រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន ៨នាក់ ត្រូវបានកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញស្រាវជ្រាវ ឃាត់ខ្លួនបន្ទាប់ពី ក្លែងបន្លំជាសមត្ថកិច្ច ស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថ ធ្វើសកម្មចាប់ជំរិតទារប្រាក់ ពីជនបរទេស នៅពេលយប់ក្នុងរាជធានីភ្នំពេញ ។
ជនសង្ស័យ ដែលក្លែងជាសមត្ថកិច្ចប្រព្រឹត្តបទល្មើសរូបនោះ ៖
១. ឈ្មោះ ហ៊ុំ សុផុន អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបន្ទប់ជួល ផ្លូវបេតុង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
២. ឈ្មោះ ខឿន រុន អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅស្រុកស្នួល ខេត្តក្រចេះ។
៣. ឈ្មោះ ណុន ស៊ីតុន អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅផ្លូវជាតិលេខ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
៤. ឈ្មោះ ហ៊ុំ វិរៈ ហៅវុទ្ធ អាយុ២៤ឆ្នាំ មុខរបរបើកបររថយន្តឲ្យចិន ទីលំនៅភូមិដំរីឡេង ឃុំទទុង ស្រុកដងទង់ ខេត្តកំពត។
៥. ឈ្មោះ ហ៊ុំ សុភ័ក្ត្រ ហៅយ៉ត អាយុ៣៥ឆ្នាំ មុខរបរបើកបររថយន្តឲ្យចិន ទីលំនៅស្នាក់នៅខុនដូររ៉េស៊ីដង់ ផ្លូវ៤៣២ ក្រុម១ ភូមិសន្សំកុសល់ សង្កាត់បឹងទំពុន រាជធានីភ្នំពេញ។
៦. ឈ្មោះ ជា សុខលី អាយុ២៥ឆ្នាំ មុខរបរបើកបររថយន្តឲ្យចិន ទីលំនៅឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
៧. ឈ្មោះ មុន វិចិត្រចិន្ដា ហៅចិន្ដា អាយុ២៩ឆ្នាំ មុខរបរបើកបររថយន្តឲ្យចិន ទីលំនៅស្នាក់នៅបុរីហ្គ្រេនភ្នំពេញ សង្កាត់ខ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
និង៨. ឈ្មោះ ឡែម លាភ អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកលក់ដីឡូតិ៍ ទីលំនៅផ្ទះលេខបេ៥៦២៧ ផ្លូវលេខ៦ បុរីឈូកមាស ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ដោយមានការដឹកនាំបញ្ជារដោយ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៣ និង២០នាទីទៀបភ្លឺ មានករណី ចាប់បង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់ចំនួន ៥២,០០០ដុល្លារអាមេរិក លើបុរសជនជាតិចិន ស្ថិតនៅចំណុចផ្លូវ៣៥២ ភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ LONG JUN ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន សញ្ជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅបច្ចុប្បន្នខុនដូរ Le Condo បន្ទប់១០០១ ជានទី១០ ផ្លូវ៥៧កែង៣៥២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមរយៈការស្រាវជ្រាវតាមជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការណ៍ជាមួយអធិការដ្ឋាននគរបាលទាំង១៤ខណ្ឌ និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល, ខេត្តតាកែវ, ខេត្តកំពត, សៀមរាប និងខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវហើយឈានទៅឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន ៨នាក់ខាងលើ ។
នៅក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញដកហូតបាន ៖ រថយន្តម៉ាកព្រូស ពណ៌ស ពាក់ផ្លាកលេខកំពត 2B-8818 និងរថយន្តម៉ាកព្រូស ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2BQ-8101, កាំភ្លើង៤ដើម, ទូរសព្ទ ចំនួន៦គ្រឿង គ្រាប់ចំនួន៣៨គ្រាប់ ខ្នោះដៃចំនួន៧ សម្លៀកបំពាក់កងរាជអាវុធហត្ថ ចំនួន៤កំប្លេ កាតកងរាជអាវុធហត្ថចំនួន២សម្លឹក (COPY) កាបូបស្ពាយចំនួន១ ។
បច្ចុប្បន្នជនសង្ស័យទាំង៨នាក់ខាងលើ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កសាងសំណុំរឿងដើម្បីបន្តនីតិវិធី ៕


ចែករំលែកព័តមាននេះ