ខេត្តព្រះសីហនុ ៖ ព័ត៌មានបឋម ! កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង២០និង០០នាទី មានករណីបុរសម្នាក់ប្រើកាំបិតចុងស្រួច ចាក់សម្លា.ប់ប្រពន្ធរបស់ខ្លួននៅម្ដុំផ្ទះពស់ចាស់ ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ហើយបានគេចខ្លួនបាត់ ។ រហូតដល់ម៉ោង២៣និង១៥នាទី ទើបឃាត់ខ្លួនជនសង្ស័យបាន នៅមុខរោងចក្រ តំបន់សេដ្ឋកិច្ចពិសេស ស្ថិតនៅសង្កាត់បិតត្រាំង ក្រុងកំពង់សោម ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានប្រកាសនារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញដោយផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងនគរបាលជំបាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់សោម បានធ្វើស្រាវជ្រាវស្វែងរកចាប់ខ្លួន រហូតដល់ម៉ោង២៣និង១៥នាទី ទើបឃាត់ខ្លួនជនសង្ស័យបាននៅមុខរោងចក្រ តំបន់សេដ្ឋកិច្ចពិសេស ស្ថិតនៅសង្កាត់បិតត្រាំង ក្រុងកំពង់សោម និងបញ្ជូនមកស្នងការដ្ឋានខេត្តដើម្បីបន្តនីតិវិធី ។

ក្នុងករណីខាងលើនេះដែរ វត្ថុតាងដែលចាប់យកបានរួមមាន ៖ ទូរស័ព្ទដៃម៉ាក់ VIVO ពណ៌ខៀវ ១គ្រឿង, កាំបិតចុងស្រួច ១ដើម, ម៉ូតូ VIVA ពណ៌ខ្មៅ ស្លោកលេខ ភ្នំពេញ 1C-7405 មួយគ្រឿង, អត្តសញ្ញាណប័ណ្ណ ១សន្លឹក, អាវក្រៅដៃវែងពណ៌ខ្មៅ ។
សូមបញ្ជាក់ថា ៖ ចំពោះមូលហេតុខាងលើនេះខាងយើងនៅមិនទាន់ដឹងច្បាស់នូវឡើយទេ ។ បច្ចុប្បន្នកម្លាំងជំនាញព្រហ្មទណ្ឌកំពុងចាត់ការតាមនិតិវិធីច្បាប់ ៕

ចែករំលែកព័តមាននេះ