រាជធានីភ្នំពេញ ៖ អាវុធខ្លី ម៉ាក K59 មួយដើម ត្រូវបានប្រជាពលរដ្ឋស្ម័គ្រចិត្តយកទៅប្រគល់ជូននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ ដើម្បីរក្សាទុកបន្ត ។
តាមនាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ បានឲ្យដឹងថា ដោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ ចាត់ឲ្យលោកនាយការិយាល័យគ្រប់គ្រងអាវុធស្ដីទី ដឹកនាំមន្ដ្រីជំនាញចំនួន៤រូប ចុះសហការជាមួយមន្ត្រីនគរបាលជំនាញ នៃការិយាល័យគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងជាតិពុល ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលយកអាវុធខ្លី ចំនួន ១ដើម ពីអ្នកស្ម័គ្រចិត្តប្រគល់អាវុធជូននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ ដើម្បីរក្សាទុកបន្ត ម៉ាក K59 លេខ ៨៤៧២ គ្រាប់ចំនួន ៨គ្រាប់ បង់ចំនួន០១ និងប័ណ្ណសម្គាល់អាវុធខ្លី ចំនួនមួយ ។
លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋាន ក៏បានអំពាវនាវជូនដល់មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងមន្ត្រីរាជការស៊ីវិល ចំណុះក្រសួងមហាផ្ទៃ និងតាមបណ្តាក្រសួង ស្ថាប័ន អង្គភាពផ្សេងៗទៀត ដែលអស់នីតិសម្បទា ចូលនិវត្តន៍ និងមរណភាព សូមមេត្តាប្រគល់អាវុធជូនអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈនាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ ដើម្បីរក្សាគ្រប់គ្រងបន្តឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដោយអនុលោមទៅតាមច្បាប់ ស្ដីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ នៃព្រះរាជាណាចក្រកម្ពុជា ៕

ចែករំលែកព័តមាននេះ