខេត្ត​ប៉ៃលិន ព្រមទាំង​លើកទឹកចិត្ត​ដល់​ប្រជា​កសិករ​ធ្វើការ​ផលិត​ឱ្យ​បាន​ច្រើន ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​នាំ​ចេញ​ក្រៅប្រទេស ដែល​ធានា​ បាន​នូវ​តម្លៃ​សមរម្យ និង​គុណភាព តាម​បែប​ធម្មជាតិ ប្រកបដោយ​ទំនុកចិត្ត មិន​ប៉ះពាល់​ដល់​សុខភាព ​។

លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល ដែល​មាន​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​ ជា​នាយក​រដ្ឋមន្ត្រី បាន​ជំរុញ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ធ្វើការ​បណ្តុះបណ្តាល​ដល់​សហគមន៍ ឬ​បណ្តុំ​កសិករ ដោយ​ផ្តល់​អ្នកជំនាញ​ទៅ​បណ្តុះបណ្តាល​ដល់​មូលដ្ឋាន​ផ្ទាល់​តែ​ម្តង គឺ​ធ្វើ​យ៉ាងណា​ឱ្យ​ការ​ដាំ​ដុះ​របស់​បងប្អូន ប្រជា​កសិករ ទទួល​បាន​ទិន្នផល​ច្រើន ចំណាយ​លើ​ការ​ផលិត​តិច និង​មាន​សុវត្ថិភាព ដល់​អ្នក​ប្រើប្រាស់​ក៏​ដូច​ជា​អ្នក​ដាំ​ផ្ទាល់ ជា​ពិសេស​ផលិត​កសិផល​ទាំង​បរិមាណ និង​គុណភាព ទៅ​តាម​តម្រូវការ​ទីផ្សារ​ក្នុងស្រុក និង​នាំ​ចេញ​ទៅ​ក្រៅប្រទេស ។

លោក​ជំទាវ បាន ស្រី​មុំ បាន​មាន​ប្រសាសន៍​បន្ត​ថា​ នៅ​ខេត្ត​ប៉ៃលិន​ក្រសួងពាណិជ្ជកម្ម តាម​រយៈ​គម្រោងជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច ហៅ​កាត់​ថា អេ​ម​ស៍ ក៏បាន​រៀបចំ ជា​បណ្តុំ​ផលិតផល​ក្នុងស្រុក តាម​បែប​ធម្មជាតិ ដើម្បី​ជំរុញ​ឱ្យ​បងប្អូន​ប្រជា​កសិករ​យើង បង្កើន​ការ​ចិញ្ចឹម និង​ការ​ដាំ​ដុះ​បន្ថែម​ទៀត ក្នុង​ការ​ផ្គត់ផ្គង់​អោយ​បាន​ទាន់​ពេលវេលា និង​តាម​តម្រូវការ​ទីផ្សារ ក្នុង​តម្លៃ​មួយ​សមរម្យ ជៀសវាង​ការ​ផលិត ដែល​គ្មាន​គុណភាព និង​មិន​មាន​ទីផ្សារ ហើយ​ជាក់ស្តែង​បច្ចុប្បន្ន​នេះ ខេត្ត​ប៉ៃលិន បើ​ទោះបីជា​ច្រក​ទ្វារ​ព្រំ​អន្តរជាតិ​កម្ពុជា​-​ថៃ ត្រូវ​បាន​បិទ តែ​មាន​ក្រុមហ៊ុន​ជា​ច្រើន កំពុង​ទទួល​ទិញ បន្លែ ផ្លែ​ឈើ និង​កសិផល​ផ្សេង​ៗ​ទៀត ដើម្បី​ធ្វើការ​វេច​ខ្ចប់​ និង​ស​ម្ងួ​ត សម្រាប់​នាំ​ចេញ យក​ទៅ​លក់​នៅក្រៅប្រទេស ដូច​ជា ប្រទេស​ចិន ប្រទេស​វៀតណាម សហគមន៍​អឺ​រុ​ប និង​សហរដ្ឋអាមេរិក​ជាដើម​។

នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​ប្រជា​កសិករ​ដាំ​ដុះ​បន្លែ​លោក​ជំទាវ​ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន ក៏​បាន​ជួយ​ទិញ​បន្លែ​របស់​បងប្អូន​កសិករ ព្រមទាំង​ជម្រុញ​អោយ​ពួក​គាត់ បង្កើន​ការ​ដាំ​ដុះ​បន្លែសរីរាង្គ​ អោយ​បាន​ច្រើន ដើម្បី​លើកកម្ពស់​ជីវភាព​ក្នុង​គ្រួសារ និង​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ ហើយ​ក្នុង​ករណី​បន្លែ​គ្មាន​ទីផ្សារ សូម​ទំនាក់ទំនង​មក​កាន់​ក្រុមការងារ លោក​ជំទាវ​នឹង​ជួយ​រក​ទីផ្សារ​ជូន​បងប្អូន ។

បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជំនាញ​ ៖ ដោយសារ​គុណភាព នៃ​ការ​ផលិត​បច្ចុប្បន្ន​ទីផ្សារ​បន្លែ​ផ្លែ​ឈើ និង​ស្រូវ នៅ​ខេត្ត​ប៉ៃលិន មាន​ស្ថាន​ភាពល្អ​ប្រសើ​រជាង​ឆ្នាំ​កន្លង​ទៅ ព្រោះ​ពេល ​ដែល​កសិករ​ផលិត​បាន គឺ​មាន​ឈ្មួញកណ្តាល​មកប្រមូលទិញ​យក​អស់​ៗ ក្នុង​តម្លៃ​សមរម្យ ហើយ​មាន​ពេល​ខ្លះ ​ប្រជា​កសិករ សឹងតែ​ផលិត​មិន​ទាន់​សម្រាប់​បំពេញតម្រូវការទីផ្សារ ថែម​ទៀត​ផង ដោយ​ក្នុង​នោះ​បន្លែ​ផ្លែ​ឈើ ដែល​ផលិត​បានក្រៅ​តែ​ពី​លក់​ក្នុង​មូលដ្ឋាន គឺ​មួយ​ចំនួន​ធំ​ត្រូវ​នាំ​ចេញទៅ​ផ្គត់ផ្គង់ទីផ្សារ​នៅ​ឯ​ខេត្ត​នានា​ជាប់​ព្រំប្រទល់​ខេត្ត​ប៉ៃលិន និង​មាន​ទៅ​ដល់រាជធានី​ភ្នំពេញ ពិសេស​នៅ​តាម​ផ្សារ​ទំនើប នានា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ