ទីក្រុងវ៉ាស៊ីនតោន៖ ប្រមុខដឹកនាំអ៊ុយក្រែន លោកហ្សេឡិនស្គី កំពុងស្ថិតនៅក្នុងស្ថានភាពដែលពិបាកសម្រេចចិត្ត និងកំពុងតែក្រពុលមុខយ៉ាងខ្លាំង។ ម៉្យាងត្រូវដោះស្រាយបញ្ហារឿងអាស្រូវពុករលួយនៅក្នុងជួររដ្ឋាភិបាលរបស់លោកដល់ថ្នាក់ដកតំណែងរដ្ឋមន្ត្រីចំនួន២រូប និងម៉្យាងទៀត ត្រូវទទួលរងសម្ពាធពីអាមេរិកដើម្បីបិទបញ្ចប់សង្គ្រាមឱ្យបានឆាប់។ ឥឡូវនេះ គេលេចឮដំណឹងថាលោកត្រាំទុកពេលឱ្យលោកហ្សេឡិនស្គីមួយអាទិត្យដើម្បីយកផែនការសន្តិភាពទាំង២៨ចំណុចនោះទៅពិចារណា។

បើសិនលោកហ្សេឡិនស្គីមិនទទួលយកផែនការនេះទេ លោកត្រាំព្រមានថានឹងឈប់ផ្ដល់ជំនួយយោធា និងព័ត៌មានសម្ងាត់ទៅឱ្យអ៊ុយក្រែន។ ការដាក់សម្ពាធលើកនេះមិនមែនធម្មតាៗដូចពេលមុនទេ ប៉ុន្តែជាសម្ពាធដែលខ្លាំងជាងពេលណាៗទាំងអស់។ ពួកគេ (រដ្ឋាភិបាលអាមេរិក) ចង់បិទបញ្ចប់សង្គ្រាម និងចង់ឱ្យអ៊ុយក្រែនបង់នូវតម្លៃដែលបានចំណាយសម្រាប់ធ្វើសង្គ្រាម។ នេះបើយោងប្រភពម្នាក់បង្ហើបប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

លោកហ្សេឡិនស្គីថ្លែងកាលពីម្សិលមិញថាលោកនឹងប្រើប្រាស់ផែនការសន្តិភាពដែលផ្ដួចផ្ដើមឡើងដោយលោកត្រាំធ្វើជាមូលដ្ឋានគ្រឹះសម្រាប់យកទៅចរចាជាមួយរុស្ស៊ី។ ប៉ុន្តែលោកថារាល់ផែនការសន្តិភាពណាក៏ដោយមិនត្រូវដើររំលងបន្ទាត់ក្រហមរបស់អ៊ុយក្រែនជាដាច់ខាត។ កាលពីយប់មិញ លោកហ្សេឡិនស្គីបានពិភាក្សាជាមួយពួកអឺរ៉ុប។ ក្នុងនោះក៏មាននាយករដ្ឋមន្ត្រីអង់គ្លេស និងប្រធានាធិបតីបារាំងផងដែរ។

លោកទាំង២គាំទ្រជានិច្ចនូវកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកក្នុងការស្វែងរកសន្តិភាពសម្រាប់អ៊ុយក្រែន។ ប៉ុន្តែស្នើសុំឱ្យសន្តិភាពនោះត្រូវប្រកបដោយយុត្តិធម៌ និងឋិតថេរយូរអង្វែង។ បើគេបកស្រាយមិនច្រឡំទេ ពាក្យថា «សន្តិភាពដោយយុត្តិធម៌» នៅក្នុងន័យនេះចង់សំដៅទៅលើសន្តិភាពដែលស្មើមុខស្មើមាត់។ ពោលគឺមិនមែនសន្តិភាពដោយសារការបង្ខិតបង្ខំឱ្យចុះហត្ថលេខាទទួលយក ឬក៏សន្តិភាពធ្វើឱ្យខាតបង់ផលប្រយោជន៍ជាតិនោះឡើយ។

ប្រភពពីមន្ត្រីរដ្ឋាភិបាលអាមេរិកដែលដឹងកិច្ចការផ្ទៃក្នុងបានបង្ហើបឱ្យដឹងថានៅក្នុងផែនការសន្តិភាព២៨ចំណុចរបស់លោកត្រាំនោះ មានចំណុចជាច្រើនស្របទៅនឹងការចង់បានរបស់រុស្ស៊ី។ ក្នុងនោះមានចំណុចខ្លះតម្រូវឱ្យអ៊ុយក្រែនកាត់ទឹកដីខ្លួនឯងបន្ថែមពីលើទឹកដីដែលកងទ័ពរុស្ស៊ីកំពុងកាន់កាប់ទៅទៀត។ ចំណុចមួយទៀត វ៉ាស៊ីនតោនទទួលយករុស្ស៊ីឱ្យចូលជាសមាជិកក្រុមប្រទេសជីប្រាំពីរ (G7)។

ទោះបីសារព័ត៌មានចុះផ្សាយព្រោងព្រាតអំពីផែនការនេះយ៉ាងណាក្ដី ប៉ុន្តែរុស្ស៊ីបញ្ចេញប្រតិកម្មតបដោយប្រយ័ត្នប្រយែង។ នៅពេលអ្នកសារព័ត៌មានសួរនាំអំពីបញ្ហានេះ អ្នកនាំពាក្យវិមានក្រឹមឡាំងបញ្ជាក់ថារុស្ស៊ីមិនទាន់ទទួលបានផែនការសន្តិភាពនោះនៅឡើយទេ។ ប៉ុន្តែក្រឹមឡាំងក៏ឆ្លៀតព្រមានផងដែរថាលោកហ្សេឡិនស្គីគួរតែចូលតុចរចាជាប្រញាប់។ បើមិនដូច្នេះទេ អ៊ុយក្រែននឹងបាត់បង់ទឹកដីកាន់តែច្រើន។

ឥឡូវនេះ លោកហ្សេឡិនស្គីមិនដឹងថាត្រូវគិតយ៉ាងដូចម្ដេច ឬត្រូវងាកទៅខាងណាទេ។ ខាងសហភាពអឺរ៉ុបគ្មានអ្វីក្រៅពីប្រកាសគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់វ៉ាស៊ីនតោនក្នុងការស្វែងរកសន្តិភាពសម្រាប់អ៊ុយក្រែន។ ដូចជម្រាបជូនពីខាងដើមអីចឹងគឺថាអឺរ៉ុបសំណូមពរតែម៉្យាងទេធ្វើយ៉ាងណាក៏ដោយត្រូវសម្រេចបានសន្តិភាពប្រកបដោយយុត្តិធម៌ និងយូរអង្វែង។ ប្រភពមួយបង្ហើបឱ្យដឹងថារដ្ឋាភិបាលរបស់លោកត្រាំចង់ឱ្យអ៊ុយក្រែនចុះហត្ថលេខាទទួលយកលក្ខខណ្ឌសំខាន់ៗមួយចំនួនយ៉ាងយូរត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍ក្រោយ។ នេះបើយោងតាមប្រភពពីញូស្វីក (Newsweek), តេឡេក្រាហ្វ (The Telegraph) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ