ខេត្តស្វាយរៀង ៖ ជនសង្ស័យចំនួនចំនួន២៨នាក់ ក្នុងនោះ ស្ត្រី០៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរទីតាំងចំនួន០២ទីតាំង នៅបុរី CK នៅផ្ទះលេខ M47 និងផ្ទះលេខ M29 ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។

ជាមួយគ្នានេះ សមត្ថកិច្ចបានរឹបអូសសម្ភារៈជាវត្ថុតាងរួមមាន កុំព្យូទ័រលើតុ៤៧គ្រឿង, ទូរសព្ទដៃ ២៥រឿង, ដុំ Mobile Tri Band Repeater ០១, ដុំ WiFi ចំនួន០៤គ្រឿង, កាត០១សន្លឹក, រថយន្ត ០១គ្រឿង ម៉ាក Lexus RX400h ពណ៌.ស ផ្លាកលេខ ភ្នំពេញ 2BZ-4107, ម៉ូតូ០៤គ្រឿង, ឯកសណ្ឋានសមត្ថកិច្ច, លិខិតឆ្លងដែន១២ក្បាល, អត្តសញ្ញាណបណ្ណ២៤សន្លឹក, បណ្ណបើកបរ៥សន្លឹក និងផ្លាកលេខម៉ូតូវៀតណាម ០១សន្លឹក។

ប្រតិបត្តិការនេះ ត្រូវបានដឹកនាំធ្វើកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលពីលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងមានការចូលរួមពីអគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការឯកភាពខេត្តខេត្តស្វាយរៀង អាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត ដោយបានចុះត្រួតពិនិត្យនៅទីតាំងសង្ស័យទាំងពីរ និងបានឈានដល់ការ ឃាត់ខ្លួនជនសង្ស័យពាក់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាខាងលើនេះចំនួន២៨នាក់ស្រី០៣នាក់។

ក្រោយការបង្ក្រាបនេះ សមត្ថកិច្ចជំនាញបច្ចុប្បន្នកំពុងសហការជាមួយ ភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាល ខេត្តស្វាយ រៀង និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

ចំណែកឯ ទីតាំងខាងលើ ត្រូវបានបិទបណ្តោះអាសន្ន ។ សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់ វិធាន ការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ ៕

ចែករំលែកព័តមាននេះ