រាជធានីភ្នំពេញ ៖ អាជីវករលក់អាវរងាកាក់កប ខណៈអាកាសធាតុចាប់ផ្តើមត្រជាក់ ដែលផ្នែកខ្លះចុះរហូតដល់ ១៦ អង្សាសេ ។ អាជីវករភាគច្រើនរីករាយសប្បាយចិត្ត ដែលកំពុងកាក់កបជាមួយមុខរបរលក់អាវរងា ខណៈអាកាសធាតុចាប់ផ្តើមត្រជាក់ ដោយផ្នែកខ្លះចុះត្រជាក់រហូតដល់ ១៦អង្សាសេ នៅឆ្នាំ ២០២៥ នេះ ។ យោងតាមក្រុមអាជីវករលក់អាវរងាជជុះ និងអាវរងារថ្មី នៅផ្សារច្រាំងចំរេះ និងផ្សារគីឡូម៉ែត្រលេខ ៨ ក្នុងខណ្ឌឫស្សីកែវ បានប្រាប់ឱ្យដឹងស្រដៀងៗគ្នាថា សម្រាប់ឆ្នាំនេះក៏ដូចជាពេលកន្លងមក ការលក់ដូរសម្លៀកបំពាក់ក្នុងរដូវរងាកាក់កបគួរសម ។

ក្រុមអាជីវករ បានបញ្ជាក់ប្រាប់ថា អាវរងាជជុះ មានតម្លៃចាប់ពី ១ពាន់រៀល រហូតដល់ ១ម៉ឺនរៀលសម្រាប់កូនក្មេង និងមនុស្សធំ ។ ចំណែកអាវរងាថ្មី មានតម្លៃចាប់ពី ១ម៉ឺនរៀលឡើងទៅ ។ រីឯអ្នកទិញសម្លៀកបំពាក់រងាមួយរូប បាននិយាយប្រាប់ថា អ្នកស្រីតែងតែទិញអាវរងាជារៀងរាល់ឆ្នាំ ដើម្បីផ្លាស់ប្តូរម៉ូដថ្មីៗ ខណៈសម្លៀកបំពាក់ចាស់ៗកន្លងមកក៏នៅបន្តប្រើប្រាស់ដែរ ។ ចំពោះតម្លៃអាវរងាវិញ អ្នកស្រីបាននិយាយបញ្ជាក់ថា អាចទទួលយកបានក្នុងការទិញយកទៅស្លៀកពាក់ ដើម្បីជួយបំបាត់ភាពត្រជាក់ និងផ្ដល់ភាពកក់ក្ដៅ ។

សូមជម្រាបជូនថា យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ មកនេះបានឱ្យដឹងថា កម្ពុជាទទួលរងនូវរបបខ្យល់មូសុងឦសានបណ្ដាលឱ្យមានឱ្យធាតុអាកាសត្រជាក់ ខណៈនៅផ្នែកខ្លះចុះត្រជាក់ដល់ ១៦អង្សាសេចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥ ។ ទន្ទឹមនឹងនេះដែរ ក្រសួងធនធានទឹក ក៏បានណែនាំឱ្យមានការប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាសចុះត្រជាក់នេះ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានជាយថាហេតុ ៕





ចែករំលែកព័តមាននេះ