ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ប្រឈម​សំខាន់​ៗ​មួយ​ចំនួនត្រូវ​បាន​ប្រជា​ពលរដ្ឋ​លើក​ឡើង​ក្នុង​វេទិកាសាធារណៈ​ថ្នាក់​ជាតិ​ក្នុងស្រុក​អូរ​រាំង

2 ម៉ោង មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី​ ៖ បញ្ហា​ប្រឈម​សំខាន់​ៗ​មួយ​ចំនួន ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ពូ​ឡេះ ខេត្តមណ្ឌលគិរី លើក​ឡើងជា​សំណូមពរ ដើម្បី​ឱ្យ​ក្រុមការងារ​ថ្នាក់​ជាតិ និង​អាជ្ញាធរ​មូលដ្ឋាន ជួយ​ដោះស្រាយ​ជូន​ពួក​គាត់ ក្នុង​វេទិការ​សាធារណៈ…

ខេត្តមណ្ឌលគិរី​ ៖ បញ្ហា​ប្រឈម​សំខាន់​ៗ​មួយ​ចំនួន ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ពូ​ឡេះ ខេត្តមណ្ឌលគិរី លើក​ឡើងជា​សំណូមពរ ដើម្បី​ឱ្យ​ក្រុមការងារ​ថ្នាក់​ជាតិ និង​អាជ្ញាធរ​មូលដ្ឋាន ជួយ​ដោះស្រាយ​ជូន​ពួក​គាត់ ក្នុង​វេទិការ​សាធារណៈ ដើម្បី​ឆ្លុះ​បញ្ចាំង​លើ​ការ​គាំ​ទ្រ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​ សម្រាប់​នីតិកាល​ទី​៧​នៃ​រដ្ឋសភា ដែល​ប្រព្រឹត្ត​ទៅ នៅ​ក្នុង​បរិវេណ​វត្ត​ធម្ម​គិរី​ជ្រៃ​មាស ហៅ​វត្ត​ដាក់​ដាំ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី នា​ព្រឹក​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៥ ​។

ឯកឧត្តម ជា ជុន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​អូរ​រាំង​បានឱ្យ​ដឹង​ថា ការ​រៀបចំ​វេទិការ​នេះ​ឡើង ក្នុង​គោលបំណង ដើម្បី​ផ្សព្វផ្សាយ​គាំទ្រ​ការ​អនុវត្ត​គោលនយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល ក្នុង​ការ​តាមដាន​ត្រួតពិនិត្យ​ការ​អនុវត្ត​របស់​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ ស្វែង​យល់​ពី​ការ​លំបាក បញ្ហា​ប្រឈម តម្រូវការ និង​សំណូមពរ​នានា​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ដើម្បី​រួម​គ្នា​សិក្សា​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ទាន់​ពេលវេលា និង​រាយការណ៍​ជូន​រាជរដ្ឋាភិបាល ក្នុង​ការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​មូលដ្ឋាន​ឱ្យ​បាន​សម​ស្រប​តាម​តម្រូវការ​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ​។

ឯកឧត្តម​ក៏​បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​បញ្ហា​គ្រឿងញៀន និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ និង​បន្ត​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​អំពី​ការ​គោរព​ច្បាប់​ចរាចរ​ផ្លូវគោក បញ្ហា​អនាម័យ​បរិស្ថាន និង​ការ​ទុកដាក់​សំរាម​នានា​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ស្រុក និង​ខេត្ត​របស់​យើង មាន​សណ្តាប់ធ្នាប់ និង​មាន​សោភ័ណ​ភាពល្អ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​លេង​កម្សាន្ត​កាន់តែ​ច្រើន​ថែម​ទៀត​។

សូម​បញ្ជាក់​ថា ក្នុង​វេទិកាសាធារណៈ​ថ្នាក់​ជាតិ​នា​ពេល​នេះ ប្រជាពលរដ្ឋ បាន​លើក​ឡើងជា​សំណូមពរ និង​បញ្ហា​ប្រឈម​ជា​ច្រើន ដូច​ជា បញ្ហា​ដីធ្លី ស្នើ​​សុំ​ផ្លូវ មន្ទីរពេទ្យ សាលារៀន និង​ស្នើ​សុំ រទេះ​ជន​ពិការ សម្រាប់​កុមារ​អាយុ​១០​ឆ្នាំ​ ។

ទាក់ទង​នឹង​បញ្ហា​ខាងលើ​នេះ ត្រូវ​បាន​មន្ត្រី​ជំនាញ​នីមួយ​ៗ បាន​ធ្វើការ​កត់ត្រា​ទុក និង​បាន​ស្រាយ​បំភ្លឺ​ជូន ហើយ​បញ្ហា​មួយ​ចំនួន​ទៀត ត្រូវ​បាន​ធ្វើ​របាយការណ៍​ដាក់​ជូន​ថ្នាក់ដឹកនាំ​ខេត្ត ក៏​ដូច​ជា​ក្រសួង​ស្ថាប័ន ដើម្បី​ពិនិត្យ និង​ដោះស្រាយ​ជូន​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ