ខេត្តស្ទឹងត្រែង ៖ កសិករចំនួន១,៣៦៦គ្រួសារនៅឃុំចំនួន៥ ក្នុងស្រុកសៀមប៉ាង បានចូលរួមជាសមាជិក«ស្រូវត្រយ៉ង» (Ibis Rice Scheme) ក្នុងឆ្នាំ២០២៥ នេះ ដែលជាគម្រោងទ្រទ្រង់ជីវភាពសហគមន៍របស់អង្គការជីវិតសត្វស្លាបអន្តរជាតិ (BirdLife International Cambodia Program
me) ។ ចំនួននេះ បានបង្ហាញពីការកើនឡើងទាំងចំនួនគ្រួសារ និងភូមិឋានដែលចូលរួមដាំដុះស្រូវសរីរាង្គ ដើម្បីការពារសត្វព្រៃជុំវិញដែនជម្រកសត្វព្រៃសៀមប៉ាង ។

ជាមួយគម្រោងនោះ គ្រួសារដែលចូលរួមទាំងអស់បានចុះកិច្ចព្រមព្រៀងអភិរក្សដោយសន្យាមិនបរបាញ់សត្វព្រៃ មិនកាប់ព្រៃឈើ ឬមិនទន្ទ្រានដីខុសច្បាប់ នៅក្នុងដែនជម្រកសត្វព្រៃ ។ គម្រោងនេះ មានបំណងលើកស្ទួយជីវភាពប្រជាជនតាមរយៈការផ្តល់ពូជស្រូវ បច្ចេកទេសដាំដុះស្រូវសរីរាង្គ និងការទទួលទិញផលស្រូវពីកសិករក្នុង តម្លៃខ្ពស់ជាងទីផ្សារ ។

លោកចាន់ ស៊យ មេឃុំសេកុងបានបញ្ជាក់ថា ការចូលរួមរបស់ប្រជាពលរដ្ឋ គឺដោយសារកត្តា២សំខាន់ៗ គឺទី១-រក្សាបានធនធានធម្មជាតិ និងទី២-ស្រូវលក់បានតម្លៃខ្ពស់ជាងស្រូវធម្មតា ។ ឃុំសេកុង មានកសិករចូលរួម៣០២គ្រួសារ ។ តួលេខកើនឡើងក្នុងឆ្នាំ២០២៥ ចំនួនកសិករ១,៣៦៦គ្រួសារនេះ បានកើនឡើងនៅក្នុងឃុំគោលដៅចំនួន៥នៃស្រុកសៀមប៉ាង ដែលរួមមាន៖ ឃុំព្រែកមាស៥៥៦គ្រួសារ, ឃុំថ្មកែវ២៧១គ្រួសារ, ឃុំស្រែសំបូរ២២៦គ្រួសារ, ឃុំសេកុង៣០២គ្រួសារ និងឃុំសន្តិភាព១១គ្រួសារ សរុប ១,៣៦៦គ្រួសារ ។

លោកសុង ធារ៉ែន មន្ត្រីអង្គការបានបញ្ជាក់ថា តម្លៃស្រូវត្រយ៉ងនៅតែស្ថេរ និងមានតែកើនឡើងប៉ុណ្ណោះ ។ បច្ចុប្បន្ន កសិករកំពុងមមារញឹកក្នុងការច្រូតកាត់ប្រមូលផលស្រូវនៅចុងខែវិច្ឆិកា ឈានចូលដើមខែធ្នូ ឆ្នាំ២០២៥ នេះ ដើម្បីលក់ជូនអង្គការ ។

របាយការណ៍កាលពីឆ្នាំ២០២៤ បានបង្ហាញពីភាពជោគជ័យនៃការលក់ស្រូវតាមរយៈកិច្ចសហការជាមួយក្រុមហ៊ុនរ៉ាយហ្ស៊ីងហ្វីនិក និងក្រុមហ៊ុនអាយប៊ិសរ៉ាយ ប្រភេទស្រូវផ្ការំដួល ,៧៥០-១,៨៥០រៀល. ស្រូវរំដួលក្រហម១,៨៥០-១,៩៥០រៀល ស្រូវពូជក្នុងស្រុក ១,៤០០-១,៤៥០រៀល ប្រាក់លើកទឹកចិត្ត១០០រៀល ក្នុង១គីឡូក្រាម ។ ផលសរុបលក់បានឆ្នាំ២០២៤៖ ២,០១៩តោន ចំណូលសរុប៖៣,៥៣២,៩៥០,០០០ រៀល ឬស្មើនឹង៨៨៩,៣២៩ដុល្លារ ។

លោក សឹង សៀ កសិករធ្វើស្រូវត្រយ៉ងនៅភូមិផាបាំង ឃុំថ្មកែវ បានលើកឡើងថា លោកអនុវត្តតាមគោលការណ៍របស់អង្គការ ព្រោះវាល្អសម្រាប់សុខភាព ហើយលក់បានថ្លៃថែមទៀតផង ៕









ចែករំលែកព័តមាននេះ