ខេត្តពោធិ៍សាត់ ៖ ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម និងទីប្រឹក្សាជាតិអន្តរជាតិ ចុះអន្តរាគមន៍ដោះស្រាយបញ្ហាទឹកជំនន់នៅតាមតំបន់មួយចំនួន ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ។ នេះបើយោងតាមក្រសួងធនធានទឹក និងឧតុនិយម ។

នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារនៃអង្គភាពគ្រប់គ្រងអនុវត្តន៍គម្រោង ព្រមទាំងទីប្រឹក្សាជាតិ និងអន្តរជាតិ អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះអន្តរាគមន៍ដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងនៃអាងស្ទឹងពោធិ៍សាត់ចាប់ពីស្ពានថ្ម រហូតដល់ដំណាក់អំពិល ដែលបានបង្កឱ្យផ្នែកខាងក្រោមចាប់ពីតំបន់ស្វាយអាត់ទទួលរងនូវទឹកជំនន់នាពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

ក្នុងឱកាសនោះ ក្រុមការងារនៃអង្គភាពគ្រប់គ្រងអនុវត្តន៍គម្រោង បានចុះទៅដល់ទីតាំងផ្ទាល់នៅផ្នែកខាងលើដំណាក់អំពិល រហូតដល់ផ្នែកខាងក្រោមតំបន់ចរឹតដែលទទួលរងទឹកជំនន់ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃរកដំណោះស្រាយបន្ធូរបន្ថយចរន្តលំហូរទឹក ។

ជាវិធានការបន្ទាន់ ក្រុមការងារបានដាក់គ្រឿងចក្រកាយផ្តាច់ចេញនូវកន្លែងដែលធ្វើឱ្យរាំងស្ទះមុខទឹក ដើម្បីបង្វែរ និងបញ្ជាទឹកឱ្យធ្លាក់ចូលទៅកាន់បឹងទន្លេសាបបានរហ័ស ហើយក្រុមការងារនៅតែបន្តឈរជើងតាមដានស្ថានភាពទឹក និងបន្តធ្វើសកម្មភាពបញ្ជាគ្រឿងចក្រនៅតាមទីតាំងមួយចំនួន ដើម្បីកាយមុខទឹកដែលកកស្ទះ ៕





ចែករំលែកព័តមាននេះ