រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន៨នាក់ និងវត្តុតាង ដែលក្លែងបន្លំជាសមត្ថកិច្ចស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថ ធ្វើសកម្មចាប់ជំរិតទារប្រាក់ពីជនបរទេស នៅពេលយប់ក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញមុខជាសាធារណៈ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០២៥ នេះ ។

ជនសង្ស័យដែលក្លែងជាសមត្ថកិច្ចប្រព្រឹត្តបទល្មើសរូបនោះ ១-ឈ្មោះ ហ៊ុំ សុផុន អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ,២-ឈ្មោះ ខឿន រុន អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅស្រុកស្នួល ខេត្តក្រចេះ, ៣-ឈ្មោះ ណុន ស៊ីតុន អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅផ្លូវជាតិលេខ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល, ៤-ឈ្មោះ ហ៊ុំ វិរៈ ហៅវុទ្ធ អាយុ២៤ឆ្នាំ មុខរបរបើកបររថយន្តឲ្យចិន ទីលំនៅភូមិដំរីឡេង ឃុំទទុង ស្រុកដងទង់ ខេត្តកំពត, ៥-ឈ្មោះ ហ៊ុំ សុភ័ក្ត្រ ហៅ
យ៉ត អាយុ៣៥ឆ្នាំ មុខរបរបើកបររថយន្តឲ្យចិន ទីលំនៅស្នាក់នៅខុនដូររ៉េស៊ីដង់ ផ្លូវ៤៣២ ក្រុម១ ភូមិសន្សំកុសល សង្កាត់បឹងទំពុន រាជធានីភ្នំពេញ, ៦-ឈ្មោះ ជា សុខលី អាយុ២៥ឆ្នាំ មុខរបរបើកបររថយន្តឲ្យចិន ទីលំនៅឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល, ៧-ឈ្មោះ មុន វិចិត្រចិន្ដា ហៅចិន្ដា អាយុ២៩ឆ្នាំ មុខរបរបើកបររថយន្តឲ្យចិន ទីលំនៅស្នាក់នៅបុរីហ្គ្រេនភ្នំពេញ សង្កាត់ខ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និង៨-ឈ្មោះ ឡែម លាភ អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកលក់ដីឡូត៍ ទីលំនៅផ្ទះលេខបេ៥៦២៧ ផ្លូវលេខ៦ បុរីឈូកមាស ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមនគរបាលព្រហ្មទណ្ឌបានអោយដឹងថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៣ និង២០នាទីទៀបភ្លឺ មានករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់ចំនួន៥២,០០០ដុល្លារអាមេរិក លើបុរសជនជាតិចិន ស្ថិតនៅចំណុចផ្លូវ៣៥២ ភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ LONG JUN ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅបច្ចុប្បន្នខុនដូរ Le Condo បន្ទប់១០០១ ជានទី១០ ផ្លូវ៥៧ កែង៣៥២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមនគរបាលបានអោយដឹងទៀតថា ដោយមានការដឹកនាំបញ្ជាដោយលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ និងកំរិតស្រាលនៃស្នងការដ្ឋាន
នគរបាលរាជធានីភ្នំពេញ បានសហការជាមួយអធិការដ្ឋាននគរបាលទាំង១៤ខណ្ឌ និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល , ខេត្តតាកែវ , ខេត្តកំពត ,សៀមរាប និងខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវហើយឈានទៅឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន៨នាក់ខាងលើ។
នៅក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញដកហូតបាន៖ រថយន្តម៉ាកព្រូស ពណ៌ស ពាក់ផ្លាកលេខកំពត2B-8818 និងរថយន្តម៉ាកព្រូស ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ2BQ-8101
,កាំភ្លើង៤ដើម,ទូរស័ព្ទចំនួន៦គ្រឿង,គ្រាប់ចំនួន៣៨គ្រាប់,ខ្នោះដៃចំនួន៧,សម្លៀកបំពាក់កងរាជអាវុធហត្ថចំនួន៤កំប្លេ, កាតកងរាជអាវុធហត្ថចំនួន២សម្លឹក (COPY),កាបូបស្ពាយចំនួន១។
តាមចម្លើយជនសង្ស័យបានសារភាពថា ខ្លួនបានធ្វើសកម្មភាពពិតប្រាកដមែនចំនួន៦ករណី។បន្ទាប់ពីបង្ហាញមុខជនសង្ស័យទាំង៨នាក់ខាងលើ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កសាងសំណុំរឿង ដើម្បីបន្តនីតិវិធី៕
ចែករំលែកព័តមាននេះ