ទីក្រុងប៉េកាំង៖ ប្រទេសជប៉ុនបានដើរឆ្លងបន្ទាត់ក្រហមរបស់ចិនហើយ។ នេះបើយោងតាមការថ្លែងរបស់រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាងយី ពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់។ នៅក្នុងសេចក្ដីប្រកាសដែលផ្សព្វផ្សាយដោយគេហទំព័ររបស់ក្រសួងការបរទេសចិន លោកវ៉ាងយីបានកត់សម្គាល់ពាក្យសម្ដីរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រីតាកាអ៊ីឈិ ដែលថ្លែងកាលពីថ្ងៃទី៧ ខែវិច្ឆិកាបើសិនចិនប្រើប្រាស់កម្លាំងយោធាវាយប្រហារតៃវ៉ាន់ ពេលនោះជប៉ុននឹងឆ្លើយតបដោយកម្លាំងយោធា។

លោកវ៉ាងយីចាត់ទុកថាការថ្លែងដូច្នេះជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល។ វាជារឿងដ៏គួរភ្ញាក់ផ្អើលដែលមេដឹកនាំជប៉ុនបញ្ជូនសារនយោបាយទាំងខុសឆ្គងអំពីការត្រៀមធ្វើអន្តរាគមន៍យោធានៅក្នុងបញ្ហាតៃវ៉ាន់។ លោកថាពួកគេបាននិយាយនូវអ្វីដែលមិនសមនឹងនិយាយ និងដើរឆ្លងបន្ទាត់ក្រហមដែលមិនសមនឹងឆ្លង។ លោកថាចិនត្រូវតែឆ្លើយតបដោយម៉ឺងម៉ាត់បំផុតចំពោះសកម្មភាពរបស់ជប៉ុន និងថាប្រទេសទាំងអស់ត្រូវរួមគ្នាទប់ស្កាត់មិនឱ្យប្រទេសជប៉ុនវិលទៅរករបបយោធានិយមសាជាថ្មី។

ពាក្យសម្ដីរបស់លោកស្រីតាកាអ៊ីឈិធ្វើឱ្យប្រទេសចិនបញ្ចេញប្រតិកម្មជាបន្តបន្ទាប់ព្រោះលោកស្រីនៅតែរក្សាពាក្យសម្ដីនោះដដែលទោះបីប្រទេសចិនទាមទារឱ្យដកពាក្យសម្ដីនោះយ៉ាងណាក្ដី។ នៅក្នុងលិខិតផ្ញើជូនអគ្គលេខាធិការអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រ ចិនចាត់ទុកថានេះជាការរំលោភច្បាប់អន្តរជាតិ និងក្រឹត្យក្រមការទូត។ ចិនថាបើជប៉ុនធ្វើអន្តរាគមន៍យោធានៅច្រកសមុទ្រតៃវ៉ាន់ ពេលនោះចិនចាត់ទុកជាអំពើឈ្លានពាន។ ចិនសូមប្រើសិទ្ធិការពារខ្លួនស្របទៅតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ហើយចិននឹងការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន។

លោកស្រីតាកាអ៊ីឈិថ្លែងថាលោកស្រីមិនបានជួបនាយករដ្ឋមន្ត្រីចិន លោកលីឆៀង នៅឯកិច្ចប្រជុំជីម្ភៃដែលរៀបចំឡើងនៅប្រទេសអាហ្វ្រិកខាងត្បូងនោះទេ។ លោកស្រីបញ្ជាក់ថាជប៉ុនបើកទូលាយជានិច្ចសម្រាប់ការសន្ទនាគ្នាជាមួយប្រទេសចិន។ លោកស្រីថារដ្ឋាភិបាលរបស់លោកស្រីនៅតែប្រកាន់ជំហរនយោបាយស្ដីពីការអភិវឌ្ឍទំនាក់ទំនងជាយុទ្ធសាស្ត្រ និងទំនាក់ទំនងដែលផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ ជប៉ុននឹងខិតខំកសាងទំនាក់ទំនងប្រកបដោយការស្ថាបនា និងមានស្ថិរភាព។

នៅពេលអ្នកសារព័ត៌មានសាកសួរអំពីពាក្យសម្ដីដែលលោកស្រីថ្លែងនៅក្នុងរដ្ឋសភាពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់នោះ លោកស្រីយល់ថាការប្រមើលមើលថាប្រទេសជាតិធ្លាក់ទៅក្នុងស្ថានភាពបែបណាមួយគឺអាស្រ័យទៅលើការសម្រេចចិត្តរបស់រដ្ឋាភិបាលដោយផ្អែកទៅលើព័ត៌មានដែលប្រមូលបានពីគ្រប់មជ្ឈដ្ឋាន និងស្របទៅតាមស្ថានភាពជាក់ស្ដែង។ នេះបើយោងតាមប្រភពពីអេភី (AP), រ៉យទ័រ (Reuters) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ